បញ្ហាទំនាស់​ផ្ទៃ​ក្នុង​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម

ទំនាស់​រវាង​នាយិកា​ប្រតិបត្តិ កញ្ញា សេង ធារី ជាមួយ​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៏​សង្គម បាន​បញ្ចប់​មួយរយៈ​សិន ដោយ​រង់ចាំ​មាន​ការរៀបចំ​កែប្រែ​លក្ខន្តិកៈ​ជាថ្មី​និង​មាន​ការយល់ព្រម​ពី​ភាគី​ទាំង​សង​ខាង ។
ដោយ ម៉ៅ សុធានី
2008.05.26

លោក វី ហ៊ុយ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៏​សង្គម បាន​មាន​ប្រសាសន៍​ប្រាប់​លោក កែវ និមល នៃ​វិទ្យុ​អាស៊ីសេរី អំពី​ការបញ្ចប់​ទំនាស់​មួយគ្រាសិន​នេះ ដូច្នេះ​ថា ៖ «បាន​យល់​ព្រម​ឲ្យ​គាត់​ធ្វើ​ដំណើរ​ជា​បណ្ដោះ​អាសន្ន​សិន ហើយ​បើសិនជា​គាត់​មិន​គោរព​តាម​ពាក្យ​សន្យា​នៅ​ពេល​ជំនុំ​ចុងក្រោយ​នេះ​ទេ ...... នឹង​នៅ​តែ​បញ្ឈប់​គាត់​អ៊ីចឹង»

កែវ និមល ៖ យើង​ដាក់​លក្ខខណ្ឌ​អី​ខ្លះ​ចំពោះ​គាត់ ឲ្យ​គាត់​សន្យា​នោះ ?

វី ហ៊ុយ ៖ «ឲ្យ​តែ​គោរព​ពាក្យ​សន្យា​តែប៉ុណ្ណឹង ។ សន្យា​ទី​មួយ គឺ​យើង​បំភ្លេច​រឿង​កើត​មក​ហើយ​ទាំង​ប៉ុន្មាន គឺ​យើង​ដើរ​ទៅ​មុខ ទីពីរ​ចាំ​ឲ្យ​គណៈកម្មការ donor គេ​បង្កើត​មក​សម្រាប់​កែ​កម្រង​លក្ខន្តិកៈ​របស់ CSD ហ្នឹង គឺ​យើង​យក​មក​ពិនិត្យ ខាង staff ក៏​ពិនិត្យ ខាង​អភិបាល​ក៏​ពិនិត្យ រួច​ហើយ​បើ​មាន​ការ​ឆ្វេងយល់​គ្នា មក​ជួប​ជំនុំ​ទៀត ដើម្បី​ដោះស្រាយ​រឿង​ហ្នឹង រួច​បាន​គេ​ស៊ីញ៉េ​យល់​ព្រម ..... លក្ខន្តិកៈ​ហ្នឹង ហើយ​យក​លក្ខន្តិកៈហ្នឹង​ជា​ផ្លូវ​ការ​តែម្ដង»

សូមជម្រាប​ថា កាលពី​ថ្ងៃទី​២២ ឧសភា កន្លង​មក​នេះ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បាន​លុប​ចោល​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​១​របស់​ខ្លួន ដោយសារ​តែ​ក្រុមប្រឹក្សាភិបាល​ចាស់ ដែល​នៅមាន​សិទ្ធិ​អំណាច​តាម​លក្ខន្តិកៈ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៏​សង្គម នៅឡើយនោះ បាន​ជំទាស់ ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង កញ្ញា សេង ធារី នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម ដើម្បី​សួរបញ្ជាក់​ពី​បញ្ហា​ដែល​កើតឡើង​នោះ​ទេ ក៏ប៉ុន្តែ អ្នកយក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី រាយការណ៍​ឲ្យ​ដឹង​ថា ការលុបចោល​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​១នោះ គឺនៅ​បន្ទាប់ពី​កម្លាំង​នគរបាល​ក្រសួង​មហាផ្ទៃ​ពីរ​នាក់ បានចូល​ទៅ​ខាង​ក្នុង​បរិវេណ​មជ្ឈមណ្ឌល តាម​បញ្ជា​ក្រុម​ប្រឹក្សាភិបាល ដើម្បី​ប្រគល់​លិខិត​បញ្ចប់​ការងារ​ដល់​កញ្ញា សេង ធារី តែ​ត្រូវ​បាន​ក្រុម​បុគ្គលិក​នៅ​ទី​នោះ​រារាំង ដោយ​សំអាង​ថា​ខុស​នីតិវិធី​ច្បាប់ ៕

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។