មន្ត្រីទេសចរណ៍រំពឹងភ្ញៀវទៅកម្សាន្តច្រើននៅខេត្តភាគឦសាន
2014.04.13

បុណ្យចូលឆ្នាំខ្មែរប្រារព្ធចាប់ពីថ្ងៃច័ន្ទ ទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីនេះ អាជ្ញាធរខេត្តរតនគិរី បានដឹកនាំបង្កើតព្រឹត្តិការណ៍វប្បធម៌មួយតាមរយៈការសម្ដែងសិល្បៈប្រគំតន្ត្រីផ្សព្វផ្សាយបំផុសចលនាទាក់ទាញអ្នកទេសចរ និងកែលំអតំបន់រមណីយដ្ឋាន រួមទាំងគាំពារឲ្យតម្លៃសេវាកម្មផ្ទះសំណាក់សណ្ឋាគារ និងភោជនីយយកតម្លៃសមស្របសម្រាប់អ្នកមកកម្សាន្តក្នុងខេត្តនេះនៅថ្ងៃបុណ្យចូលឆ្នាំ។
មន្ត្រីទេសចរណ៍ខេត្តរតនគិរី ប៉ាន់ប្រមាណថា អ្នកទេសចរនឹងមកកម្សាន្តនៅខេត្តប៉ែកឦសាន មានចំនួនច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ។
ការរំពឹងទុកនេះធ្វើឡើងតាមរយៈតួលេខនៃអ្នកទេសចរដែលបានកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ស្នាក់នៅមកទល់នឹងថ្ងៃអាទិត្យ ទី១៣ ខែមេសា បានប្រមាណ ៨០ភាគរយហើយ។ គិតជាចំនួនមនុស្សមានប្រមាណ ៥ពាន់នាក់។
កាលពីរដូវចូលឆ្នាំថ្មីឆ្នាំសកល ២០១៣ តួលេខរបស់មន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ចំនួនអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តនេះមានចំនួនជាង ៦ម៉ឺន ៥ពាន់នាក់។ កើនជាង ២ភាគរយប្រៀបធៀបរដូវចូលឆ្នាំថ្មីឆ្នាំ២០១២។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត វិទូ កត់សំគាល់ថា សក្ដានុពលអភិវឌ្ឍន៍ក្នុងខេត្តនៅឆ្នាំ២០១៤ កាន់តែរីកចម្រើន ជាពិសេសសណ្ឋាគារទំនើបៗ និងផ្ទះសំណាក់ ភោជនីយដ្ឋាន ដែលអាចបំពេញសេវាកម្មជូនភ្ញៀវទេសចរបានគ្រប់គ្រាន់ និងមានតម្លៃសមរម្យ។
លោកបន្តថា កាលពីដើមសប្ដាហ៍នេះ អាជ្ញាធរខេត្តបានបង្កើតព្រឹត្តិការណ៍សម្ដែងសិល្បៈប្រគំតន្ត្រីបង្ហាញពីវប្បធម៌ប្រពៃណីប្រជាពលរដ្ឋតំបន់ឦសានក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើននៅឱកាសបុណ្យចូលឆ្នាំថ្មីនេះ៖ «កន្លងទៅយើងបារម្ភ ប៉ុន្តែសារនេះដូចអត់បារម្ភទេ ព្រោះកាលយើងបុកដល់ចូលឆ្នាំសាកល ហើយនិងចូលឆ្នាំចិន យើងមើលថា យើងទទួលបានគ្រប់គ្រាន់។ យើងមានថ្មីច្រើន មានការកក់អូតែលច្រើន អូតែលខ្លះមួយរយភាគរយ អូតែលខ្លះបានហុកសិបភាគរយ»។
អាជ្ញាធរក្រុងបានលុង ឲ្យដឹងថា ឆ្នាំ២០១៤ នេះ សណ្ឋាគារនិងផ្ទះសំណាក់បានកើនឡើងរហូតជាង ១ពាន់បន្ទប់ ក្នុងនោះសណ្ឋាគារមាន ១៤កន្លែង និងផ្ទះសំណាក់មាន ៣៥កន្លែង។ ដោយឡែកមានសណ្ឋាគារខ្នាតទំនើបចំនួនបី និងតំបន់កម្សាន្តទំនើបមានអាងហែលទឹកចំនួន ១ បានសាងសង់រួច។
