អង្គការ​ផ្នែក​ស្ត្រី​គ្រោង​ជួបជុំ​ធ្វើ​យុទ្ធនាការ​១​រយ​កោដិ​សំឡេង​ដើម្បី​បញ្ចប់​អំពើ​ហិង្សា

ដោយ យន់ សាមៀន
2018.02.10
និមិត្ត​សញ្ញា ​អាស៊ីសេរី ៦២២ និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

សង្គម​ស៊ីវិល​ធ្វើការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី បណ្ដាញ​ស្ត្រី និង​យុវជន គ្រោង​ជួបជុំគ្នា​ប្រារព្ធ​យុទ្ធនាការ​១​រយ​កោដិ​សំឡេង ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ការ​កេងប្រវ័ញ្ច​គ្រប់​រូបភាព​លើ​ស្ត្រី និង​ក្មេង​ស្រី នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១១ កុម្ភៈ​ស្អែក។ អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ និង​យុទ្ធនាការ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា អ្នកស្រី ចាន់ សោភណ្ឌ័ ថ្លែង​ថា យុទ្ធនាការ​នេះ​គឺ​ចង់បាន​ការ​ប្រមូលផ្ដុំ​សំឡេង​ស្ត្រី​និង​បុរស​គ្រប់​ស្រទាប់​វណ្ណៈ ឲ្យ​ចូលរួម​ក្នុង​ការ​ទាមទារ និង​មាន​សាមគ្គីភាព​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាព​យុត្តិធម៌​ដល់​ជនរងគ្រោះ​ពិតប្រាកដ។

អ្នកស្រី​បន្ត​ថា បញ្ហា​ស្ត្រី និង​អំពើ​ហិង្សា​នៅតែ​បន្ត​កើតឡើង​រៀងរាល់ថ្ងៃ ដែល​មិន​អាច​ទប់ស្កាត់​បាន ពី​សំណាក់​ដៃគូ​ស្និទ្ធស្នាល ដូចជា ប្ដី​ប្រពន្ធ ដៃគូ​រស់នៅ​ជាមួយគ្នា និង​សង្សារ​ជាដើម​។ ជាងនេះទៅទៀត យុទ្ធនាការ​នេះ​ក៏​ជា​ឱកាស​ចែករំលែក​ចំណេះដឹង​ឲ្យ​អ្នកចូលរួម​យល់ដឹង​ពី​សិទ្ធិ មាន​ចូលរួម​គាំទ្រ​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា ការរើសអើង និង​ការ​កេងប្រវ័ញ្ច​គ្រប់​រូបភាព​លើ​ស្ត្រី​និង​ក្មេង​ស្រី។ «»

យុទ្ធនាការ ១​រយ​កោដិ​សំឡេង ហៅ​ជា​ភាសា​អង់គ្លេស​ថា 1Billion Rising Solidarity គឺជា​យន្តការ​មួយ​ពិសេស​ក្នុង​ថ្នាក់​អន្តរជាតិ ដែល​ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៣ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ការ​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​ក្មេង​ស្រី។

យុទ្ធនាការ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​ចេនឡា រាជធានី​ភ្នំពេញ នៅ​ម៉ោង​១​រសៀល ថ្ងៃអាទិត្យ ទី​១១ កុម្ភៈ ដោយ​បើក​ឲ្យ​មានការ​ចូលរួម​ដោយ​សេរី។ អ្នក​រៀបចំ​កម្មវិធី រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​។ បណ្ដាញ​ការងារ​ស្ត្រី​សង្ឃឹម​ថា អំពើ​ហិង្សា​លើ​ស្ត្រី​និង​ត្រូវ​កាត់បន្ថយ និង​បង្កើន​ការ​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ឲ្យ​ស្ត្រី ហើយ​ស្ត្រី​កាន់តែ​ក្លាហាន​ជាង​មុន​ក្នុង​ការ​ជជែក​តវ៉ា និង​លើក​ពី​បញ្ហា​របស់​ពួកគាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។