អាជ្ញាធរ​ផ្អាក​ឱ្យ​​សាច់ញាតិ​ចូល​សួរ​សុខទុក្ខ​​​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅទូទាំង​ប្រទេស ​​២សប្ដាហ៍​​​​

2021.02.23
អាជ្ញាធរ​ផ្អាក​ឱ្យ​​សាច់ញាតិ​ចូល​សួរ​សុខទុក្ខ​​​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅទូទាំង​ប្រទេស ​​២សប្ដាហ៍​​​​ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​បានត្រឹមខកចិត្ត ពេលទៅសួរសុខទុក្ខស្វាមីនៅក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

អាជ្ញាធរ​បាន​​ផ្អាក​​ការ​ចូល​សួរសុខទុក្ខ​ ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នេះ ដោយ​គិត​​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​​កុម្ភៈ​​ រហូត​ដល់​​ថ្ងៃ​ទី​៩​ ខែ​មីនា​​ខាង​មុខ​។​

​អគ្គនាយកដ្ឋាន​ពន្ធនាគារ​​នៃ​ក្រសួង​មហា​ផ្ទៃ​លោក នុត សវនា ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា​ វិធាន​ការ​នេះ​ធ្វើ​ឡើង​​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដើម្បី​បង្ការ​កុំឱ្យ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​ឆ្លង​ចូល​ដល់​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ៖ «បញ្ហា​រាលដាល​ឆ្លង​ជំងឺ​កូវីដ​ហ្នឹង​យើង​ការពារ​ ជា​វិធាន​ការ​បន្ទាន់​ចាំ​បាច់​ ព្រោះ​អានេះ​ ខាង​ក្រសួង​សុខាភិបាល​ គាត់​ប្រកាស​ថា​ ជា​ប្រភេទ​​វីរុស​បំប្លែង​ខ្លួន​ថ្មី​ អាហ្នឹង​វា​​ងាយ​ឆ្លង​ ដល់​អីចឹង​យើង​ត្រូវ​ប្រយ័ត្ន​ខ្ពស់​»

​​​​​​​​​​​វិធាន​ការ​របស់​មន្ត្រី​ពន្ធនាគារ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ ជិត​ ១០០​នាក់ ​​​ឆ្លង​ចូល​ក្នុង​សហគមន៍​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ប្រមាណ ​៤ថ្ងៃ។

​​ទោះ​ជា​យ៉ាង​ណា​​ប្រពន្ធ​​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ បាន​រិះគន់​ចំពោះ​វិធាន​ការ​នេះ​ថា ​​ជា​ការ​កាត់​ផ្ដាច់​ទំនាក់ទំនង​រវាង​​ពួកគាត់​ពី​ប្ដី ​ធ្វើ​ឱ្យពួកគាត់កានតែ​ឈឺ​ចាប់​​​។

​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​​លោក​ ម៉ក់ សំអាន​ គឺ​លោក​ស្រី ​ប៉ុយ ចាន់លី ​ថ្លែង​ថា ​លោក​ស្រី​​​​​​​មិន​បាន​ចូល​សួរសុខទុក្ខ​ប្ដី​ជាង​ ១០​ថ្ងៃ​ហើយ​ ដោយសារ​ជីវភាព​ក្រីក្រ​​គ្មាន​ប្រាក់​ធ្វើ​ដំណើរ​ទៅ​ពន្ធនាគារ​។ លោក​ស្រី​​និង​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​ ៣​នាក់​ ផ្សេង​ទៀត​ បាន​​ទៅ​សួរសុខទុក្ខ​ប្ដី​​​របស់​ពួក​គាត់​នៅ​ក្នុង​ពន្ធនាគារ​មាត់ឃ្មង់ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​​ នៅ​រសៀល​ថ្ងៃ​ទី​២៣ ​ខែកុម្ភៈ​ ប៉ុន្តែ​ត្រូវ​បាន​ខក​ខាត​ទៅ​វិញ​​។​ លោក​ស្រី​ ប៉ុយ ចាន់លី ​​ប្រាប់​ថា​ មន្ត្រី​​​ពន្ធនាគារ​មិនអនុញ្ញាត​ឱ្យ​ពួក​លោក​ស្រី​ចូល​សួរ​សុខ​ទុក្ខ​ប្ដី​របស់​លោក​ស្រី​​​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន​ឡើយ​៖ «ព្រោះ​អី​ខ្ញុំ​វា​អត់​មាន​ឱកាស​ ព្រោះ​ខ្ញុំ​​មាន​ឱកាស​តែ​ម្ដង​ ឬ​ ២​ដង​អីចឹង​ក្នុង​មួយ​ខែ​។​ ខ្ញុំ​ក៏​អាច​នឹង​ឆ្លៀត​ពេល​មក​មើល​​គាត់​ តើ​គាត់​មាន​សុខភាព​យ៉ាង​ម៉េច​។ ប៉ុន្តែ​ដល់​មក​ពួក​ខ្ញុំ​​ខក​ចិត្ត​​ខ្លាំង​ណាស់​ ព្រោះ​អី​គេ​មិន​ឱ្យ​ចូល​ ១៤​ថ្ងៃ​ឯណោះ​»

​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ ៤​នាក់​​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាមៗ​ នៅ​រសៀល​ថ្ងៃ​​ដដែល​។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc)​ លោក​នី សុខា ​សាទរ​ចំពោះ​វិធាន​ការ​​​របស់​អាជ្ញាធរ​នេះ​​ ប៉ុន្តែ​​លោក​យល់​ថា មន្ត្រី​ពន្ធនាគារ​​គួរតែ​​អនុញ្ញាត​ឱ្យ​សាច់ញាតិ​​​បាន​​សួរ​សុខ​ទុក្ខ​ជន​ជាប់​ឃុំ​តាម​ទូរស័ព្ទ​ ឬ​តាម​វិធី​ផ្សេង​ទៀត​ដែល​មាន​គំលាត​សង្គម​តាម​ការ​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល​​បាន​៖ «នៅ​ក្នុង​ពន្ធនាគារ​យើង​ គឺ​ថាជា​កន្លែង​មួយ​ដែល​យើង​​មិន​ទាន់​គោរព​ទៅ​គោលការណ៍​ ឬ​ក៏​ស្តង់ដារ​អី​ឱ្យ​បាន​ត្រឹមត្រូវ​ទេ។​ តាំង​ពី​ជីវភាព​រស់​នៅ​តាំង​ពី​ការ​ស្នាក់​នៅ តាំង​ពី​បរិយាកាស​ផ្សេងៗ​ ដូច្នេះ​ហើយ​ការ​ព្រួយបារម្ភ​របស់​សាច់​ញាតិ​រមែង​តែង​មាន​ការ​ព្រួយបារម្ភ​អីចឹង​ហើយ​។​ ពួកគាត់​តែង​តែ​ចង់​ជួប​សាច់ញាតិ​ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​ឱ្យ​បាន​ដឹង​ពី​សុខ​ទុក្ខ​អី​ផ្សេងៗ​ ប៉ុន្តែ​បើ​សិន​​ជា​ករណី​ហាមឃាត់​មិន​មាន​​ការ​ជួប ​វា​ជា​ការ​មួយ​ធ្វើ​ឱ្យ​ពួកគាត់​មាន​ការ​ព្រួយបារម្ភ​ហើយ​ »

​​​​​របាយការណ៍​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឱ្យ​ដឹង​ថា ​​គិត​ត្រឹម​​​ចុង​ឆ្នាំ​២០២០ ​​មាន​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​កម្ពុជាសរុប​​ជិត​ ៤​ម៉ឺន​នាក់​ (៣៨.៩៤៥)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។