តុលាការព្រហ្មទណ្ឌអន្តរជាតិចាត់ទុកករណីរំលោភដីធ្លីជាចំណុចអាទិភាព
2016.09.16
![សន្តិសុខបង្ក្រាបអ្នកបុរីកីឡា ៦១០ សន្តិសុខបង្ក្រាបអ្នកបុរីកីឡា ៦១០](https://www.rfa.org/khmer/news/human-rights/human-rights-watch-condemned-the-crackdown-on-Boreikeila-02152014002729.html/6.jpg/@@images/9514de6b-3c5d-4f58-9a78-9ae87c2e57c6.jpeg)
អយ្យការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ប្រកាសថា តុលាការនេះនឹងសម្រាំងរឿងក្ដីសំខាន់ៗមួយចំនួនដែលត្រូវចាត់ការស៊ើបអង្កេតឲ្យបានឆាប់ និងមុនគេ រួមមានករណីរឹបអូសដីធ្លី និងការបណ្ដេញប្រជាពលរដ្ឋដោយខុសច្បាប់ពីសំណាក់អ្នកមានអំណាច។
តំណាងក្រុមមេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) លោកមេធាវី រីឆាត រ៉ូជើរ (Richard Rogers) ដែលតំណាងជនរងគ្រោះដីធ្លីប្រឆាំងនឹងរដ្ឋាភិបាល និងមន្ត្រីកាន់អំណាចនៅកម្ពុជា សាទរនឹងសេចក្ដីប្រកាសនេះ ដោយចាត់ទុកថា ជនដែលធ្វើបាបរាស្ត្រនឹងត្រូវនាំមកកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅពេលខាងមុខនេះ។
លោកមេធាវី រីឆាត រ៉ូជើរ៖ «អ្វីដែលមានចែងក្នុងគោលនយោបាយថ្មីរបស់អយ្យការតុលាការព្រហ្មទណ្ឌអន្តរជាតិបែបនេះ គឺសបញ្ជាក់ឲ្យឃើញថា សហគមន៍អន្តរជាតិមានកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឃោរឃៅដែលប្រព្រឹត្តមកលើប្រជាពលរដ្ឋទូទៅ និងបញ្ឈប់ភាពតិរច្ឆាននៃរបបដែលដឹកនាំដោយក្រុមអ្នកកាន់អំណាចដែលបន្តធ្វើបាបប្រជារាស្ត្រជាបន្តបន្ទាប់រាប់ខែឆ្នាំ និងបន្តរួចខ្លួនពីសំណាញ់ច្បាប់ជារៀងដរាបមក។ ដោយសារតែការយកពាក្យ “អភិវឌ្ឍ” មកបិទបាំងនេះហើយ ទើបបង្កឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាយ៉ាងខ្លាំង ដែលនេះមិនខុសអ្វីពីអំពើព្រៃផ្សៃដែលកើតមានក្នុងពេលមានសង្គ្រាមនោះទេ។ ការបណ្ដេញប្រជាពលរដ្ឋចេញពីដីធ្លី និងលំនៅឋានដោយបង្ខំ គឺជាការបំផ្លាញសហគមន៍សុខសាន្តមួយ ដែលអាចបង្កឲ្យមានអស្ថិរភាពសង្គម ឬអាចបង្កើតទៅជាភ្នក់ភ្លើងសង្គ្រាមទៀតផង។ សាររបស់រដ្ឋអាជ្ញាអមតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅពេលនេះ មានភាពច្បាស់លាស់ គឺគាត់ចង់រម្លឹកថា អំពើល្មើសបែបនេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងមិនអាចអត់ឱនតទៅទៀតបានឡើយ»។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថាការចេញផ្សាយរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ មិនមានពាក់ព័ន្ធនឹងបូរណភាពទឹកដីប្រទេសកម្ពុជា ឬលទ្ធិប្រជាធិបតេយ្យនៃប្រទេសនេះទេ។ មន្ត្រីនាំពាក្យរូបនេះក៏បានច្រានចោលការលើកឡើងរបស់លោកមេធាវី រីឆាត រ៉ូជើរ ដោយថា លោកមិនចាប់អារម្មណ៍ ឬអោយតម្លៃទៅលើការលើកឡើងនេះទេ៖ «អានេះគ្រាន់តែជាយុទ្ធនាដើម្បីបង្អើល ហើយអោយគេចាប់អារម្មណ៍ និងធ្វើពាណិជ្ជកម្មអោយខ្លួនគាត់ល្បីប៉ុណ្ណោះ»។
