រំលឹក​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​កាល​ពី​ឆ្នាំ​មុន

ដោយ វណ្ណ វិចារ
2015.01.03
Share on WhatsApp
Share on WhatsApp
កម្មករ ប៉ូលិស ផ្លូវ​វ៉េងស្រេង ៦១០ បាតុករ​ដែល​ត្រូវ​កម្លាំង​ចម្រុះ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ម្ដុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Jeevita

ល្ងាច​ថ្ងៃ​ទី​៣ ខែ​មករា កាល​ពី​ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​គ្រួសារ​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ស្រក់​ទឹកភ្នែក យំ​ស្រែក​ដោយសារតែ​សាច់ញាតិ​របស់​ពួកគេ​ត្រូវ​បាន​ស្លាប់ និង​របួស​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង។ ពលរដ្ឋ​ទាំង​នោះ​រងគ្រោះ​ដោយសារ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​មិន​ទាន់​ត្រូវ​បាន​លាតត្រដាង​ឡើយ ចំណែក​ឯ​ឃាតក​ក៏​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​ដែរ។

ពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់ ជួបជុំ​គ្នា​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​បង្ក្រាប​បាតុកម្ម​នៅ​ជិត​ពេទ្យ​ឯកជន​មួយ​ឈ្មោះ​ពេទ្យ​ឯករាជ្យ នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង។ ទី​នេះ​ជា​កន្លែង​កើតមាន​បាតុកម្ម​ហិង្សា​កាល​ពី​មួយ​ឆ្នាំ​មុន។ បាតុកម្ម​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កើត​ឡើង​បន្ទាប់ពី​ក្រុម​កម្មករ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ បាន​ធ្វើ​កូដកម្ម​ដោយ​ប្រមូល​លុយ​គ្នា​ចាក់​ធុងបាស រាំ​ច្រៀង ស្រែក​ហ៊ោ​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​១​ខែ។

នៅ​វេលា​ម៉ោង ៤ និង ១៥​នាទី ល្ងាច​ថ្ងៃ​ទី​២ ខែ​មករា ក្រុម​ប្រដាប់​អាវុធ​ដែល​មាន​គ្នីគ្នា​ជិត ១០០​នាក់ ប្រដាប់​ដោយ​ខែល​ដំបង​ឆក់ ព្រនង់​ដែក បាន​ចុះ​វាយ​បំបែក​កូដ​ករ​ដែល​រាំច្រៀង​ធ្វើ​កូដកម្ម ដោយ​អហិង្សា បណ្ដាល​ឲ្យ​កម្មករ កម្មការិនី​ជាង ១០​នាក់​រង​របួស​ជា​ដំណំ។ បន្ទាប់ពី​កងកម្លាំង​ប្រើ​ហិង្សា​ទៅ​លើ​កូដករ​រួច​មក ក្រុម​កម្មករ​ដែល​រស់​នៅ​ក្បែរ​នោះ​បាន​ស្រុះស្រួល​គ្នា​លើក​កម្លាំង​មក​បិទ​ផ្លូវ និង​ស្រែក​ដង្ហោយ​ឲ្យ​សមត្ថកិច្ច​ចេញ​មក​សូមទោស​ចំពោះ​កម្មករ​ដែល​រង​របួស។

ក្រុម​កម្មករ​បាន​បិទ​ផ្លូវ​វ៉េងស្រេង ដុត​កង់ឡាន ដុត​បំផ្លាញ​ម៉ូតូ​របស់​សន្តិសុខ​រោងចក្រ និង​ត្រៀម​ប្រយុទ្ធ​សងសឹក​ចំពោះ​អាជ្ញាធរ។ ភ្លើង​ឆេះ​កង់ឡាន​សន្ធោសន្ធៅ​ស្របគ្នា​នឹង​ភ្លើង​កំហឹង​របស់​យុវកម្មករ​កំពុង​ពុះពោរ អ្នក​ខ្លះ​កាន់​ដំបង កាន់​ដប​ទឹក​ក្រូច​ច្រក​សាំង និង​ឈរ​ចាំ​ប្រយុទ្ធ។

ការ​តវ៉ា​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ប៉ុន្តែ​មិន​មាន​ក្រុម​មន្ត្រី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចូល​មក​ចរចា​ជាមួយ​ក្រុម​បាតុករ​នោះ​ឡើយ។ មិន​ថា​តែ​រដ្ឋាភិបាល​ទេ បក្ស​ប្រឆាំង និង​សហជីព​ក៏​មិន​បាន​ចេញមុខ​ពន្លត់ភ្លើង​កំហឹង​កម្មករ​នៅ​ពេល​នោះ​ដែរ។ លុះ​ដល់​យប់​ជ្រៅ សមត្ថកិច្ច​រាប់​រយ​នាក់​បាន​បាញ់​បង្ក្រាប​អ្នក​តវ៉ា​តែម្ដង។

កំណាត់​ផ្លូវ​វ៉េងស្រេង នៅ​ម្តុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា បាន​ប្រែ​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​រវាង​កម្មករ​ប្រដាប់​ដោយ​ដុំ​ថ្ម ដប​សាំង និង​ក្រុម​ទាហាន​ទ័ព​ពិសេស​ប្រដាប់​ដោយ​អាវុធ​ទំនើបៗ។ សមត្ថកិច្ច​ខ្លះ ត្រូវ​ដុំ​ថ្ម​ឈាម​ក្បាល ប៉ុន្តែ​កម្មករ​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់ ៥​នាក់ រង​របួស​ជិត​ ៤០​នាក់​ហើយ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​ជាង ១០​នាក់​យក​ទៅ​ធ្វើ​ទារុណកម្ម​និង​ដាក់​គុក។

​សំណុំរឿង​ផ្លូវ​វ៉េងស្រេង ត្រូវ​បាន​តុលាការ​កាត់​ក្តី​តាម​បណ្ដឹង​អាជ្ញា​របស់​កម្លាំង​សមត្ថកិច្ច​ដោយ​មាន​ប៉ូលិស​ដែល​រង​របួស​ចូល​បំភ្លឺ។ ប៉ុន្តែ​រឿង​ដែល​កម្មករ​ស្លាប់ និង​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច​នោះ ហាក់​ត្រូវ​បាន​តុលាការ​ធ្វើ​ជា​ភ្លេច។

​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៥ ជា​ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង សាច់​ញាតិ​កម្មករ​ដែល​បាន​ស្លាប់​រួម​នឹង​សង្គម​ស៊ីវិល ព្រះសង្ឃ​បាន​ជួបជុំ​គ្នា​នៅ​ផ្លូវ​វ៉េងស្រេង ដើម្បី​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ។ បំណង​សំខាន់​របស់​អ្នក​ចូល​រួម គឺ​ចង់​ឃើញ​សង្គម​កម្ពុជា មាន​យុត្តិធម៌ ឃាតក​សម្លាប់​មនុស្ស​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

អង្គុយ​ស្ដាប់​សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​បណ្ដើរ យំ​បណ្ដើរ កម្មការិនី​រោងចក្រ លោកស្រី ឈី ផានិត ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​ត្រូវ​បាន​ទាហាន​បាញ់​សម្លាប់​ដោយ​ចោទ​ថា បះបោរ។ ប៉ុន្តែ​ធាតុ​ពិត​កម្មករ​ទាំង​អស់​គ្រាន់​តែ​ចង់​បាន​ការ​រស់​នៅ​សមរម្យ​ប៉ុណ្ណោះ។ លោកស្រី​បន្ត​ថា ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ ដើម្បី​រក​យុត្តិធម៌​ជូន​ប្តី​ដែល​ស្លាប់​ទៅ​ដែរ ប៉ុន្តែ​លទ្ធផល​គឺ​ស្ងាត់ឈឹង​តែម្ដង។ ស្ត្រី​រូប​នេះ​បន្ថែម​ថា ដ៏​រាប​ណា​ឃាតក​មិន​ត្រូវ​បាន​ផ្ដន្ទាទោស​នោះ​អ្នក​ស្លាប់ ស្លាប់​ទៅ​ក៏​បិទ​ភ្នែក​មិន​ជិត​ដែរ។

