ចាស់​ទុំ៖ វិស័យ​អប់រំ​និង​សីលធម៌​នៅ​សង្គម​ខ្មែរ​បច្ចុប្បន្ន​ធ្លាក់​ចុះ

ដោយ កែវពេជ្រ មេត្តា
2014.03.23
Share on WhatsApp
Share on WhatsApp

ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន​សព្វថ្ងៃ​នេះ បាន​រំលឹក​អំពី​ការ​អប់រំ​កូន​ចៅ​របស់​ដូនតា​ខ្មែរ​កាល​ពី​សម័យ​ទសវត្សរ៍​ទី​៥០ ទៅ ទី​៦០ ថា​គឺ​ជា​ការ​អប់រំ​មួយ​មាន​តម្លៃ និង​មាន​គុណធម៌​ខ្ពស់ បើ​ធ្វើ​ការ​ប្រៀបធៀប​នឹង​ការ​អប់រំ​សម័យ​បច្ចុប្បន្ន។

ចាស់​ទុំ​ទាំង​នោះ​បាន​អំពាវនាវ​សុំ​ឲ្យ​មាតា​បិតា​ទាំង​អស់ ព្រម​ទាំង​ក្រសួង​អប់រំ សហការ​គ្នា​លើ​វិស័យ​សិក្សា​អប់រំ ដើម្បី​ពង្រឹង​បុត្រ​ធីតា​ខ្មែរ​ជំនាន់​នេះ ឬ​ជំនាន់​ក្រោយ​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ទាំង​ចរិយា​សម្បត្តិ និង​វិជ្ជា​សម្បត្តិ​ដូច​កាល​ពី​ជំនាន់​មុន។

តើ​ការ​អប់រំ​ទូន្មាន​កូន​ចៅ​នៅ​ក្នុង​ជំនាន់​ទសវត្សរ៍​ទី​៥០ ទៅ​ទី​៦០ មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ខ្លះ ដែល​ចាស់​ទុំ​ក្នុង​ជំនាន់​នេះ​ចង់​ឲ្យ​យក​គំរូ​តាម​នោះ?

ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ឆ្លង​កាត់​របប​ច្រើន​ជំនាន់​តាំង​ពី​សម័យ​ទសវត្សរ៍​ទី​៥០ រហូត​ដល់​សព្វថ្ងៃ បាន​សម្ដែង​ក្តី​បារម្ភ​ថា វិស័យ​សិក្សា​អប់រំ ទាំង​ផ្នែក​ចំណេះ​ដឹង​ទូទៅ និង​ទាំង​ផ្នែក​គុណធម៌ សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​អប់រំ​របស់​សង្គម​ខ្មែរ​កាល​ពី​ជាង ៤​ទសវត្សរ៍​មុន។

លោក​បាន​បន្ត​ថា កាល​ពី​សម័យ​ទសវត្សរ៍​ទី​៥០ ទៅ​ទី​៦០ កាល​នោះ​ដូនតា​ខ្មែរ​លោក​មាន​ទេពកោសល្យ​អប់រំ​កូន​ចៅ​យ៉ាង​មាន​តម្លៃ​ខ្ពស់ ទាំង​ចំណេះ​វិជ្ជា ទាំង​ផ្នែក​សីលធម៌ ដែល​ធ្វើ​ឲ្យ​កូន​ចៅ​យុវជន យុវតី​ក្នុង​សម័យ​នោះ ភាគ​ច្រើន​មាន​ចរិយា​ធម៌​ល្អ ចេះ​គោរព​កោតក្រែង​ស្ដាប់​ដំបូន្មាន​ម្ដាយ​ឪពុក គោរព​ចាស់​ទុំ គោរព​គ្រូបាអាចារ្យ​របស់​ខ្លួន ហើយ​និង​ប្រឹងប្រែង​ឧស្សាហ៍​សិក្សា​រៀន​សូត្រ​ដោយ​មិន​ចាំបាច់​ឲ្យ​ឪពុក​ម្ដាយ​ខ្វល់ខ្វាយ​ប៉ុន្មាន​ឡើយ។

ក្នុង​ចំណោម​ចាស់​ទុំ​ទាំង​នោះ ព្រឹទ្ធាចារ្យ​មួយ​រូប​ឈ្មោះ មាស លី នៅ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា ប្រការ​ដែល​ធ្វើ​ឲ្យ​កូនចៅ​ខ្មែរ​សម័យ​មុន ភាគ​ច្រើន​មាន​ចំណេះវិជ្ជា និង​ចរិយា​ធម៌​ល្អ ពីព្រោះ​ដូនតា​ខ្មែរ​នៅ​សម័យ​មុន​នោះ គឺ​លោក​មាន​វិធីសាស្ត្រ និង​ព្យាយាម​អប់រំ​បុត្រ​ធីតា​របស់​ខ្លួន​បន្ត​ជាប់​រហូត​ចាប់​តាំង​ពី​កូន​ចៅ​នៅ​វ័យ​តូចៗ រហូត​ដល់​ធំ​ពេញ​វ័យ ឬ​រហូត​ដល់​ទុក​ដាក់​ឲ្យ​មាន​គូស្រករ។

លោក​បន្ត​ថា កត្តា​សំខាន់​មួយ​ទៀត​នៅ​ក្នុង​ការ​អប់រំ​កូន​ចៅ​របស់​ដូនតា​ខ្មែរ​នៅ​សម័យ​មុន គឺ​លោក​ទូន្មាន​អប់រំ​ដោយ​យក​ព្រះពុទ្ធ​សាសនា​ជា​គោល គឺ​ឲ្យ​ខ្លាច​អំពើ​បាប ខ្មាស​អំពើ​បាប ឬ​អប់រំ​ឲ្យ​ចៀសវាង​ធ្វើ​អំពើ​អាក្រក់​ផង​ទាំង​ពួង​ជាដើម៖ «ហាម​ប្រាម​ដល់​កូន​ធំ​បន្តិច​ទៅ​ចេះ​កាន់​ព្រនង់ កាន់​ដំបង កាន់​ចម្ពាម​ជា​អាវុធ​អី ថា៖ កូន​អ្ហា! កុំ​វ៉ៃ​អ្នក​ដទៃ​ណា! កុំ​សម្លាប់​សត្វ កូន​ឯង​កុំ​ធ្វើ​លួច​ទ្រព្យ​គេ កូន​ឯង​កុំ​ធ្វើ​បាប​អ្នក​ដទៃ ជា​សត្វ ឬ​ក៏​ជា​បុគ្គល ជា​មិត្ត​ភក្ដិ​របស់​កូន វៀរចាក​អំពើ​បាប​ទាំង​អស់​នោះ គឺ​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ណា​កូន។ ដូច្នេះ​ត្រកូល​ហ្នឹង​ក្នុង​ការ​អប់រំ​បុត្រ​ធីតា​មាន​ច្រើន...»

ចំពោះ​ការ​អប់រំ​ទូន្មាន​កូន​ចៅ​នៅ​ក្នុង​សង្គម​ខ្មែរ​កាល​ពី​ជំនាន់​មុន​ដែល​ថា មាន​គុណភាព​ល្អ ដោយ​បុត្រ​ធីតា​ចេះ​គោរព​កោតក្រែង​មាតា បិតា គ្រូអាចារ្យ​នោះ គេ​បាន​ផ្ដោត​ជា​សារសំខាន់​មួយ​ទៀត​ថា គឺ​ការ​ជួយ​អប់រំ​របស់​គ្រូ​នៅ​ក្នុង​សាលារៀន។

ម្យ៉ាងទៀត​នៅ​ក្នុង​កម្មវិធី​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ជាតិ​គេ​មាន​បញ្ចូល​របៀប​អប់រំ​តាម​រយៈ​មេរៀន​នីមួយៗ ដូច​ជា​មេរៀន​សុជីវធម៌ ឬ​មេសូត្រ​រត់មាត់​ជាដើម។ តួយ៉ាង​ដូចជា មេសូត្រ​រត់​មាត់​មួយ​ដែល​មាន​នៅ​ក្នុង​កម្មវិធី​អប់រំ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៥០ ឬ​ទី​៦០ ត្រង់​អន្លើ​មួយ​បាន​ចែង​ថា៖ "ម៉ែ​ឪ​មាន​គុណ គុណ​មាន​ទម្ងន់ ធ្ងន់​លើស​ប្រថពី គ្មាន​អ្វី​នឹង​ស្មើ គុណ​លោក​ទាំង​ពីរ មាស​ប៉ុន​គិរី ថ្លៃ​ពុំ​ស្មើ​ផង"។

"រី​គ្រូ​បាធ្យាយ ប្រដូច​នៅ​ម្ដាយ ឪពុក​ឯង​ផង ហ្វឹក​ប្រៀន​ប្រដៅ កុំ​ឲ្យ​មាន​ឆ្គង ដើរ​តាម​គន្លង ព្រេង​ព្រឹទ្ធ​បុរាណ"៖ នៅ​ក្នុង​មេសូត្រ​រត់​មាត់​នេះ គឺ​ចង់​បង្ហាញ​បញ្ជាក់​ដល់​កុលបុត្រ កុលធីតា​ខ្មែរ​ថា ឪពុក​ម្ដាយ​គឺ​មាន​គុណ​ធ្ងន់​ក្រាស់ក្រៃ មិន​អាច​រាប់​បាន​ប្រមាណ​មិន​កើត​ទេ ពីព្រោះ​លោក​ទាំង​ពីរ​បាន​បង្កើត​រូបរាង​កាយ​កូនៗ​គ្រប់​រូប​មក​ហើយ ហើយ​បាន​ចិញ្ចឹម​បីបាច់​រក្សា​គ្រប់គ្រង​កូន​ចៅ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ រហូត​ដល់​កើត​និង​ធំ​ពេញ​វ័យ​ដោយ​ពុំ​មាន​ចិត្ត​រង្កៀស​ធុញ​ទ្រាន់​សោះ​ឡើយ គឺ​មាន​តែ​ចិត្ត​មេត្តា​អាណិត​ស្រឡាញ់​កូន​ចៅ​តែប៉ុណ្ណោះ។

ចំណែក​ឯ​គ្រូបង្រៀន​វិញ​ក៏​ចាត់​ទុក​ថា ជា​អ្នក​មាន​គុណ​ធ្ងន់​ដែរ គឺ​ទុក​ដូច​ជា​មាតាបិតា​ទី​២ ពីព្រោះ​លោក​បាន​ជួយ​បង្ហាត់​បង្រៀន​ផ្ដល់​ចំណេះវិជ្ជា​ផង​ទាំង​ឡាយ​ដល់​កូន​សិស្ស​របស់​ខ្លួន​ឲ្យ​បាន​ចេះដឹង ដើម្បី​យក​ចំណេះ​ដឹង​នេះ​ទៅ​ប្រើប្រាស់​សម្រាប់​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​ក្រោយ។

ទាក់ទង​នឹង​ការ​អប់រំ​នោះ​ដែរ ចាស់​ព្រឹទ្ធាចារ្យ និង​ជា​អតីត​គ្រូបង្រៀន​មួយ​រូប​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០ ឈ្មោះ សោភ័ណ បាន​មាន​ប្រសាសន៍​ថា ការ​អប់រំ​នៅ​ក្នុង​សម័យ​មុនៗ ដូចជា​ទសវត្សរ៍​ទី​៦០ គឺ​មាន​តម្លៃ​ខ្ពស់ ពីព្រោះ​ក្នុង​សម័យ​នោះ​ទាំង​មាតា​បិតា ទាំង​គ្រូ​បង្រៀន និង​ទាំង​ក្រសួង​សិក្សាធិការ​ជាតិ បាន​សហការ​គ្នា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​អប់រំ​កូនចៅ សិស្សានុសិស្ស។

លោក​បាន​បន្ត​ថា ដូចជា​នៅ​ក្នុង​កម្មវិធី​សិក្សា​ក្នុង​សាលារៀន​ដែល​មាន​បង្កើត​បែបបទ​មេ​សូត្រ​រត់មាត់​ជាដើម គឺ​ដើម្បី​ឲ្យ​កុមារ​សិស្សានុសិស្ស​ងាយ​ស្រួល សិក្សា​សូត្រ​ទន្ទេញ​ឲ្យ​ចាំ​ពី​ខ្លឹមសារ និង​អត្ថន័យ​នៃ​មេសូត្រ​នីមួយៗ ដូចជា​មេសូត្រ​អំពី​គុណ​ម្ដាយ​ឪពុក និង​គ្រូបាអាចារ្យ និង​មេសូត្រ​ផ្សេងៗ​ទៀត​ជា​ច្រើន ដែល​សុទ្ធសឹងតែ​បង្កប់​ខ្លឹមសារ​អប់រំ។

លោក សោភ័ណ៖ «មេសូត្រ​រត់​មាត់​នេះ​មិន​មែន​ត្រឹម​ថា ចាំ​ស្ទាត់​អី​ប៉ុណ្ណឹង​ទេ គឺ​ទាក់ទង​នឹង​សុជីវធម៌​ទៅ​ទៀត។ កូន​សិស្ស​ពី​ដើម​ឃើញ​លោក​សង្ឃ​អី​គឺ​ថា ចុះ​ពី​កង់ ហើយ​ឈរ​ស្ងៀម ហើយ​ឱន​លើក​ដៃ​សំពះ។ ឃើញ​គ្រូ​ជិះកង់​អ៊ីចឹង​ឈប់​ស្ងៀម លើក​ដៃ​សំពះ។ ទាំង​គ្រូ ទាំង​សិស្ស​ហ្នឹង។ ឥឡូវ​ហ្នឹង​អត់​ទេ គឺ​កូន​សិស្ស​ហ្នឹង​ឃើញ​គ្រូ​ចង់​ញាក់​មុខ​ដាក់​គ្រូ​ទៅ​ទៀត។ ឃើញ​លោក​សង្ឃ​គ្មាន​ដោះ​មួក​ដោះ​អី​ទេ គ្មាន​គោរព​អី​ទេ។ អា​ហ្នឹង​ហើយ​ទាក់ទង​នឹង​សុជីវធម៌ ទាក់ទង​នឹង​ការ​ប្រៀនប្រដៅ​ដែល​កម្មវិធី​ពី​ដើម​ឲ្យ​មាន​មេសូត្រ​រត់​មាត់ វា​ទាក់ទង​ច្រើន​ណាស់»

ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន​ទៀត​បាន​បញ្ជាក់​ដែរ​ថា សព្វថ្ងៃ​នេះ​គេ​ឃើញ​ការ​អប់រំ​ទូន្មាន​កូន​ចៅ​ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ​តូច និង​នៅ​តាម​សហគមន៍​សាលារៀន​ក្តី បាន​ធ្លាក់​ចុះ​ច្រើន ដោយសារ​ការ​មិន​សូវ​មាន​កិច្ច​សហការ​គ្នា​រវាង​ឪពុក​ម្ដាយ​និង​សាលារៀន ពិសេស​ក្រសួង​អប់រំ​យុវជន​ និងកីឡា។ លោក​បន្ត​ថា គេ​មិន​អាច​បន្ទោស ឬ​មើល​បំណាំ​គ្នា​ទេ​ចំពោះ​ការ​អប់រំ​ទូន្មាន​កុលបុត្រ​កុលធីតា។ ប៉ុន្តែ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​អំពី​រឿង​នេះ​ខ្លាំង​ជាង​គេ គឺ​មាតា​បិតា និង​ក្រសួង​អប់រំ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​បាន​អំពាវនាវ​សុំ​ដល់​មាតា​បិតា គ្រូបង្រៀន ពិសេស​ក្រសួង​អប់រំ ឲ្យ​មាន​កិច្ច​សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​គុណ​តម្លៃ​នៃ​ការ​សិក្សា​ចំណេះ​វិជ្ជា និង​សីលធម៌​របស់​កូនចៅ សិស្សានុសិស្ស​ដោយ​ជួយ​លើក​ទឹក​ចិត្ត ពួកគេ​ឲ្យ​ស្រឡាញ់​ការ​សិក្សា និង​បង្កើន​គុណធម៌។

លោក​បាន​បន្ថែម​ថា បើ​កាលណា​យុវជន​យុវតី​ខ្មែរ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ មាន​សីលធម៌ គុណធម៌​ល្អ នោះ​គឺ​កម្ពុជា នឹង​មាន​ធនធាន​មនុស្ស​ល្អ និង​ជា​មូលដ្ឋាន​គ្រឹះ​មួយ​រឹង​មាំ ដែល​អាច​ជួយ​កសាង​សង្គម​ជាតិ​ខ្មែរ​ឆ្ពោះ​ទៅ​រក​សុខ​សន្តិភាព​និង​រុងរឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន សែន បន្ត​ឌឺដង​ដាក់​សហភាព​អឺរ៉ុប​រឿង​ដក EBA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល