មតិ​ពលរដ្ឋ​ជុំវិញ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ

0:00 / 0:00

ពលរដ្ឋ និង​សង្គម​ស៊ីវិល បញ្ចេញមតិ និង​ការ​យល់ឃើញ​ស្រដៀង​គ្នា ពាក់ព័ន្ធ​នឹង ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ។ ពួកគេ ចាក់​ទុក​ថា វិសោធនកម្ម​លើក​ទី​១០​នេះ ជា​ការ​យក​ប្រៀប​នយោបាយ ដើម្បី​ពង្រឹង​អំណាច​បក្ស និង​មិន​ឆ្លុះ​បង្ហាញ​ពី​ឆន្ទៈ​ពលរដ្ឋ​នោះ​ទេ។

​ពលរដ្ឋ​ដែល​ជា​អ្នក​តាម​ដាន​ស្ថានការណ៍ នយោបាយ យល់ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​លើក​នេះ ជា​ការ​កេង​ចំណេញ​នយោបាយ ក្នុង​គោលបំណង​បង្កើន​ឥទ្ធិពល​នយោបាយ​លោក ហ៊ុន សែន ដើម្បី​សាង​ស្ពាន​ចម្លង​ឱ្យ​កូន​បន្ត​តំណែង​ពី​លោក​តែប៉ុណ្ណោះ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្តសៀមរាប​លោកស្រី ចាន់ ពៅរស្មី យល់ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​នេះ គឺ​ដើម្បី​ផ្គាប់ចិត្ត​លោក ហ៊ុន សែន ដែល​ចង់​ផ្ទេរអំណាច​ទៅ​ឱ្យ​កូន និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​នោះ​ទេ ។ លោកស្រី​បន្ត​ថា រដ្ឋសភា​ឯក​បក្ស​លោក ហ៊ុន សែន ធ្វើការ​កែប្រែ​ច្បាប់​នេះ​ឡើង ដើម្បី​បើកផ្លូវ​ឱ្យ លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត៖ «ខ្លួន​គាត់​ (​ ហ៊ុន សែន​ )​ ដែល​មិនអាច​កាន់​តំណែង​ត​ទៅ​មុខ​ទៀត​បាន ឬមួយ​គាត់​ឈឺ គាត់​គិត​យ៉ាង​តក់ក្រហល់ ព្រោះ​គាត់​ខ្លាច​ពលរដ្ឋ​ពីព្រោះ​កន្លង​មក​គាត់​ធ្វើ​អ្វីៗ ដើម្បី​តែ​ខ្លួន​គាត់​ទេ ហើយ​និង​កូនចៅ​បក្ស​ពួកគាត់ មិនដែល​គិត​ពី​ផលប្រយោជន៍​ជាតិ​ទេ»។

លោក ហ៊ុន សែន បាន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ​លើក​ទី​១០ នៅ​ថ្ងៃទី​០៨ កក្កដា។

