មន្ត្រី​សិទ្ធិមនុស្ស​៖ ​ការ​អនុវត្ត​របស់​តុលាការ​ មិន​មាន​ភាពស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ រឿង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ

ដោយ ហេង សកល
2018-04-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត (ឆ្វេង) ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ​វាយ និង​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក ទឹម រដ្ឋា (អាវ​ពណ៌​ផ្កា​ឈូក) បញ្ជា​សន្តិសុខ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត (ឆ្វេង) ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ​វាយ និង​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក ទឹម រដ្ឋា (អាវ​ពណ៌​ផ្កា​ឈូក) បញ្ជា​សន្តិសុខ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​ល្បី​ឈ្មោះ​ខាង​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​លើ​ពលរដ្ឋ​សហគមន៍​ដីធ្លី សកម្មជន​គណបក្ស​នយោបាយ​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស មិន​ត្រូវ​បាន​តុលាការ​ចាត់​ការ​បណ្តឹង​របស់​ក្រុម​ជន​រងគ្រោះ​នោះ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ការ​អនុវត្ត​របស់​តុលាការ​មិន​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ទេ។

ក្រុមជនរងគ្រោះដែលរងការ​វាយដំ​ពី​សំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ស្នើសុំ​ឱ្យ​តុលាការ​ពិចារណា​ឡើង​វិញ និង​បើក​ការ​ស៊ើបអង្កេត ចោទ​ប្រកាន់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​តាម​នីតិវិធី​ច្បាប់។ ជន​រងគ្រោះ​សហគមន៍​ដីធ្លី​បឹង​កក់​ម្នាក់ គឺ​លោកស្រី ផាន់ ឈុនរ៉េត ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា ក្រុម​លោកស្រី បាន​ដាក់​ប្តឹង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ទាំង​នោះ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៣ ប៉ុន្តែ​មិន​ត្រូវ​បាន​តុលាការ​បើក​ការ​ស៊ើប​អង្កេត ចោទ​ប្រកាន់​ក្រុម​សន្តិសុខ​ទាំង​នោះ​ឡើយ។ សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា​កន្លង​ទៅ​នេះ បាន​បដិសេធ​បណ្តឹង​ក្រុម​លោកស្រី ដោយ​សាលា​ឧទ្ធរណ៍​លើក​មូលហេតុ​ថា បណ្តឹង​របស់​លោក​ស្រី​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ជន​សង្ស័យ​ឱ្យ​ច្បាស់លាស់ ហេតុនេះ​សាលា​ឧទ្ធរណ៍​តម្កល់​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។ លោកស្រី​យល់​ថា សេចក្តី​សម្រេច​នេះ ពិត​ជា​អយុត្តិធម៌​ណាស់ ព្រោះ​បណ្តឹង​របស់​លោកស្រី​បាន​បញ្ជូល​ទាំង​រូបថត​ជន​សង្យ័យ​ចូល​ក្នុង​សំណុំរឿង​អស់​ហើយ៖ «បើ​រក្សា​ពាក្យ​បណ្តឹង​ខ្ញុំ​ដូច​សាលា​ដំបូង​ខំ​ហៅ​ខ្ញុំ​មក​ធ្វើ​អ្វី ហើយ​ខំ​បង្កើត​សាលា​ឧទ្ធរណ៍​ធ្វើ​អ្វី មាន​តែ​សាលា​ដំបូង​មួយ​ចឹង​បាន​ហើយ មិន​បាច់​ដល់​ឧទ្ធរណ៍​ទៀត​ទេ ព្រោះ​ហៅ​ខ្ញុំ​មក​អត់​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង អត់​មាន​ចុះ​ស៊ើប​អង្កេត​នៅ​សាលា​ខណ្ឌ​ដូនពេញ​ផង ឈ្មោះ​ដែល​ខ្ញុំ​ដាក់​បណ្តឹង​នឹង​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​អស់ ហេតុអ្វី​ក៏​លោក​មិន​ចុះ​ទៅ​ស៊ើប​អង្កេត​នៅ​សាលា​ខណ្ឌដូន​ពេញ​ទៅ ព្រោះ​ពួក​សាលា​ខណ្ឌ​ដូន​ពេញ​ដើរ​វាយ​គេ»

កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រុម​អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជាង ១០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ពីធី​សមាធិ​នៅ​រមណីដ្ឋាន​វត្ត​ភ្នំ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ជា និង​សុំ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី។ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌដូន​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បណ្តាល​ឱ្យ​លោកស្រី ផាន់ ឈុនរ៉េត និង​លោកស្រី ង៉ែត ឃុន ដែល​ជា​ឈ្មោះ​ថា យាយ​ម៉ាំម៉ី រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ លោកស្រី ផាន់ ឈុនរ៉េត ឱ្យ​ដឹង​ថា លោកស្រី​នឹង​ប្តឹង​សាទុក្ខ​រឿង​ក្តី​នេះ​ទៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាយ៍​ក្រោយ​នេះ។ លោកស្រី​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ស្វែងរក​យុត្តិធម៌​ដល់​លោកស្រី ព្រមទាំង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​នោះ។

សកម្មជន​សិទ្ធិមនុស្ស​រង​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​ពី​សំណាក់ កង​សន្តិសុខ​ខណ្ឌ​ដូនពេញ​នេះ​ដែរ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​សិទ្ធិមនុស្ស នៃ​សមាគម​សិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ក៏​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ទៀត បាន​ថ្លែង​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា​ថា លោក​ក៏​ត្រូវ​បាន​ក្រុម​សន្តិសុខ​ទាំង​នេះ​វាយ​រូប​លោក ខណៈ​ដែល​លោក​កំពុង​ឃ្លាំមើល​សហគមន៍​ដីធ្លី​ហែ​ក្បូន​ក្នុង​វេទិកា​សិទ្ធិ​លំនៅឋាន​ពិភព​លោក កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៦។ ភ្លាមៗ ក្រោយ​កើត​ហេតុ លោក​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍​ជ័យជម្នះ ប៉ុន្តែ​មិន​មាន​ចំណាត់​ការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បែ​ជា​ត្រូវ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ប្តឹង​បក​វិញ​ទៅ​តុលាការ​ពី​បទ​ប្រើ​អំពី​ហិង្សា​ដោយ​ចេតនា ហើយ​លោក​ក៏​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ ក្នុង​នាម​ជា​ជន​សង្ស័យ៖ «ទាក់ទង​នឹង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​វា​ច្រើន​លើក​ច្រើន​សា​ហើយ ឃើញ​ថា មាន​ការ​ប្រទូសរ៉ាយ​គ្នា នៅ​ពេល​ដែល​សហគមន៍ នៅ​ពេល​ដែល​ប្តឹង គឺ​ចំណាត់ការ​នឹង​មិន​សូវ​ជា​នេះ​ទេ បើ​តុលាការ​ធ្វើ​ដែរ។ ប៉ុន្តែ​ដោយសារ​ពួក​គាត់​អត់​ស្គាល់​អត្តសញ្ញាណ​ គាត់​ដឹង​តែ​ក្រុម​សន្តិសុខ​ខណ្ឌ ប៉ុន្តែ​អត់​ស្គាល់​ឈ្មោះ ស្គាល់​អ៊ីចឹង​ទៅ​គេ​លើក​លែង​បទ​ចោទ​។ល។»

កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ ក្រុម​សន្តិសុខ​បន្ត​ប្រើប្រាស់​ហិង្សា​វាយ​បាតុករ ដោយ​មិន​ក្លាច​រអា​ទាំង​កណ្តាល​ហ្វូង​មនុស្ស។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា​កន្លង​ទៅ ពេល​សាលា​ឧទ្ធរណ៍​កំពុង​បើក​សវនាការ​សំណុំ​រឿង​លោក​ កឹម សុខា ប្រជា​ពលរដ្ឋ​​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​មេបក្ស​ប្រឆាំង​រូប​នេះ​​។ ​​​ប្រធាន​សន្តិសុខ​ខណ្ឌដូន​ពេញ លោក គឹម វុត្ថា ក្នុង​ឯកសណ្ឋាន​ស៊ីវិល គ្មាន​និយាយ​អ្វី​មួយ​ម៉ាត់​ បាន​ចេញ​មុខ​មក​ទះ​កំភ្លៀង​បាតុករ លោក ប៉ែន ចាន់ មួយ​ដៃ និង​បាន​គំរាម​ទះ​ភ្លៀង​ថែម​ទៀត។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក គឹម វុត្ថា ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បាតុករ។ រូបភាព​វីដេអូ​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បង្ហាញ​ថា លោក គឹម វុត្ថា បាន​យក​មួយ​សុវត្ថិភាព​វាយ​ទៅ​លើ​បាតុករ​របស់​​ក្រុម​គាំទ្រ​គណបក្ស​ប្រឆាំង​ផង​ដែរ។

លោក អំ សំអាត ឱ្យដឹងថា ចំពោះ​ករណី​នេះ លោក​មិន​ដឹង​ថា សមត្ថកិច្ច​បាន​បើក​ការ​ស៊ើបអង្កេត​លើ​រឿង​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។ លោក​ឱ្យ​ដឹង​បន្ត​ថា បុគ្គល​ណា​ក៏​ដោយ​ទោះបី​ជា​ពលរដ្ឋ មន្ត្រី​រាជការ ឬ​កង​កម្លាំង​ប្រដាប់​អាវុធក្តី សុទ្ធ​តែ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​មិន​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ ព្រោះ​វា​ជា​បទល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​។ លោក​ថា​ទង្វើ​របស់​ប្រធាន​សន្តិ​សុខ​​ខណ្ឌ​ដូន​ពេញ​នោះ គឺ​ជា​អំពើ​ហិង្សា​ដោយ​ចេតនា ដែល​អាជ្ញាធរ​ត្រូវ​នាំ​ខ្លួន​ជន​នោះ​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​លុប​បំបាត់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា៖ «ហើយ​អា​នេះ​ជា​វប្បធម៌​មួយ ដែល​អាក្រក់ ដែល​បើ​សិន​ជា​យើង​ប្រើ​នូវ​រប្បធម៌​របៀប​នេះ ដើម្បី​ធ្វើ​ជា​ដំណោះស្រាយ អា​ហ្នឹង​ប្រទេស​យើង​វា​ក្លាយ​ជា​ប្រទេស​មួយ ដែល​គ្មាន​ច្បាប់​ទម្លាប់​។ល។»

ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​កងកម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ជា​ពិសេស កម្លាំង​ខណ្ឌ​ដូន​ពេញ​ តែង​កើត​មាន​ជា​ហូរហែ​នៅ​រាល់​ពេល​មាន​ការ​ជួប​ប្រជុំ ឬ​ការ​តវ៉ា​ដោយ​សន្តិវិធី​ម្ដងៗ។ អាជ្ញាធរ​តែង​លើក​ឡើង​ថា ការ​ជួប​ប្រជុំ ឬ​ការ​តវ៉ា​របស់​ពលរដ្ឋ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ឬ​មិន​មាន​ការ​អនុញ្ញាត ហើយ​ជា​ញឹកញាប់ ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដែល​ស្លៀកពាក់​ឯកសណ្ឋាន និងមាន​​ពាក់​មួក​សុវត្ថិភាព​ផង គឺ​ជា​អ្នក​ចេញ​មុខបង្រ្កាប​ក្រុម​ពលរដ្ឋ។

គណបក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​ស្នើទៅ​ក្រសួង​មហាផ្ទៃ​ឱ្យ​លុប​បំបាត់​កម្លាំង​សន្តិសុខ​ទាំងនោះចោល​ កាល​ពី​ចុង​ឆ្នាំ​២០១៦ ដោយ​យល់ឃើញថា កម្លាំងនោះ​ជា​កម្លាំង​ខុស​ច្បាប់​ដែល​តែង​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​។ ទោះជា​យ៉ាង​ណា ​សំណើ​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ​ ដោយ​ក្រសួង​លើក​ឡើង​ថា​ ការ​ប៉ះទង្គិច​ទាំង​ឡាយ​កាល​ពី​ពេល​កន្លងទៅ គឺ​ដោយ​សារ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ឬ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច ឬ​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម។

មិន​ត្រឹម​តែ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​មិន​ត្រូវ​បាន​ផ្តន្ទាទោស ប៉ុន្តែ​ត្រូវ​បាន​ផ្តល់​ប័ណ្ណ​សរសើរ និង​ដម្លើង​តំណែងថែមទៀត។ អតីត​អភិបាលរង​ខណ្ឌ​ដូនពេញ​លោក សុខ ពេញវុធ ត្រូវ​បាន​ដម្លើង​តំណែង​ជា​អភិបាល​ខណ្ឌ​ដូនពេញ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​ក្រុម​ជន​រងគ្រោះ ស្នើសុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ដែលបាន​បង្ក​ហិង្សា ដើម្បីឱ្យ​ស្រប​ទៅ​នឹង​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​និយាយ​អំពីពាក្យ​ថា ​សន្តិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល