អាជ្ញាធរ​ដាក់​យុទ្ធសាស្ត្រ​ថ្មី​ប្រឆាំង​ការ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន

ដោយ ខែ សុណង
2014.03.25
គ្រឿង​ញៀន ៣០៥ ៤-វិច្ឆិកា-២០១១៖ មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ កំពុង​ពិនិត្យ​វត្ថុ​តាង ជា​គ្រឿង​ញៀន ក្រោយ​ចាប់​ខ្លួន​ជន​ជាតិ​ចិន ៩​នាក់។
RFA

អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ហាញ​របាយការណ៍​កើន​ឡើង​​ការ​រឹប​អូស​គ្រឿងញៀន និង​ចាប់​ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ឆ្នាំ​២០១៣។ ការ​បង្ហាញ​របាយការណ៍​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ស្ដារ​នីតិសម្បទា​ជន​រងគ្រោះ​ដោយ​គ្រឿងញៀន​សាទរ។

មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​រក​វិធីសាស្ត្រ​ថ្មី​សម្រាប់​ឆ្នាំ​២០១៤ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​ទប់ស្កាត់​ការ​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វីរិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ មីនា ថា អាជ្ញាធរ​បាន​ដាក់​យុទ្ធសាស្ត្រ​ជាតិ​ចំនួន​៥ ដើម្បី​អនុវត្ត និង​វិធានការ​យុទ្ធសាស្ត្រ​ចក្ខុវិស័យ​ចំនួន ៧​ចំណុច។ លោក​ថា ជា​យុទ្ធសាស្ត្រ ឆ្នាំ​នេះ​មាន​ជាអាទិ៍ អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុកដាក់​ជំរុញ​អប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ចេះ​បដិសេធ និង​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ទប់ស្កាត់​ការ​បង្ក្រាប​រាល់​បទល្មើស​ទាក់ទង​ការ​ផលិត ការ​ដាំដុះ ការ​ចរាចរណ៍ ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ៖ «សម្រាប់​ឆ្នាំ​ថ្មី​បន្ត​យក​ចិត្ត​ទុកដាក់​សហការ​ជាមួយ​ប្រទេស​ដៃគូ ជា​ពិសេស​ប្រទេស​នៅ​ក្នុង​តំបន់ ប្រទេស​ដែល​មាន​ព្រំដែន​រួម​គ្នា​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ហូរ​ចូល​គ្រឿងញៀន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវ​ទឹក និង​ផ្លូវ​អាកាស។ ទប់ស្កាត់​ការ​ហូរ​ចូល​គ្រឿងញៀន​គ្រប់​ប្រភេទ​ពី​តំបន់​ត្រីកោណមាស អឌ្ឍចន និង​តំបន់​អាម៉េរិកឡាទីន ហើយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ហូរ​ចេញ»

ថ្មីៗ​នេះ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា ការ​រឹបអូស​គ្រឿង​ញៀន និង​ការ​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​មាន​ការ​កើន​ឡើង។ ការ​កើន​ឡើង​នេះ គឺ​ធៀប​ពី​ឆ្នាំ​២០១២ ទៅ​ឆ្នាំ​២០១៣។

នគរបាល​បាន​រឹបអូស​ថ្នាំ​មេតំហ្វេតាមីន​គ្រាប់​ទម្ងន់ ១៧.៣​គីឡូ​ក្រាម ពោល​គឺ​កើន​ឡើង​ពី​ជាង ១០​គីឡូក្រាម ប្រៀបធៀប​ជាមួយ​ការ​រឹបអូស​បាន​កាល​ពី​ឆ្នាំ​២០១២។ រី​ឯ​ថ្នាំ​ញៀន​មេតំហ្វេតាមីន​ប្រភេទ​ម្សៅ​វិញ ត្រូវ​នគរបាល​រឹបអូស​បាន​ទម្ងន់​ជាង ៣២​គីឡូក្រាម កើន​ជាង​ឆ្នាំ​២០១២ ចំនួន ២៨​គីឡូក្រាម។

ចំណែក​ការ​រឹប​អូស​ថ្នាំ​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន ក៏​មាន​ការ​កើន​ឡើង​ខ្ពស់​ដែរ ពោល​គឺ​នគរបាល​រឹបអូស​បាន​ថ្នាំ​ប្រភេទ​នេះ ទម្ងន់ ៣៨​គីឡូក្រាម​កាល​ពី​ឆ្នាំ​២០១៣។

របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ការ​ចាប់​ខ្លួន​មនុស្ស​ពាក់ព័ន្ធ​គ្រឿងញៀន​កាល​ពី​ឆ្នាំ​២០១៣ មាន​ចំនួន ជាង ១.៨០០​នាក់ ក្នុង​ការ​បង្ក្រាប​ជិត ៩០០​ករណី កើន​ជាង​ឆ្នាំ​២០១២ បន្តិច ដែល​មាន​ជាង ១.៧០០​នាក់។

ការ​រក​ឃើញ​ពី​ការ​កើន​ឡើង​នេះ មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​អះអាង​ថា វា​ស្រប​ទៅ​នឹង​និន្នាការ​ពិភពលោក គឺ​បញ្ហា​គ្រឿងញៀន​មាន​ការ​កើន​ឡើង​ទាំង​គ្រឿងញៀន​ធម្មជាតិ និង​គ្រឿងញៀន​សំយោគ ទាំង​នៅ​តំបន់​អឌ្ឍចន្ទ​មាស និង​តំបន់​ត្រីកោណ​មាស មាន​ការ​កើន​ឡើង​ដោយ​ការ​ដាំដុះ​ដំណាំ​អាភៀន ហើយ​ទន្ទឹម​នឹង​គ្នា​នោះ កិច្ចប្រតិបត្តិការ​នឹង​ការ​បង្ក្រាប​ការ​ផលិត​គ្រឿង​សំយោគ​ត្រូវ​ក៏​មាន​ការ​កើន​ឡើង​ជា​ច្រើន​កន្លែង។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ប្រទេស​កម្ពុជា មិន​មែន​ជា​ប្រទេស​ផលិត ប៉ុន្តែ​ជា​ប្រទេស​ដែល​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​ដើម្បី​ដឹក​ជញ្ជូន​ឆ្លងកាត់​ទៅ​កាន់​ទីផ្សារ​គ្រឿងញៀន។ លោក​ថា ការ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បង្ក្រាប​បទល្មើស​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ក៏​បាន​បង្ហាញ​ពី​ចំនួន​កើន​ឡើង​ដែរ។

ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា លោក មាស សុវណ្ណ បាន​គាំទ្រ​ចំពោះ​របាយការណ៍​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ ប៉ុន្តែ​លោក​ថា នៅ​មាន​ចំណុច​ខ្លះ​ក្នុង​របាយការណ៍​នៅ​មាន​ភាព​មិន​ប្រក្រតី គឺ​មាន​កិច្ចការ​សំខាន់​ខ្លះ​មិន​បាន​ដាក់​ចូល​ទៅ​ក្នុង​ចំណុច​ផ្ដល់​អនុសាសន៍​នោះ​ទេ។ ចំណុច​នោះ​គឺ​មាន​ដូចជា ការ​ទប់ស្កាត់​ទីផ្សារ​នាំ​ចេញ​ចែកចាយ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រើប្រាស់ និង​កង្វះ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល និង​ស្ដារ​នីតិសម្បទា​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ។

លោក មាស សុវណ្ណ៖ «ការ​ព្យាបាល​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់ គ្រាន់​តែ​ថា​និយាយ។ ដូច​ជា​ប្រព័ន្ធ​តុលាការ​អ៊ីចឹង​ចាប់​បាន​អី​ទៅ​បាត់។ ពាក់ព័ន្ធ​អ្នក​ប្រើប្រាស់​អ៊ីចឹង​មិន​មាន​ការ​បញ្ជូន​ទៅ​អ្នក​ប្រើប្រាស់​ មិន​មាន​ការ​បញ្ជូន​មក​ផ្ទាល់​តែ​ម្ដង​ទេ ច្រើន​តែ​ចាប់​ហើយ​ដោះលែង​ទៅ​ក្រុម​គ្រួសារ​អ៊ីចឹង​ទៅ​វា​អាច​ប្រើ​ប្រាស់​ វិញ​ដដែល បើ​យើង​បញ្ជូន​មក​មណ្ឌល​ព្យាបាល​តែ​ម្ដង​ហើយ​យើង​ជ្រើសរើស​មណ្ឌល​ណា​ដែល​មាន ​គុណភាព​ល្អ​ហ្នឹង​យើង​បញ្ជូន​ទៅ​ហ្នឹង»

យ៉ាង​ណា​ក៏​ដោយ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​បទល្មើស បាន​លើក​ឡើង​ថា តម្រូវ​ការ​ថ្នាំញៀន​ប្រភេទ​ហេរ៉ូអ៊ីន​មាន​ការ​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​បរិមាណ​ផលិត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា មាន​ការ​កើន​ឡើង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។