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ សកម្មជន​បរិស្ថាន លោក លី ចាន់ដារ៉ាវុធ លើកឡើង​ថា លោក ហ៊ុន សែន បាន​ទាញ​ផលប្រយោជន៍​ពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​នេះ តាមរយៈ​ការ​កែប្រែ​ច្បាប់​ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត ក្លាយជា​បេក្ខជន​សំខាន់​បន្ទាប់​ពី​លោក​។ លោក​យល់​ឃើញ​ថា វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ​ជា​ការ​លើក​តួនាទី​គណបក្ស​នយោបាយ​ឱ្យ​ខ្ពស់​ជាង​ស្ថាប័ន​រដ្ឋសភា ដើម្បី​ជា​ខែល​ការពារ​ឧបសគ្គ​ក្នុង​ការ​ផ្ទេរអំណាច​ពី​លោក ហ៊ុន សែន ទៅ​កូន​បាន​ដោយ​ងាយ និង​ស្របច្បាប់៖ «មាត្រា​១១៩ ចាស់​បុគ្គល​ម្នាក់​ហ្នឹង​ (​ សមាជិកសភា​បក្ស​ប្រឆាំង​ )​ អាច​មាន​សិទ្ធិ​បដិសេធ អាច​ធ្វើ​ឱ្យ​វា​ (​ ច្បាប់​ )​ ជាប់​គាំង​។ ដូច្នេះ លើក​នេះ​គេ​អត់​ត្រូវការ​ស្នើសុំ​ពី​ប្រធានរដ្ឋសភា​អី​ទៀត​ទេ គឺ​គេ​អាច​ចាត់តាំង​ដោយ​ខ្លួនឯង​តែម្ដង​។ ដូច្នេះ​អ្វី​ដែរ​គួរតែ​គិត​គូ​សម្រាប់​បក្ស​កាន់អំណាច​បច្ចុប្បន្ន គឺ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន ឯកភាព​លើក​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​លោក ហ៊ុន សែន ហើយ គឺ​អត់​មាន​ខ្វាយខ្វល់​ពី​គណបក្ស​ប្រឆាំង​ទៀត​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​បាត់ដំបង លោក ហ៊ុល សៅ យល់​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ប្រព្រឹត្ត​អំពើពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ មិន​ឆ្លុះបញ្ចាំង​អំពី​គោលការណ៍​ប្រជាធិបតេយ្យ និង​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នោះ​ទេ​។ លោក​បន្ត​ថា សភា​ឯក​បក្ស​ព្យាយាម​ផ្ដាច់ខ្លួន​ពី​អំណាច​ប្រជាពលរដ្ឋ ដោយ​មិន​ផ្ដល់​ឱ្យ​កាស​ឱ្យ​ពលរដ្ឋ​អាច​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត តាមរយៈ​ការបោះឆ្នោត​ឡើយ៖ «ការបង្កើត​ច្បាប់​ថ្មី​នេះ គឺ​អត់​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ គោលបំណង​របស់​ប្រជាពលរដ្ឋ​ទេ ការ​បង្កើត​ច្បាប់​នីមួយៗ ទាល់តែ​មាន​ការ​ឯកភាព យល់ស្រប​របស់​ប្រជាពលរដ្ឋ​។ ហើយ​គាត់​ (​ រដ្ឋសភា​ )​ បង្កើត​តែ​ក្រុម បក្សពួក​របស់​គាត់​ហ្នឹង ដើម្បី​បន្សាប​ឥទ្ធិពល​របស់​ប្រជាពលរដ្ឋ​ផង ហើយ​និង​សង្គម​ស៊ីវិល​ផង»។

ជាមួយ​គ្នា​នេះ និស្សិត​សិក្សា​ផ្នែក​ច្បាប់​នៅ​ភ្នំពេញ លោក ភួង រដ្ឋា ឱ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​លើក​នេះ​អាក្រក់​ជាង​ពេលណាៗ​ទាំងអស់។ លោក​បញ្ជាក់​ថា ក្នុង​មាត្រា​ខ្លះ​នៃ​រដ្ឋធម្មនុញ្ញ​បាន​កាត់​បន្ថយអំណាច​របស់​រដ្ឋសភា ដើម្បី​ពង្រឹង​អំណាច​គណបក្ស។ លោក​យល់​ឃើញ​ថា ក្នុង​ជួរ​គណបក្សកាន់អំណាច​អាច​មាន​ការ​បែក​បាក់​ផ្ទៃក្នុង​បណ្ដាល​មកពី​ការ​ដណ្ដើម​អំណាច​គ្នា​។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ខ្លួនឯង​ផ្ទាល់​អាច​មាន​ការ​ព្រួយបារម្ភ​ពី​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មិន​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​បន្ត​តំណែង ទើប​ស្នើ​ឱ្យ​សភា​ដែល​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក ចេញ​ច្បាប់​ជា​ហូរហែ ដើម្បី​គាំទ្រ​ការ​សម្រេច​នេះ៖ «ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន អាច​នឹង​មាន​ភាព​រង្គោះ​រង្គើ​ខ្លាំង ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហែល​គិតថា សមាជិកសភា​ភាគច្រើន​ក៏​មិន​គាំទ្រ​ដែរ ពេល​មាន​ការ​បន្តវេន​ពី​ឪពុក​ទៅ​កូន​បែប​នេះ ទើប​គាត់​រៀបចំ ពេល​គាត់​មាន​ឱកាស​ក្នុង​ការ​ធ្វើ​ការងារ​នេះ ដើម្បី​ពង្រឹង និង​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បើកផ្លូវ ឱ្យ​កូន​របស់​គាត់​ (​ លោក ហ៊ុន ម៉ាណែត ) បន្តវេន»។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក​លោក វ៉ន ចាន់ឡូត លើកឡើង​ថា ទម្រង់​នៃ​ការ​កែប្រែ​ច្បាប់​ចុងក្រោយ​នេះ ដែល​អនុញ្ញាត​ឱ្យ​តួនាទី​គណបក្ស​នយោបាយ​ឱ្យ​ខ្ពស់​ជាង​សភាជាតិ ទំនង​រដ្ឋាភិបាល​បាន​យក​លំនាំ​ការគ្រប់គ្រង​តាម​ប្រទេស​កុម្មុយនីស្ត​ចិន​មក​ប្រើប្រាស់។ លោក​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​លើក​នេះ ជា​ការ​បម្រើ​មហិច្ឆតា​អ្នកនយោបាយ ដែល​ចង់​ដឹក​នាំ​ប្រទេស​ត​ជំនាន់​ប៉ុណ្ណោះ ហើយ​ការ​ដឹកនាំ​ប្រភេទ​នេះ នឹង​អាច​វិវត្តន៍​ឆ្ពោះ​ទៅ​របប​កុម្មុយនីស្ត​ផ្ដាច់ការ ដែល​បក្ស​មាន​អំណាច​លើសលប់ អាច​បង្កើត​សភា និង​នីតិប្រតិបត្តិ​គឺ​គណៈរដ្ឋមន្ត្រី៖ «វា ( ច្បាប់ ) ហាក់​អត់​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ទេ គឺ​វា​បម្រើ​មហិច្ឆតា​នៃ អ្នកនយោបាយ​ដែល​មាន​មហិច្ឆតា​ក្នុង​ការ​ដឹក​នាំ​ប្រទេស​បន្ត​វង្ស​ត្រ​កូន​អ៊ីចឹង​ទៅ​។ ទីពីរ​វា​ឆ្លុះបញ្ចាំង​ពី​របៀប​ការដឹកនាំ​ឆ្ពោះទៅ​របប​កុម្មុយនីស្ត ផ្ដាច់ការ ដែល​បក្ស​ចាប់ផ្ដើម​មាន​ឥទ្ធិពល មាន​អំណាច រហូត​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋសភា រហូត​ឈាន​ទៅ​ដល់​ការបង្កើត​អង្គនីតិ​ប្រតិបត្តិ គឺ​គណៈរដ្ឋមន្ត្រី​ហ្នឹង»។

គិត​ត្រឹម​ឆ្នាំ​១៩៩៣ មក​ដល់​ពេល​នេះ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​កំពូល​ជាតិ គឺ​ច្បាប់រដ្ឋធម្មនុញ្ញ​ចំនួន​៩​លើក​មក​ហើយ​។ ការ​កែ​ច្បាប់​កំពូល​ជាតិ​កន្លង​មក​នេះ ក្រុម​អ្នកឃ្លាំមើល​រិះគន់​ថា បណ្ដាល​ឱ្យ​ច្បាប់​កំពូល​ចុះ​ទន់ខ្សោយ និង​ក្លាយ​ជា​ឧបករណ៍​នយោបាយ​សម្រាប់​គណបក្ស​កាន់​អំណាច ជា​ជាង​ច្បាប់​ដែល​បម្រើ​ឱ្យ​ផលប្រយោជន៍​ប្រជាជាតិ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។