អភិបាលក្រុងបានលុង លោក លី វិន មានប្រសាសន៍ដែរថា ឆ្នាំនេះអាជ្ញាធរខេត្តក៏បានយកចិត្តទុកដាក់ពង្រឹងកិច្ចការពារសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមចំណុចគោលដៅសំខាន់ៗ និងជាពិសេសតំបន់ទេសចរណ៍នានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បញ្ហាចោរកម្ម និងសកម្មភាពក្មេងទំនើងបង្កជម្លោះវាយតប់ក្នុងពិធីបុណ្យចូលឆ្នាំ។
លោកបន្តថា អាជ្ញាធរក្រុងក៏បានសហការជាមួយមន្ទីរវប្បធម៌ចាត់តាំងលេងល្បែងប្រជាប្រិយនៅក្នុងថ្ងៃចូលឆ្នាំដើម្បីលើកស្ទួយប្រពៃណីវប្បធម៌ជាតិឲ្យបានកាន់តែប្រសើរ៖ «គឺយើងបានចាត់ចែងផែនការរៀបចំតាមគោលដៅក្នុងក្រុងយើង មានពីរបីកន្លែង គឺយក្សឡោម កាចាញ ហើយនិងភ្នំស្វាយ បឹងកន្សែង។ អាហ្នឹងកន្លែងត្រូវសប្បាយ និងរមណីយដ្ឋាន។ យើងបានទាក់ទងជាមួយប៉ូលិសចរាចរណ៍ ប៉ូលិសសណ្ដាប់ធ្នាប់ដែរ ជួយ ជាពិសេសយក្សឡោមដែរ។ យើងណែនាំឲ្យប្រជាពលរដ្ឋដាក់ទង់ជាតិអបអរសាទរតាមផ្លូវធំហ្នឹង»។
នៅតាមតំបន់រមណីយដ្ឋាននានា គេក៏សង្កេតឃើញគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានរៀបចំធ្វើអនាម័យរៀបចំតុបតែងលំអរមណីយដ្ឋាន និងចាត់តាំងការប្រគំតន្ត្រីរបាំនិងល្បែងកម្សាន្ត។
ប្រធានរមណីយដ្ឋានទឹកជ្រោះកាចាញ លោក ហៃ វាសនា បានអះអាងថា តំបន់ទឹកជ្រោះកាចាញ បានកែលំអកន្លែងកម្សាន្ត មានស្ពានយោលឆ្លងជ្រោះ កន្លែងអង្គុយហូបអាហារ មានធុងសំរាម ធ្លាចតរថយន្ត និងមានកងសន្តិសុខការពារសណ្ដាប់ធ្នាប់ និងសន្តិសុខសម្រាប់អ្នកទេសចរ។
លោកបន្តថា តាមការគ្រោងទុក រមណីយដ្ឋាននឹងរៀបចំចាក់ភ្លេងរាំកម្សាន្ត ការសម្ដែងរបាំប្រពៃណីជនជាតិដើមភាគតិច និងការរៀបចំលេងល្បែងប្រជាប្រិយជាដើម៖ «ខាងខ្ញុំ បើនិយាយទៅឆ្នាំនេះប្លែកជាងឆ្នាំទៅបន្តិច ទីកន្លែងទូលាយជាងរាល់ឆ្នាំ មានតន្ត្រីគង ហើយនិងភ្លេងខ្មែរផ្ទាល់ដៃមកលេង មានកម្មវិធីល្បែងប្រពៃណីបូមទឹកដាក់ដប វាយក្អម»។
នៅខេត្តរតនគិរី តំបន់រមណីយដ្ឋានសំខាន់ៗ មាន បឹងយក្សឡោម បឹងលង្គុត ទឹកជ្រោះ៧ជាន់ ឬទឹកជ្រោះអូរសៀនឡែ ទឹកជ្រោះតាតៃ ទឹកជ្រោះកាចាញ ចាអ៊ុង កាទៀង បឹងកន្សែង បឹងកម្សាន្ត តំបន់វប្បធម៌ជនជាតិដើមភាគតិច តំបន់វាលរំប្លង់ ដំណើរកម្សាន្តតាមដងទន្លេសេសាន ទន្លេស្រែពក និងតំបន់ទស្សនាសត្វព្រៃនៃឧទ្យានជាតិវីរជ័យ៕