ចំនួនបេក្ខនារីតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតអាណត្តិទី៤ ធ្លាក់ចុះ
2008.07.01
កាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃច័ន្ទ បានស្រង់របាយការណ៍ពីអង្គការមួយឈ្មោះ គណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងនយោបាយ ថា បេក្ខភាពស្ត្រីជាសមាជិកសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតអាណត្តិទី៤នេះ មិនត្រឹមតែនៅមានកម្រិតទាបនោះទេ គឺមានចំនួនធ្លាក់ចុះជាងពីសម័យបោះឆ្នោតលើកមុនទៀតផង ។
អគ្គលេខាធិការ គ.ជ.ប. គឺលោក ទេព នីថា បានប្រាប់កាសែតថា ក្នុងសម័យបោះឆ្នោត ឆ្នាំ២០០៣ បេក្ខនារីមាន ២៨% ប៉ុន្តែ សម័យបោះឆ្នោតលើកនេះ បេក្ខនារីសម្រាប់តំណាងរាស្រ្ត មានតែ ១៩% ប៉ុណ្ណោះ ។
យោងតាមសេចក្តីរាយការណ៍ក្នុងកាសែត គណបក្សប្រជាជនកម្ពុជា មានបេក្ខភាពបុរសឈរឈ្មោះ ១០៣នាក់ មានបេក្ខភាពស្រ្តី ២០នាក់ គណបក្សហ៊្វុនស៊ិនប៉ិច មានបេក្ខភាពបុរស ១១០នាក់ មានបេក្ខភាពស្រ្តី ១៣នាក់ គណបក្សសមរង្ស៊ី មានបេក្ខភាពបុរស ១០៦នាក់ មានបេក្ខភាពស្រ្តី ១៧នាក់ គណបក្សនរោត្តម រណឫទ្ធិ មានបេក្ខភាពបុរស ១១២នាក់ មានបេក្ខភាពស្រ្តី ១១នាក់ គណបក្សសិទ្ធិមនុស្ស មានបេក្ខភាពបុរស ១១៧នាក់ មានបេក្ខភាពស្រ្តី ៦នាក់ ៕