ក្រសួង​វប្បធម៌​គ្រោង​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ដែល​ទើប​រក​ឃើញ

មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថា ក្រសួង​មាន​គម្រោង​នឹង​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ដែល​ទើប​រក​ឃើញ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
ដោយ ឱម ឧត្ដម
2010.04.22

អគ្គ​នាយក​រង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហេង សុផាឌី មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក ឱម ឧត្តម ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ថា វត្ថុ​ដែល​នឹង​ត្រូវ​យក​ទៅ​តាំង​បង្ហាញ​នេះ​មាន​ដូច​ជា ក្អម ឆ្នាំង ស្គរ​មហោរធឹក ឬ​ស្គរ​រាង​ដូច​ត្បាល់​បុក ធ្វើ​អំពី​ស្ពាន់ ប្រើ​ក្នុង​ព្រះរាជ​ពិធី កញ្ចក់ គ្រឿង​អលង្ការ​ធ្វើ​អំពី​មាស អាវុធ​ធ្វើ​ពី​ដែក មាន​ដាវ និង​លំពែង ជាដើម។ របស់​របរ​ទាំង​អស់​នេះ​សុទ្ធ​តែ​មាន​អាយុ​កាល​តាំង​ពី​មុន​គ្រិស្ត​សករាជ​ទៅ​ទៀត។ វត្ថុ​សិល្បៈ​ទាំង​អស់​នេះ​យក​មក​ពី​ស្ថានីយ​ព្រហា និង​ស្ថានីយ​បិទ​មាស ក្នុង​ខែត្រ​ព្រៃវែង និង​ស្ថានីយ​ភូមិ​១៨ ក្នុង​ខែត្រ​កំពង់ចាម។

លោក ហេង សុផាឌី មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា របស់​របរ​ដែល​បាន​រក​ឃើញ​នេះ​ជា​វត្ថុ​សិល្បៈ ដែល​អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ខ្មែរ​រក​ឃើញ​ជា​លើក​ដំបូង​បំផុត។ ការ​តាំង​បង្ហាញ​នេះ​នឹង​ផ្ដល់​ជា​សារ​ប្រយោជន៍​ដល់​អ្នក​ស្រាវជ្រាវ​ផ្សេង​ៗ​ទៀត ដែល​មាន​បំណង​ចង់​សិក្សា​ពី​បញ្ហា​បុរេ​ប្រវត្តិសាស្ត្រ​ខ្មែរ។

មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ដដែល បាន​ឲ្យ​ដឹង​បន្ថែម​ថា វត្ថុ​ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​នេះ នឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​នៅ​ភ្នំពេញ នៅ​ខែ​ធ្នូ នៅ​ដំណាច់​ឆ្នាំ​២០១០​នេះ។ ការ​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​ទាំង​អស់​នេះ ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​វិទ្យាស្ថាន​បុរាណ​វិទ្យា​នៅ​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។