មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​នឹង​ចូល​បំភ្លឺ​ជាមួយ​អតីត​សហការី​ករណី​តុលាការ​ចោទ​ប្រកាន់​ពី​ឆ្នាំ​២០១៤

ដោយ វ៉ែន សុមេធ
2019-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។
រូបថត៖ RFA

មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​លោក ប៉ិក សោភ័ណ ថា លោក​នឹង​ចូល​បំភ្លឺ​ជាមួយ​អតីត​សហការី គឺ​លោក លូត សាំង តាម​ដីកាកោះ​ហៅ​ជា​លើក​ទីពីរ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះវិហារ​ដែល​តម្រូវ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ខាង​មុខ​នេះ ពី​បទ​សមគំនិត​ក្នុង​អំពើ​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់​ តាម​មាត្រា ២៩ និង​មាត្រា​២៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

លោក ប៉ិក សោភ័ណ ឱ្យ​ដឹង​ថា មាន​សហគមន៍​ភូមិ​ប្រមេរ​ចំនួន ៧​នាក់​ទៀត​ដែល​ទទួល​បាន​ដីកាកោះ​ហៅ​នេះ​ដែរ និង​ចូល​បំភ្លឺ​មុន​គឺ​នៅ​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ៖ «បាទ​ខ្ញុំ​នឹង​ចូល​បំភ្លឺ​ឱ្យ​អស់​សេចក្ដី​តែម្ដង ខ្ញុំ​គិត​ថា កាល​មុនៗ​ខ្ញុំ​មិន​បាន​ចូល​ដោយសារ​ខ្ញុំ​គិត​ថា មិនមែន​ជា​ឈ្មោះ​ខ្ញុំ លើក​នេះ​ខ្ញុំ​នឹង​ចូល​បំភ្លឺ​បង្ហាញ​ការ​ពិត​តែម្ដង​នៅ​អ្វី​ដែល​យើង​មិន​បាន​ធ្វើ​តាម​ការ​ចោទ»

បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​លោក ប៉ិក សោភ័ណ និង​អតីត​សហការី​ លោក​ លូត សាំង​ ព្រម​ទាំង​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​សរុប​ជាង​១០​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះវិហារ​ចោទ​ប្រកាន់ និង​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ ពី​បទ​សមគំនិត​ក្នុង​អំពើ​ចាប់​ឃុំឃាំង និង​ការ​បង្ខាំង​ដោយ​ខុសច្បាប់​ ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​ នៅ​ក្នុង​ឃុំ​ប្រមេ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​ ។

ឃុំ​ប្រមេរ​បាន​ក្លាយ​ជា​ទីតាំង​ជម្លោះ​ដីធ្លី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​គួយ និង​ក្រុមហ៊ុន​ចិន​ឡានហ្វេង និង​ក្រុមហ៊ុន រួយ ហ្វេង ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ពី​របប​ក្រុងភ្នំពេញ កាល​ពី​ឆ្នាំ​២០១១ ក្នុង​គោល​បំណង​ដាំ​ដើម​កៅស៊ូ​ អាកាស្យា និង​អំពៅ​ដែល​មាន​ទីតាំង​នៅ​លើ​ទឹក​ដី​ដូនតា របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល