មេដឹកនាំ​សហជីព​ប្ដឹង​ឧទ្ធរណ៍​​ប្រឆាំង​នឹង​សាលក្រម​របស់​សាលាដំបូង​របប​ក្រុងភ្នំពេញ

ដោយ ហេង រស្មី
2018.12.11
លោក រ៉ុង ឈុន ៦២២ លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

ភ្លាមៗ​ក្រោយពី​ការប្រកាស​សាលក្រម​របស់​សាលាដំបូង​ក្រុងភ្នំពេញ មេដឹកនាំ​សហជីព​បាន​សម្រេច​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ទាមទារ​រក​យុត្តិធម៌ ជុំវិញ​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ សំណុំរឿង​បាតុកម្ម និង​មានការ​បង្ក្រាប ដោយ​អំពើ​ហិង្សា​មួយ ដែល​បាន​កើតមានឡើង​ក្រោយពី​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣។

មេដឹកនាំ​សហជីព​ចំនួន ២​នាក់​ក្នុងចំណោម ៦​នាក់​បាន​ប្រកាស​ភ្លាមៗ ថា​នឹង​ប្ដឹង​ទាស់​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ប្រឆាំង​ជំទាស់​នឹង​សាលក្រម​កំបាំងមុខ​របស់​សាលាដំបូង​របស់​របប​ក្រុងភ្នំពេញ។

កាលពី​ថ្ងៃ​អង្គារ ទី​១១ ធ្នូ តុលាការ​ក្រុង​ភ្នំពេញ​របស់​របប​លោក ហ៊ុន សែន បាន​ប្រកាស​សាលក្រម​កំបាំងមុខ​ដោយ​មិន​មាន​វត្តមាន​មេដឹកនាំ​សហជីព​ទាំង ៦​រូប។

តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​កាត់ទោស​មេដឹកនាំ​សហជីព​ទាំង ៦​នាក់​អោយ​ជាប់ពន្ធនាគារ​ម្នាក់ៗ​រយៈពេល ២​ឆ្នាំ ៦​ខែ ក៏​ប៉ុន្តែ​ទោស​ទាំងនេះ​ត្រូវ​ព្យួរ និង​ពិន័យ​ជា​ប្រាក់​រួមគ្នា​សរុប ៣៥​លាន​រៀល​គឺ​ប្រមាណ​ជិត ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​លីកាដូ (Licadho) អះអាង​ថា តុលាការ​បាន​កែប្រែ​បទ​ចោទ​ពី​មាត្រា​ទី​៧៨ (ដែល​ចែង​ពី​ការប្រើប្រាស់​មធ្យោបាយ​ណាមួយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ) មក​បទ​ផ្សំគំនិត​តាម​មាត្រា​ទី​២៨​វិញ តាមច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​វិញ ក៏ប៉ុន្តែ​នៅ​រក្សា​បទចោទប្រកាន់​តាម​មាត្រា ២១៨ ៤១១ និង​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ចែង​អំពី​ផ្ដើម​គំនិត​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

ក្រុម​មេដឹកនាំ​សហជីព​ទាំង​៦​រូប​ដែល​តុលាការ​របប​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​រួមមាន៖ ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុន្នី ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​លោក ប៉ាវ ស៊ីណា និង​ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ លោកស្រី ម៉ម ញឹម។

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន បាន​ច្រានចោល​ទៅ​នឹង​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ដោយ​លោក​ចាត់ទុកថា ជា​រឿង​អយុត្តិធម៌៖ «វា​ជា​រឿង​មួយ​ដែល​មិន​នឹកស្មាន​ថា វា​សម្រេច​បែបនេះ ពីព្រោះ​យើង​ដឹង​ហើយ​ថា មេ​សហជីព​គ្រាន់តែ​បម្រើ​ការងារ​ធ្វើ​កិច្ចការ​សង្គម​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​ដោយ​មិន​មាន​កម្រៃ»

កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ មាន​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ជាច្រើន​នាក់​នៅ​ម្ដុំ​សួន​កាណាឌីយ៉ា បាន​ដឹកនាំ​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​ប្រាក់​បៀវត្ស និង​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​សមរម្យ។

ការ​ធ្វើ​បាតុកម្ម​នេះ​បាន​រង​ការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​របប​ក្រុងភ្នំពេញ។ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា យ៉ាងតិច​មាន​កម្មករ​ចំនួន ៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បាញ់សម្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​បាន​រង​របួស។

បន្ទាប់ពី​ហេតុការណ៍​នេះ មាន​មេដឹកនាំ​សហជីព​យ៉ាងតិច ៦​នាក់​បាន​ជាប់ចោទ​នៅ​ក្នុង​សំណុំ​រឿង​នេះ ដែល​បង្ក​ឲ្យ​មេដឹកនាំ​សហជីព​ខ្លះ​បាន​ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន បាន​បញ្ជាក់​ថា ការសម្រេច​សាលក្រម​របស់​តុលាការ​នេះ​ហាក់​ដូច​ជា​រាំង​ខ្ទប់​ពួកគេ​មិន​អោយ​បន្ត​សកម្មភាព​ឃ្លាំមើល និង​ការពារ​សិទ្ធិ​របស់​ក្រុម​កម្មករ៖ «ជួប​អ៊ីចឹង​យើង​មានការ​ខកចិត្ត​មែនទែន ពី​ពេលមុន​យើង​ត្រឹមតែ​ពី​មានការ​ត្រួតពិនិត្យ​របស់​តុលាការ តែ​ឥឡូវនេះ​យើង​អាច​ប្រឈម​ដែល​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ»

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​របស់​របប​ហ៊ុន សែន លោក លី សុផាណា បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​មាន​អ្នកទទួល។

ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​សាលក្រម​នេះ។ លោក​បញ្ជាក់​ថា មេដឹកនាំ​សហជីព​ទាំង​៦​រូប​មិន​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។