ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនបារម្ភពីបញ្ហាអសន្តិសុខ
2011.07.09
អ្នកស្រុករស់នៅខេត្តប៉ៃលិន បានអំពាវនាវសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ចាត់វិធានការពង្រឹងតួនាទីក្រុមមន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌ ដែលបានខកខានមិនបានចាប់ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ បើទោះបីមានករណីចោរប្លន់ប្រដាប់អាវុធបានកើតមានឡើងជាបន្តបន្ទាប់នៅក្នុងខេត្តប៉ៃលិននាឆ្នាំ២០១១ នេះ។
ប្រភពពីក្រុមអ្នកភូមិដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងឲ្យដឹងនៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ថា ភាពភ័យខ្លាចពីកត្តាសន្តិសុខក្នុងមូលដ្ឋានកំពុងកើតមានទៅលើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្រុមអាជីវករ និងអ្នកស្រុកធ្វើស្រែចម្ការ ដោយសារករណីប្លន់ប្រដាប់អាវុធនៅក្នុងខេត្តប៉ៃលិន ៖ «ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន គាត់ភ័យខ្លាចករណីហ្នឹងឯង អ្នកខ្លះគាត់ល្ងាចឡើងម៉ោង ៤មិនទាន់គាត់បិទទ្វារអស់ហើយ។ ប្លន់ច្រើនដង។ ករណីប្លន់ទូរមាសមួយទៀត ប្លន់ដោយស្ងាត់ ចូលទៅភ្ជង់យកលុយ ប៉ុន្តែគេបិទ គេអត់និយាយទេអាហ្នឹង»។
ក្ដីកង្វល់របស់អ្នកភូមិកើតមានកាន់តែខ្លាំងថែមទៀត នៅគ្រាដែលក្រុមចោរមានគ្នាពីរនាក់ បានធ្វើសកម្មភាពចូលប្លន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន កាលពីរសៀលថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១១។
ប្រភពពីសាក្សីឃើញហេតុការណ៍ឲ្យដឹងថា ក្រុមចោរមានគ្នា ២នាក់ ជិះម៉ូតូ ១គ្រឿង ស្លៀកពាក់ស៊ីវិល ម្នាក់ពាក់មួកសុវត្ថិភាព និងម្នាក់ទៀតពាក់ម៉ាស់មុខ ប្រដាប់ដោយអាវុធខ្លីពីរដើម បានចូលទៅធ្វើសកម្មភាពប្លន់នៅពេលដែលសន្តិសុខម្នាក់ និងបុគ្គលិកស្ត្រីផ្នែកគណនេយ្យម្នាក់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ កំពុងធ្វើការនៅគ្រានោះ។
ប្រភពបានបន្តថា ក្រោយពីធ្វើសកម្មភាពប្លន់ប្រមូលលុយបានរួចហើយ ក្រុមចោរប្លន់បានជិះម៉ូតូចេញទៅបាត់ ដោយពុំមានឃើញសមត្ថកិច្ចប៉ូលិសដេញតាមចាប់ឡើយ។ នៅក្នុងសកម្មភាពប្លន់នេះ ក្រុមចោរបានបាញ់ទៅលើសន្តិសុខម្នាក់ឱ្យរងរបួសស្រាល បន្ទាប់មកក្រុមចោរបានចូលទៅភ្ជង់លើបុគ្គលិករបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់ដើម្បីយកប្រាក់ ៖ «បើយើងគិតជាលុយបាត លុយខ្មែរ លុយដុល្លារ សរុបទាំងអស់ជិត ១ម៉ឺនដុល្លារ។ លុយដុល្លារអស់ ៥.៦០៣ដុល្លារ ហើយលុយបាតអស់ ២៥.៥៨៥បាត និងលុយខ្មែរអស់ ៩.១២៧.២០០រៀល»។
ក្រុមអ្នកភូមិបានរិះគន់ថា នៅក្រោយការប្លន់ ក្រុមប៉ូលិសព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះទៅធ្វើកំណត់ហេតុ ប៉ុន្តែគេមិនឃើញក្រុមប៉ូលិសបញ្ជាកងកម្លាំងក្នុងការដេញតាមចាប់ក្រុមចោរប្លន់ទាំងពីរនោះឡើយ។
លោក ជា ចាន់ឌិន ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ នៅមិនទាន់អាចទាក់ទងសុំសេចក្ដីបញ្ជាក់ទាក់ទិនករណីប្លន់ខាងលើនេះ និងក្ដីព្រួយបារម្ភរបស់អ្នកភូមិនេះបានឡើយ។ ប៉ុន្តែលោក អ៊ួន វិន អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍ថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវក្នុងករណីនេះ ៖ «ឥឡូវហ្នឹង យើងកំពុងធ្វើការស្រាវជ្រាវទៀត មានខាងការិយាល័យកោសល្យវិច័យ គេកំពុងធ្វើជាមួយខាងខេត្ត»។
ក្រុមអ្នកភូមិបានដាក់ការសង្ស័យថា ករណីប្លន់ប្រដាប់អាវុធកើតឡើងច្រើនលើកនៅក្នុងខេត្តប៉ៃលិន បណ្ដាលមកពីមានមនុស្សនៅខាងក្នុងខេត្តប៉ៃលិន ជាអ្នកផ្ដល់ព័ត៌មានឲ្យចោរពីខាងក្រៅចូលទៅធ្វើសកម្មភាពប្លន់ ៖ «ការពិតវាមានអ្នកនៅក្នុងគូសផែនទីឲ្យ មិនមែនប្រជាជនគាត់ទៅធ្វើអ៊ីចឹងកើតទេ ទាល់តែចាប់ចោរហ្នឹងបាន ចោរឆ្លើយដាក់បានវាចេញ។ រាជរដ្ឋាភិបាលជួយមើលខេត្តប៉ៃលិន តែពីរស្រុកសោះ ហើយចោរប្លន់ទាំងថ្ងៃៗ មិនដែលចាប់ចោរបានផងហ្នឹង តើសមត្ថកិច្ចអស់លោកគាត់ធ្វើអីខ្លះ?»។
ទាក់ទិនក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះ លោក សៅ សារ៉ាត់ នាយខុទ្ទកាល័យសាលាខេត្តប៉ៃលិន បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពខេត្ត បានធ្វើការកោះស្នងការ ស្នងការរងនៃនគរបាលខេត្តប៉ៃលិន និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រជុំធ្វើការណែនាំជាបន្តបន្ទាប់ ប៉ុន្តែមានករណីមួយចំនួន ក្រុមសមត្ថកិច្ចប៉ូលិសធ្វើពុំបានសម្រេចតាមសំណូមពរនោះឡើយ។
ប្រភពពីអ្នកខេត្តប៉ៃលិន បានឲ្យដឹងថា នៅឆ្នាំ២០១១នេះ យ៉ាងហោចណាស់មានករណីប្លន់ទូរមាស ប្លន់កន្លែងប្តូរប្រាក់ បូកនឹងការប្លន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ កាលពីពេលថ្មីៗនេះ ប៉ុន្តែក្រុមនគរបាលខេត្តប៉ៃលិន នៅមិនទាន់បានចាប់ក្រុមចោរប្លន់ទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់បាននោះឡើយ ដែលបញ្ហានេះបានធ្វើឲ្យក្រុមប្រជាពលរដ្ឋមានក្ដីព្រួយបារម្ភកាន់តែខ្លាំងថែមទៀត៕