ស្លាកសញ្ញាគណបក្សប្រជាធិបតេយ្យខ្មែរ ត្រូវគេហាមមិនឲ្យលើក
2008.06.23
ប្រធានគណបក្សប្រជាធិបតេយ្យខ្មែរ លោក អ៊ុក ភូរិ បានមានប្រសាសន៍ថា លោកបានដាក់លិខិតទៅអាជ្ញាធរក្រុងភ្នំពេញ សុំការអនុញ្ញាតលើកស្លាកសញ្ញាគណបក្ស តាំងពីថ្ងៃទី១៥ មិថុនា មកម្ល៉េះ ហើយថា រហូតមកទល់នឹងថ្ងៃនេះ លោកក៏នៅមិនទាន់បានទទួលលិខិតឆ្លើយតបពីអាជ្ញាធរក្រុងនៅឡើយនោះទេ ។
លោកបានមានប្រសាសន៍ទៀតថា លោកបានជួបជាមួយនឹងអាជ្ញាធរក្រុងនៅព្រឹកថ្ងៃច័ន្ទនេះ ដោយអាជ្ញាធរទាមទារឲ្យលោកដាក់សំណុំលិខិតបន្ថែមទៀត ក្នុងការសុំការអនុញ្ញាតនោះ ដោយបញ្ជាក់ពីទីតាំងដែលត្រូវលើក ។
លោក អ៊ុក ភូរិ មានប្រសាសន៍ថា ៖ «ពួកខ្ញុំដាក់ស្លាកហើយទៅហើយ ចាក់ស៊ីម៉ង់ត៍ឡើងក្រាស់ដើម្បីទប់ខ្យល់ ព្រោះជាស្លាកជើងមួយ ទំហំវា ៨០ គុណ ១០០ ហើយជាស្លាកទំនើបដែលឃើញគេដាក់ពេញនៅហ្នឹង នៅក្បាលស្ពាន ចុងស្ពានជាហូរហែ ក៏ដាក់ក្បែរៗរបស់គេហ្នឹងឯង ប៉ុន្តែពេលដាក់ហើយ អនុប្រធានភូមិគាត់មកជួបភ្នាក់ងារសន្តិសុខរបស់ខ្ញុំដែលទៅដាក់ហ្នឹង គេសុំឲ្យដកចេញ» ។
មិនអាចសុំការបំភ្លឺពីអភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេស បានឡើយនៅថ្ងៃច័ន្ទនេះ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ។
លោក អ៊ុក ភូរិ បានមានប្រសាសន៍ថា បន្ទាប់ពីការរំលំហើយនោះ ខាងគណៈកម្មការរៀចំការបោះឆ្នោតក្រុងភ្នំពេញ ក៏បានស្នើសុំឲ្យគណបក្សរបស់លោក ទៅលើកស្លាកសញ្ញាគណបក្សនោះឡើងវិញ ។
លោក អ៊ុក ភូរិ បានមានប្រសាសន៍ថា អាជ្ញាធរខណ្ឌបានយល់ព្រមឲ្យគណបក្សរបស់លោកលើកស្លាកសញ្ញាគណបក្សនោះវិញហើយ ប៉ុន្តែលោកបានបន្ថែមថា ការរំលំ ស្លាកសញ្ញាគណបក្ស គឺជាការមើលងាយចំពោះគណបក្សរបស់លោក ៕