យុវជន​ឆ្នើម​កម្ពុជា​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

កញ្ញា ហេង ម៉ាលីកា អាយុ ១៩​ឆ្នាំ គឺ​ជា​យុវតី​មួយ​រូប​ក្នុង​ចំណោម​យុវជន ២​នាក់ បាន​ទទួល​ជយលាភី​យុវជន​ឆ្នើម​នៅ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​គេ​ជ្រើសរើស​មក​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ចំនួន ២​សប្ដាហ៍។
ដោយ ម៉ៅ សុធានី
2011.07.28
Share on WhatsApp
Share on WhatsApp

កញ្ញា ហេង ម៉ាលីកា បាន​ថ្លែង​ថា នាង​មាន​មោទនភាព​ណាស់​ដែល​បាន​មក​សហរដ្ឋអាមេរិក​ជា​លើក​ដំបូង ដើម្បី​ស្វែង​យល់​ពី​ប្រទេស​មហា​អំណាច​មួយ​នេះ។

យុវតី ហេង ម៉ាលីកា ជា​និស្សិត​ឆ្នាំ​ទី​ពីរ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ​ផ្នែក​ភាសា​អង់គ្លេស និង​ធនាគារ​ហិរញ្ញវត្ថុ។ កញ្ញា​ថ្លែង​ដោយ​ក្ដី​អំណរ ដោយ​មិន​នឹក​ស្មាន​ថា នាង​បាន​ត្រូវ​គេ​ជ្រើសរើស​ក្នុង​ចំណោម​បេក្ខភាព​និស្សិត​ជា​ច្រើន​រយ​នាក់ ដើម្បី​មក​ទស្សនា​សហរដ្ឋអាមេរិក​ចំនួន ២​សប្ដាហ៍​នោះ​ទេ។

នាង​បាន​រៀបរាប់​អំពី​គម្រោង​កម្មវិធី​ដែល​បាន​ស្នើ​សុំ​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​យុវជន​ឆ្នើម​វគ្គ​ទី​៧ ដែល​អាច​ជួយ​ឲ្យ​នាង​បាន​មក​កាន់​សហរដ្ឋអាមេរិក​យ៉ាង​ដូច​នេះ ៖ «កម្មវិធី​នេះ​ត្រូវ​បាន​ឆ្លង​កាត់​ដំណាក់កាល​យ៉ាង​ច្រើន មាន​រយៈពេល ៣​ខែ សម្រាប់​យុវជន​នីមួយៗ។ មិន​មែន​ជា​កម្មវិធី​គ្រាន់​តែ​សរសេរ​ទេ គឺ​យើង​អនុវត្ត​ផ្ទាល់​តែម្ដង។ ឧទាហរណ៍ ដូចជា​គេ​ឲ្យ​លុយ​យើង ៥០​ដុល្លារ ដើម្បី​ធ្វើ​ផ្លូវ តើ​ត្រូវ​ធ្វើ​ដូចម្ដេច? ដូចនេះ​យើង​ត្រូវ​ធ្វើ​គម្រោង​សុំ​ពី​អង្គការ​នានា ឬ​ក៏​អ្នក​ធំ​ដទៃ​ទៀត ដើម្បី​បាន​ប្រាក់​បន្ថែម និង​បញ្ចុះបញ្ចូល​ពលរដ្ឋ​ឲ្យ​មក​ចូល​រួម​ធ្វើ​ផ្លូវ»

គម្រោង​សាងសង់​ផ្លូវ​លំ​នោះ គឺ​មាន​ប្រវែង ១០០​ម៉ែត្រ​ដែល​កញ្ញា ហេង ម៉ាលីកា ជ្រើស​យក​នៅ​ក្នុង​ភូមិ​ព្រែកតាថុក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ៖ «យើង​មាន​ប្រាក់​តែ ៥០​ដុល្លារ បើ​សិន​ទទួល​បាន​ប្រាក់​បន្ថែម គឺ​បាន​តែ ៣០០​ដុល្លារ​ប៉ុណ្ណោះ។ ដូច្នេះ​យើង​អត់​មាន​រ៉ូឡូកិន ឬ​មាន​កៅស៊ូ​ចាក់​ទេ យើង​ប្រើ​តែ​ចប បង្គី ហើយ​អ្នក​ភូមិ​នៅ​ទី​នោះ​ជួយ​ចាក់​ដី​នាំ​គ្នា​ជាន់​សង្កត់​ឲ្យ​ណែន។ គម្រោង​ហ្នឹង​ធ្វើ​តែ ៣​ថ្ងៃ​ទេ គេ​ប្រាប់​ខ្ញុំ​ថ្ងៃ​ពុធ ថ្ងៃ​ព្រហស្បតិ៍ ចាប់​ផ្ដើម​ធ្វើ​ថ្ងៃ​សុក្រ សៅរ៍ ហើយ​ថ្ងៃ​អាទិត្យ​គឺ​ហើយ។ អ្នក​ស្រុក​មក​ជួយ​ជាង ២០០​នាក់»

បច្ចុប្បន្ន កញ្ញា ម៉ាលីកា រស់​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន។ នាង​បន្ត​ថា និស្សិត ២​នាក់​បាន​ជាប់​ជា​ជយលាភី​យុវជន​ឆ្នើម​វគ្គ​លើក​ទី​៧​នេះ គឺ​រូប​នាង និង​យុវជន​ឈ្មោះ សេង វីរៈ អាយុ ២៦​ឆ្នាំ។

កម្មវិធី​យុវជន​ឆ្នើម​នេះ​ជួយ​ឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​កាត់​ថា IRI និង​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក USAID ហើយ​ដែល​គោលដៅ​ចម្បង គឺ​ស្វែង​យល់​អំពី​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jul 27, 2011 11:56 PM

I happy to hear that Cambodia students get the scholarship.I hope all of the students must struggle to study.