លោកមេធាវីអន្តរជាតិ រីឆាត រ៉ូជើរ ដែលធ្លាប់ធ្វើជាប្រធានផ្នែកគាំពារការការពារក្ដីនៅសាលាក្ដីខ្មែរក្រហម និងធ្លាប់ធ្វើជាប្រធានផ្នែកជំនួយផ្នែកច្បាប់នៃអង្គជំនុំជម្រះសាលាឧទ្ធរណ៍អមតុលាការព្រហ្មទណ្ឌអន្តរជាតិរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសយូហ្គោស្លាវី (ICTY) អះអាងថា បទល្មើសដែលមានលក្ខណៈជាប្រព័ន្ធ និងទ្រង់ទ្រាយធំបែបនេះមានធាតុផ្សំជាបទល្មើសកម្រិតអន្តរជាតិ៖ «ទោះបីតុលាការ ICC គ្មានយុត្តាធិការលើបទល្មើសថ្នាក់ជាតិក៏ពិតមែន ប៉ុន្តែតុលាការនេះមានសមត្ថកិច្ចជំនុំជម្រះបទល្មើសកម្រិតអន្តរជាតិ។ ក្នុងបណ្ដឹងរបស់យើង គឺយើងប្ដឹងចោទប្រកាន់មេដឹកនាំ និងក្រុមអភិជនបក្សកាន់អំណាចពីបទថា បានប្រព្រឹត្តបទឧក្រិដ្ឋលើប្រជាជនខ្មែរដែលជាពលរដ្ឋស៊ីវិល។ បទឧក្រិដ្ឋទាំងនេះ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះ ជាបទល្មើសកម្រិតអន្តរជាតិ ដែលតុលាការ ICC មានសមត្ថកិច្ចជំនុំជម្រះបាន»។
ពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ កថាខណ្ឌ ៣០ នៃឯកសារគោលនយោបាយថ្មីរបស់អយ្យការតុលាការ ICC ចែងអំពីសមត្ថកិច្ចបំពេញបន្ថែមទៅលើអ្វីដែលជាការមើលរំលង និងភាពខ្វះឆន្ទៈក្នុងការផ្ដន្ទាទោសជនល្មើសរបស់តុលាការជាតិ។
តាមតថភាពជាក់ស្ដែងនៃប្រវត្តិនៃការអនុវត្តនីតិវិធីនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ តុលាការនេះមិនបំពានអធិបតេយ្យភាព ឬក៏មិនមានតួនាទីជាន់គ្នាជាមួយប្រទេសជាសមាជិកត្រង់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនលូកលាន់កាត់ទោសជនណាដែលស្ថាប័នច្បាប់នៃប្រទេសណាមួយចាត់វិធានការស្របតាមគតិយុត្តិហើយនោះទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ការតែរឿងក្តីព្រហ្មទណ្ឌកម្រិតធ្ងន់ណាដែលម្ចាស់ប្រទេសព្រងើយកន្តើយមិនដោះស្រាយ ឬក៏រដ្ឋាភិបាលនៃប្រទេសនោះចាត់ការដោះស្រាយដែរ តែគ្រាន់តែប្រើប្រាស់ប្រព័ន្ធតុលាការដែលនៅក្រោមសម្ពាធរដ្ឋាភិបាលណានោះ ដើម្បីជួយការពារឧក្រិដ្ឋជនមិនអោយទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋដែលជននោះបានប្រព្រឹត្តទៅវិញ។
ដោយផ្អែកទៅលើអាណត្តិត្រង់ចំណុចនេះហើយដែលលោក រីឆាត រ៉ូជើរ៍ មេធាវីអន្តរជាតិ តំណាងឲ្យពលរដ្ឋខ្មែររងគ្រោះដោយការរំលោភដីធ្លី បានដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ (The Hague) ដោយបណ្ដឹងនោះ ស្នើឲ្យបើកការស៊ើបអង្កេតជំហានដំបូងចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការបណ្ដេញពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន៕