​អង្គុយ​ឱប​រូបថត​កូន​នៅ​ថ្ងៃ​ប្រារព្ធ​ខួប​នោះ ស្ត្រី​វ័យ​ជាង ៥០​ឆ្នាំ បាន​និយាយ​ទាំង​អួល​ដើមក​ថា កូន​របស់​គាត់​ត្រូវ​ទាហាន​បាញ់​ស្លាប់​កាល​ពី​ឆ្នាំមុន​ក្នុង​អាយុ ២២​ឆ្នាំ។ លោកស្រី​បញ្ជាក់​ថា បំណង​ធំ​របស់​គាត់​នៅ​ពេល​នេះ គឺ​ចង់​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង និង​នាំ​ឃាតក​បាញ់​សម្លាប់​កូន​គាត់​យក​ទៅ​ដាក់​ទោស​តាម​ច្បាប់។

​ទោះជា​បែប​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​​ថា សំណុំរឿង​ផ្លូវ​វ៉េងស្រេង មិនទាន់​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​ធ្លាប់​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ មិន​ដែល​បោះបង់​សំណុំរឿង​ណា​មួយ​ចោល​ដែរ ហើយ​សំណុំរឿង​ទាក់ទង​នឹង​ការ​សម្លាប់​មនុស្ស​នោះ ក៏​មិន​អាច​រលត់​បណ្ដឹង​អាជ្ញា​នោះ​ទេ។

​ទោះជា​បែប​ណា​ក៏ដោយ សង្គម​ស៊ីវិល​ចាត់​ទុក​ថា សំណុំរឿង​ផ្លូវ​វ៉េងស្រេង ជា​ឈុត​ឆាក​នយោបាយ​ដែល​គណបក្ស​កាន់​អំណាច​រៀបចំ​ឡើង​ដើម្បី​បង្អាក់​បាតុកម្ម​របស់​បក្ស​ប្រឆាំង ព្រោះ​ថា បន្ទាប់ពី​កង​កម្លាំង​ប្រើ​ហិង្សា​ទៅលើ​បាញ់​បង្ក្រាប​បាតុករ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​រួច រដ្ឋាភិបាល​ក៏​ស្រាប់​តែ​មាន​លេស​បង្ក្រាប​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​បន្ត​ទៀត។ ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​បិទ​អស់​ជា​ច្រើន​ខែ។

​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​សមត្ថកិច្ច​បាញ់សម្លាប់​កម្មករ​ហើយ​គ្មាន​ទោសពៃរ៍​នោះ ជា​គំរូ​ដ៏​អាក្រក់​​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ លោក​បន្ថែម​ថា ឃាតក​សម្លាប់​មនុស្ស​នៅ​ផ្លូវ​វ៉េងស្រេង នឹង​នៅ​តែ​រួច​ខ្លួន ដោយសារ​តែ​ហេតុផល​នយោបាយ។

​ក្រៅពី​សាច់ញាតិ​អ្នក​ស្លាប់ អ្នក​រង​របួស​ជិត ៤០​នាក់ ក៏​ជា​ដើម​ចោទ​សំខាន់​ដែល​អាច​ប្ដឹង​ទៅ​រដ្ឋាភិបាល​ដើម្បី​ទាមទារ​យុត្តិធម៌​ដែរ។ ប៉ុន្តែ​អ្នក​រង​របួស​មួយ​ចំនួន​ធំ​មិន​បាន​ចូលរួម​នោះ​ទេ សូម្បី​តែ​ថ្ងៃ​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​ប្រហារ​ថ្ងៃ​ទី​៣ ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល