សមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនបុរសម្នាក់ពីបទកាប់រានដីព្រៃរដ្ឋ
2011.07.14
ដីចំណុចតំបន់ឧទ្យានជាតិរាមនោះ កាលពីឆ្នាំ២០០៨ ធ្លាប់មានក្ដីក្ដាំគ្នានៅតុលាការ រវាងប្រជាពលរដ្ឋ ៣គ្រួសារ និងភាគីមួយទៀតឈ្មោះ លឹម ហៀង ជាកូនរបស់លោកឧកញ៉ា លឹម ហ៊ុយឡេង អតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។
មេធាវីនៃអង្គការការពារសិទ្ធិមនុស្សមួយបានស្នើសុំឲ្យតុលាការខេត្តព្រះសីហនុ ធ្វើការពិចារណាឡើងវិញចំពោះការចាប់ខ្លួនប្រជាពលរដ្ឋម្នាក់នៅឃុំរាម ស្រុកព្រៃនប់ ថា គួរតែអប់រំណែនាំជាមុនសិនមុននឹងឈានដល់ការឃុំខ្លួន។
លោក ឡុង លន់ មេធាវីនៃអង្គការការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅថា អាដហុក (Adhoc) បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ កក្កដា ថា បុរសឈ្មោះ តឹក ឧស្សាហ៍ ហៅ ឃ្លាំង មឿង អាយុ ៤៩ឆ្នាំ ជាពលរដ្ឋរស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការកសាងសំណុំរឿងភ្លាមៗ ក្នុងពេលដែលបុរសរូបនោះបានទៅស្ទូងលើដីស្រែដែលបានកាន់កាប់តាំងពីឆ្នាំ១៩៧៩ មក និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាននោះ។
លោក ឡុង លន់ មានប្រសាសន៍ដូច្នេះ ៖ «សុំឲ្យតុលាការ ឬក៏សមត្ថកិច្ចពិនិត្យទៅលើបញ្ហាទាំងមូល ដែលពាក់ព័ន្ធទៅនឹងដីដែលកំណត់ថា នៅក្នុងដីឧទ្យានជាតិរាមហ្នឹង អ្នកដែលរស់នៅកាន់កាប់សព្វថ្ងៃ វាមានតែប្រជាពលរដ្ឋ ៣គ្រួសារតែប៉ុណ្ណឹង ឬមួយក៏មានអ្នកផ្សេងទៀតដែរ។ ទី២ យើងត្រូវគិតថា តើមានផ្ទះសម្បែង ឬក៏មានប្រជាពលរដ្ឋធ្វើស្រែចម្ការដែរទេ ឬមួយក៏មានតែ ៣នាក់ហ្នឹងដែលជាអ្នករំលោភទៅលើដីឧទ្យានជាតិរាមហ្នឹង ព្រោះធម្មតាយើងត្រូវឲ្យមានភាពយុត្តិធម៌ ទាំងផ្លូវច្បាប់ផង និងផ្នែកសង្គមផង ឲ្យមានលក្ខណៈថា ការសម្រេចទៅនោះមានការទទួលយកបាន»។
លោក នៀវ រ៉ាត ជាឪពុកក្មេកបុរសឈ្មោះ តឹក ឧស្សាហ៍ ហៅ ឃ្លាំង មឿង រស់នៅភូមិស្មាច់ដែង ឃុំរាម បានមានប្រសាសន៍ថា ការចាប់ខ្លួនកូនប្រសារបស់លោកគឺជារឿងមួយដ៏អយុត្តិធម៌ ៖ «សហគមន៍ធ្វើស្រែទាំងអស់មិនមែនដីនៅព្រៃឆ្ងាយឯណា ដីនៅស្រែនៅក្បែរផ្ទះហ្នឹង ដីនៅម្ដុំខាងស្មាច់ដែង សុទ្ធតែដីតំបន់ឧទ្យានទាំងអស់ហ្នឹង មាននរណាមានប្លង់ ប្លង់ក៏គេរំលាយចោល។ យើងដឹងថា ដីហ្នឹងជារបស់រដ្ឋទាំងអស់ យើងគិតតែធ្វើស្រែទៅ មានទាស់ខុសអី គេក៏ធ្វើយើងក៏ធ្វើ គេធ្វើទាំងកម្រោលដើម្បីគំរាមយើងឲ្យឈប់កាន់កាប់ដីហ្នឹងតែម្ដង អាលនឹងគេមានវិធីផ្សេងទៀតក៏មិនដឹង»។
យ៉ាងនេះក្ដី ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តព្រះសីហនុ លោក ស្វាយ តុញ មានប្រសាសន៍ដោយខ្លីថា លោកកំពុងធ្វើការស៊ើបអង្កេតករណីនេះ ៖ «បទឧក្រិដ្ឋតំបន់ការពារធម្មជាតិ ខ្ញុំធ្វើការអង្កេតឲ្យលឿន»។
ប្រភពពីមន្ត្រីអង្គការអាដហុក បានឲ្យដឹងថា កាលពីឆ្នាំ២០០៨ កន្លងមក ដីប្រមាណ ២ហិកតារ នៅចំណុចដីដែលលោក តឹក ឧស្សាហ៍ ហៅ ឃ្លាំង មឿង កាន់កាប់ និងបង្កបង្កើនផលនោះ លោក លឹម ហៀង ជាកូនរបស់ឧកញ៉ា លឹម ហ៊ុយឡេង ជាអតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានប្ដឹងទៅលើមនុស្ស ៣នាក់ គឺមានឈ្មោះ យ៉ាង ធឿន. នៀវ រ៉ាំ និងឈ្មោះ និន លីដា ជាប្រពន្ធរបស់លោក តឹក ឧស្សាហ៍ ហៅ ឃ្លាំង មឿង ដែលអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួន។
បន្ទាប់មកក្នុងឆ្នាំដដែល យោងតាមលទ្ធផលអង្កេតរបស់មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងសុរិយោដី ខេត្តព្រះស៊ីហនុ បានរកឃើញថា ជាដីទំនាស់នោះជាដីតំបន់ឧទ្យានជាតិរាម ហើយបានសម្រេចទុកជាសម្បត្តិរដ្ឋ។ ប៉ុន្តែអ្នកភូមិ៣គ្រួសារនោះនៅតែបន្តបង្កបង្កើនផលលើដីនោះដដែល ទើបនៅថ្ងៃទី៧ កក្កដា ថ្មីៗនេះ នាយកឧទ្យានជាតិរាម ស្នើសុំឲ្យតុលាការចាត់វិធានការចំពោះអ្នកដែលកាន់កាប់ដីនៅតំបន់ឧទ្យានជាតិនោះ ទើបមានការចាប់ខ្លួនបុរសឈ្មោះ តឹក ឧស្សាហ៍ នៅថ្ងៃទី១៣ កក្កដា នេះតែម្ដង៕