មេធាវី​អន្តរជាតិ​សង្ឃឹម​តុលាការ​ស៊ើប​អង្កេត​បឋម​លើ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន

ដោយ យន់ សាមៀន
2014.12.23
ជម្លោះ​ដី ឡពាង ៦១០ សកម្មភាព​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​ភូមិ​អូររូង នៃ​ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទៅ​លើ​អ្នក​ភូមិ​ឡពាង កាល​ពី​ថ្ងៃ​ទី​១២ សីហា ២០១៤។
RFA/Chin Chetha

ក្រុម​មេធាវី​អន្តរជាតិ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សំដែង​ក្តី​សង្ឃឹម​ថា ការ​គាំទ្រ​ឲ្យ​ស៊ើប​អង្កេត​ក្រុម​អ្នក​មាន​អំណាច​រដ្ឋាភិបាល លោក ហ៊ុន សែន អាច​ជំរុញ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ជា​បឋម​លើ​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ក្តី​សង្ឃឹម​នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ​អន្តរជាតិ​ប្រមាណ ៤០ បាន​សរសេរ​លិខិត​ផ្លូវការ​គាំទ្រ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការ​ស៊ើប​អង្កេត​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង។

មេធាវី​អន្តរជាតិ​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) និង​អាមេរិក លោក មូរតុន ក្លា (Morton Sklar) ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​អ្នក​មាន​អំណាច និង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​សង្ឃឹម​ថា ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ អាច​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​បណ្ដឹង​របស់​ក្រុម​មេធាវី​អន្តរជាតិ។

លិខិត​ចុះ​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ដោយ​អង្គការ​ចំនួន ៤០​ផ្ញើ​ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បញ្ជាក់​ថា អង្គការ​អន្តរជាតិ​គាំទ្រ​ពាក្យ​បណ្ដឹង​របស់​ក្រុម​មេធាវី​អន្តរជាតិ (Global Diligence) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ដែល​បាន​ស្នើ​ឲ្យ​តុលាការ​កាត់​ទោស​មន្ត្រី​មាន​អំណាច​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​ក្នុង​យុទ្ធនាការ​យក​ដី​ពលរដ្ឋ។ លិខិត​បន្ត​ថា អង្គការ​អន្តរជាតិ​គាំទ្រ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ជាបឋម​ដើម្បី​ឈាន​ទៅ​ដល់​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ។

​មេធាវី​អាមេរិក លោក មូរតុន ក្លា ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ស្រដៀង​ទៅ​នឹង​លោក រីឆាត រ៉ូជើរ ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា និង​មនុស្ស​មួយ​អំណាច​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នោះ​បញ្ជាក់​ថា ទោះ​បី​បើ​ការ​បង្ខំ​បណ្ដេញ​ចេញ​មិន​មែន​ជា​បទឧក្រិដ្ឋ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​យក​ពិនិត្យ​ក៏ដោយ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​វិធានការ​ឃោរឃៅ​មួយ​ចំនួន​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី​ដែល​តវ៉ា។ វិធានការ​ទាំង​នោះ​រួម​មាន​ការ​ចាប់​ឃុំឃាំង​យ៉ាង​អនាធិបតេយ្យ​ក្នុង​ពន្ធនាគារ​រយៈពេល​យូរ ហើយ​ពេល​ខ្លះ​ធ្វើ​ឃាត​លើ​សកម្មជន​ដីធ្លី​ទាំង​នោះ​ថែម​ទៀត។ បទល្មើស​ទាំង​នោះ គឺ​ស្មើ​ទៅ​នឹង​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក​បន្ត​ថា ញាតិ​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​សារ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត៖ «ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល​មាន​សារសំខាន់ បង្ហាញ​ថា អង្គការ​អន្តរជាតិ​ទទួល​ស្គាល់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ចំណុច​មួយ​ដែល​តុលាការ​អាច​ទទួល​ករណី​មួយ​មក​ស៊ើប​អង្កេត​នោះ គឺ​ទម្ងន់​នៃ​ស្ថានភាព​របស់​ករណី​នោះ​ថា តើ​វា​សារសំខាន់​ដើម្បី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទទួល​យក​ករណី​នោះ​មក​ចាត់ការ ហើយ​ការ​ពិត​នៅ​ពេល​មាន​អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ពិភពលោក​សំដែង​ការ​គាំទ្រ​នោះ​បង្ហាញ​ថា វា​ជា​ការ​ចាំបាច់​ដែល​តុលាការ​ត្រូវ​ចាត់​វិធានការ»

លោក​បន្ត​ទៀត​ថា ភស្តុតាង​ថ្មី​បន្ថែម​ទៀត​នោះ មាន​ដូចជា​ការ​ចាប់​ស្ត្រី​តំបន់​បឹងកក់ ចំនួន ១០​នាក់ ដាក់​ពន្ធនាគារ ក៏​អាច​ជំរុញ​ឲ្យ​តុលា​ការ​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​ដែរ៖ «នេះ​ជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​ នៃ​ទម្រង់ការ​គាប​សង្កត់​ជា​ប្រព័ន្ធ ដែល​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឆាំង​នឹង​អ្នក​ជំទាស់​នឹង​របប​លោក។ អ្វី​ដែល​យើង​ជឿជាក់​ថា ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​លក្ខណៈ​ឃោរឃៅ​ជា​ប្រព័ន្ធ​នោះ ដែល​អាច​ជា​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នោះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើប្រាស់​តុលាការ​ដើម្បី​គាប​សង្កត់​អ្នក​ប្រឆាំង​ទាំង​នោះ»

