មេធាវី​លោក អ៊ុំ សំអាន ថា​ការ​សម្រេច​របស់​តុលាការ​កំពូល​ជា​ការ​សម្រេច​ដ៏​អយុត្តិធម៌

ដោយ ហេង សកល
2018-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូប​កណ្ដាល) ពេល​នាំ​ខ្លួន​មក​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូប​កណ្ដាល) ពេល​នាំ​ខ្លួន​មក​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

មេធាវី​ការពារ​ក្តី​ឱ្យ​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ថា​ជា​សេចក្ដី​សម្រេច​មួយ​ដែល​អយុត្តិធម៌​បំផុត​ចំពោះ​កូន​ក្តី​លោក។

លោក ជូង ជូងី បាន​ឱ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នេះ​ថា តុលាការ​កំពូល បាន​សម្រេច​សេចក្ដី​មិន​ឈរ​លើ​គោលការណ៍​ច្បាប់​ឡើយ។ តុលាការ​កំពូល បាន​ចេញ​សេចក្ដី​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ដោយ​សម្រេច​ផ្ដន្ទាទោស​លោក អ៊ុំ សំអាន ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ប្រាំ​មួយ​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​តាម​មាត្រា ៤៩៥ និង ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ។

លោក ជូង ជូងី ថា លោក និង​កូនក្ដី​លោក​មិន​អាច​ទទួល​យក​សេចក្ដី​សម្រេច​នេះ​បាន​ឡើយ ដោយ​ហេតុ​ថា​ កូនក្ដី​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នេះ​ទេ។ លោក ជូង ជូងី បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​សវនាការ​ចុង​ក្រោយ​នេះ លោក អ៊ុំ សំអាន បាន​ថ្លែងការណ៍​ការពារ​ខ្លួន​ចំពោះ​មុខ​អង្គចៅក្រម ដោយ​លើក​មូល​ហេតុ​ថា ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ និង​ក៏​មិន​មែន​ជា​បទល្មើស​ជាក់ស្ដែង​អ្វី​ឡើយ។ លោក​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់ ការ​ឃុំ​ខ្លួន​លោក ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។ លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ផង​ដែរ។

​លោក ជូង ជូងី អះអាង​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្ដី​លោក​ដើម្បី​ប្ដឹង​សើរើ​ក្នុង​សំណុំ​រឿង​នេះ ដើម្បី​ឱ្យ​តុលាការ​កំពូល យក​សំណុំរឿង​នេះ​មក​សម្រេច​សេចក្ដី​ឡើង​វិញ។ អ្នក​ច្បាប់ និង​អង្គ​សង្គម​ស៊ីវិល​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ថា​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។ ពួកគេ​ទាមទារ​ឱ្យ​ដោះលែង​លោក អ៊ុំ សំអាន ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Our People know they're (4 KRG branches) all KbotCheat including Sdaach Uoch Norodom Ranarith who supported the Supplemental Treaty signed by the Moha KbotCheat CPP founded by Ho Chi Minh..Join the CNRM to liberated our Country.

Feb 09, 2018 10:53 AM

គេហទំព័រ​ទាំងមូល