បុរសន័រវ៉េម្នាក់ត្រូវកាត់ទោសពីបទជួញដូរផ្លូវភេទកុមារា
2010.09.08
ប្រភពព័ត៌មាន អាអេហ្វប៉េ រាយការណ៍ថា ស្លេតថិន រ៉ហ្វ (Sletten Rolf) ជនជាតិន័រវ៉េ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនកាលពីខែមករា ឆ្នាំ២០១០ នៅខេត្តសៀមរាប ពីបទទិញដូរផ្លូវភេទកុមារម្នាក់អាយុ ១៦ឆ្នាំ ឲ្យរួមភេទជាមួយខ្លួនកាលពីឆ្នាំ២០០៩។ តុលាការខេត្តសៀមរាបបានកាត់ទោសឲ្យ ស្លេតថិន រ៉ហ្វ ជាប់ពន្ធនាគារ ៣ឆ្នាំ ប៉ុន្តែបានព្យួរទោសចំនួន ១៨ខែ។
តាមច្បាប់កម្ពុជា ក្មេងជំទង់ប្រុសស្រី អាយុ ១៥ឆ្នាំ ប្រសិនបើមានការព្រមព្រៀង គេអាចរួមភេទបាន ប៉ុន្តែការចំណាយប្រាក់ដើម្បីទិញដូរការរួមភេទ គឺជាទង្វើខុសច្បាប់។
ប្រទេសកម្ពុជាកំពុងព្យាយាមបង្ក្រាប និងទប់ស្កាត់សកម្មភាពជួញដូរផ្លូវភេទ ហើយចាប់តាំងពីឆ្នាំ២០០៣មក មានជនបរទេសដែលចូលចិត្តរួមភេទជាមួយកុមារប្រមាណជាង ២០នាក់ ត្រូវបានជាប់ឃុំឃាំង និងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ដើម្បីទទួលទោសពីបទឧក្រិដ្ឋកម្មជួញដូរផ្លូវភេទកុមារនៅកម្ពុជា៕