សាស្ត្រាចារ្យ-​និស្សិត​រៃ​អង្គាស​ប្រាក់​ជួយ​ទាហាន​នៅ​ព្រំដែន

មន្ត្រី​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា ដែល​មាន​សមាជិក​ចំនួន ៤៣​គ្រឹះស្ថាន​ឧត្ដមសិក្សា​ផ្នែក​ឯកជន​នៅ​ទូទាំង​ខេត្ត​ក្រុង បាន​នាំគ្នា​ផ្ដួចផ្ដើម​គំនិត​ប្រមូល​ថវិកា​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ។
ដោយ ខែ សុណង
2011.05.10

នៅ​ក្នុង​លិខិត​មួយ​របស់​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា បាន​ផ្ញើ​ទៅ​គណៈ​គ្រប់គ្រង​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល សមាជិក​សកម្ម បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​គ្រឹះស្ថាន​ទាំងនោះ ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ដើម្បី​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​សម្រាប់​យក​មក​ជួយ​ផ្គត់ផ្គង់​ដល់​យុទ្ធជន​នៅ​តាម​តំបន់​ព្រំដែន ដែល​កំពុង​យាម​ការពារ​នៅ​ទី​នោះ។

ប្រធាន​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា លោក លី ឆេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា ការ​ធ្វើ​ដូច្នេះ​គឺ​លោក​ចង់​បំផុស​ឲ្យ​សាស្ត្រាចារ្យ និង​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​នីមួយៗ​បាន​សម្ដែង​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​យុទ្ធជន​ដែល​កំពុង​ឈរ​ជើង​នៅ​សមរភូមិ​ប្រយុទ្ធ​ និង​ចូល​រួម​ជាមួយ​សមរភូមិ​មុខ សមរភូមិ​ក្រោយ បង្ហាញ​នូវ​ការ​ស្រលាញ់​ទឹកដី​កម្ពុជា។

លោក លី ឆេង មាន​ប្រសាសន៍​បន្ថែម ៖ «យើង​មិន​បង្ខំ​ទេ​សិស្ស យើង​ទាំង​អស់​នេះ​ឲ្យ​គេ​សម្ដែង​ទឹក​ចិត្ត​ចូល​រួម ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ទៅ​តាម​លទ្ធភាព​របស់​សិស្ស​មួយៗ គោលបំណង​គឺ​យើង​ចង់​ផ្សា​សមរភូមិ​មុខ សមរភូមិ​ក្រោយ នឹង​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋាភិបាល ហើយ​និង​អញ្ជើញ​សកលវិទ្យាធិការ​ថ្នាក់​ដឹកនាំ​សាកលវិទ្យាល័យ​មួយៗ​នេះ យក​ប្រាក់​ឧបត្ថម្ភ​នេះ​ទៅ​សមរភូមិ​មុខ​ដោយ​ផ្ទាល់​តែម្ដង។ យើង​រាយការណ៍​ទៅ​សម្ដេច​ដើម្បី​សុំ​គោលការណ៍​ចុះ​ទៅ​សមរភូមិ​មុខ ទៅ​តំបន់​ណា​ដែល​មាន​ការ​ខ្វះខាត»

ការ​រៃ​អង្គាស​ថវិកា​ដើម្បី​យក​ទៅ​ជួយ​ឧបត្ថម្ភ​កងទ័ព​នេះ​ គឺ​ស្រប​ពេល​ដែល​កម្ពុជា-​ថៃ មាន​ជម្លោះ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ឈាន​ដល់​ការ​ប្រយុទ្ធ​គ្នា​ផ្នែក​យោធា​កាល​ពី​ពេល​កន្លង​មក ហើយ​បញ្ហា​នេះ​មិន​ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​បាន​ទេ​នៅ​ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៨ កាល​ពី​ថ្ងៃ​ទី ៧ និង ថ្ងៃ​ទី ៨ ឧសភា នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។