លោក​បន្ត​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អាច​ទទួល​យក​ក្តី​មក​កាត់​ទោស​នៅ​ពេល​ណា​តុលាការ​នៅ​ប្រទេស​សាមី​នោះ​មិន​មាន​លទ្ធភាព ឬ​មិន​ចង់​កាត់​ក្តី។ ចំណុច​នេះ​ក៏​ជា​កត្តា​មួយ​ទៀត​ជំរុញ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​បើក​ការ​ស៊ើប​អង្កេត​ករណី​បណ្ដឹង​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ពីព្រោះ​តុលាការ​កម្ពុជា គ្មាន​ឯករាជ្យ និង​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល។

​មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើរ កាល​ពី​ខែ​តុលា បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​តុលាការ​ចោទ​ប្រកាន់​មន្ត្រី​មាន​អំណាច​នៅ​កម្ពុជា ប្រព្រឹត្ត​បទល្មើស​ទូលំទូលាយ និង​ជា​ប្រព័ន្ធ ធ្វើ​យុទ្ធនាការ​រំលោភ​យក​ដី​ធ្លី​ដែល​មាន​ទម្ងន់​ជា​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

បណ្ដឹង​នោះ​បញ្ជាក់​ថា ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ប្រមាណ ៧.៧​សែន​នាក់ ប៉ះពាល់​ដោយសារតែ​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង​និង​ការ​ទន្ទ្រាន​យក​ដី។

​ញត្តិ​របស់​អង្គការ​ទាំង ៤០ បន្ត​ទៀត​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការ​ស៊ើបអង្កេត​នោះ វា​នឹង​ជំរុញ​ឲ្យ​ផល​វិជ្ជមាន​ជាច្រើន​មិន​ត្រឹមតែ​ក្នុង​​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទូទាំង​ពិភពលោក។ ការ​បើក​ការ​ស៊ើប​អង្កេត​នេះ មាន​សារសំខាន់​មួយ​បង្ហាញ​ថា ប្រសិនបើ​មាន​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នោះ វា​នឹង​ក្លាយ​ជា​ក្តី​មួយ​ដែល​មាន​ទម្ងន់​អាច​ឲ្យ​តុលាការ​អន្តរជាតិ​កាត់​ទោស​បាន។ អង្គការ​ទាំង​នោះ​បន្ថែម​ទៀត​ថា តុលាការ​អន្តរជាតិ​អាច​ជួយ​ដល់​យុត្តិធម៌​ទៅ​ដល់​អ្នក​រងគ្រោះ​ដែល​មិន​អាច​ទទួល​យុត្តិធម៌​ពី​តុលាការ​ក្នុង​ស្រុក​បាន។

មេធាវី​អន្តរជាតិ​ជនជាតិ​អង់គ្លេស រីឆាដ រ៉ូជើរ កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ បញ្ជាក់​ថា លោក​មិន​បាន​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចុះហត្ថលេខា​លើ​ញត្តិ​គាំទ្រ​ឲ្យ​មាន​ការ​បើក​ការ​ស៊ើប​អង្កេត​នោះ ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អង្គការ​ទាំង​នោះ។

​លិខិត​ដោយ​ឡែក​មួយ​របស់​លោក រីឆាត រ៉ូជើរ ទៅ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អ្នកស្រី ហ្វាទូ ប៉ែនស៊ូដា (Fatou Bensouda) ដោយ​មាន​ចុះហត្ថលេខា​ដោយ​អង្គការ​ឃ្លាំមើល​អន្តរជាតិ គ្លបល វីនេស (Global Witness) និង​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា ហ្វីដ (FIDH)  បញ្ជាក់​ថា អង្គការ​ធំៗ​ទាំង​ពីរ​នេះ ជា​អ្នក​ស្វែង​រក​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ ដើម្បី​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​មិន​ចាត់ការ​លើ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ឡើយ៖ «កន្លង​មក​រដ្ឋាភិបាល​បាន​ខិតខំ​គ្រប់​រូបភាព​ដោះស្រាយ​បញ្ហា​ដីធ្លី យើង​មាន​គណៈកម្មការ​ថ្នាក់​ជាតិ និង​មូលដ្ឋាន មាន​ក្រុម​ការងារ​ស្ម័គ្រចិត្ត​។ អ្នក​ទាំង​អស់​គ្នា​មើល​ឃើញ​ហើយ​ថា ការងារ​កន្លង​ទៅ រដ្ឋាភិបាល​បាន​ដោះស្រាយ​យ៉ាង​ម្ដេច​ខ្លះ​នោះ។ ដូច​ខ្ញុំ​បាន​បញ្ជាក់​ថា ក្រុម​ជំទាស់​មួយ​ចំនួន​ដែល​គេ​បាន​លើក​ឡើង​នូវ​ពាក្យ​បណ្ដឹង​ផ្សេងៗ នោះ​គ្រាន់​ជា​ការ​ទូង​ស្គរ​កុំ​ឲ្យ​គេ​ថា​អត់​ការងារ​ធ្វើ»

​ទោះបីជា​យ៉ាង​ក៏​ដោយ លោក មូរតុន ក្លា បញ្ជាក់​ថា ជម្រើស​តែមួយ​ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់​ទោស​នោះ គឺ​ត្រូវ​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​ឈប់​ប្រើប្រាស់​តុលាការ​គាប​សង្កត់​អ្នក​មាន​ជម្លោះ​ដីធ្លី។

​បច្ចុប្បន្ន​នេះ មាន​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំនួន​បី​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ តុលាការ​កាល​ពី​ពេល​ថ្មីៗ​បាន​បដិសេធ​មិន​ទាន់​បើក​ការ​ស៊ើប​អង្កេត​លើ​បណ្ដឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។