មន្ត្រី​​​មហាផ្ទៃ​ថា​មិន​ទាន់​បាន​ទទួល​លិខិត​សុំ​កិច្ច​អន្តរាគមន៍​របស់​លោក ប៉ាវ ស៊ីណា

ដោយ ម៉ម មុនីរតន៍
2015-03-01
Share
ប៉ាវ ស៊ីណា ៦២០ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ២០១៤។
RFA/Leng Maly

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ថា ស្ថាប័ន​ជំនាញ​មួយ​នេះ​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​របស់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​អំពី​គម្រោង​បាញ់​សម្លាប់​ពី​សំណាក់​ក្រុម​ថៅកែ​​រោងចក្រ​មួយ​ចំនួន​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ឡើយ​ទេ។ អង្គការ​សង្គម​ស៊ីវិល​ហៅ​ភាព​យឺតយ៉ាវ​របស់​អាជ្ញាធរ​រដ្ឋ​នេះ​ថា គឺ​ជា​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ។

មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឆ្លើយ​តប​ថា ពុំ​ទាន់​ឃើញ​មាន​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ណា​មួយ​របស់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅ​ឡើយ​ទេ អំពី​ការ​ចោទ​ប្រកាន់​ថា ប្រធាន​រោងចក្រ​ខ្លះ​នៅ​ក្រុង​បាវិត កំពុង​ប្រមូល​លុយ​ដើម្បី​ជួល​ឃាតក​ឲ្យ​បាញ់​សម្លាប់​លោក ប៉ាវ ស៊ីណា នោះ។

លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​នៅ​ថ្ងៃ​ទី​១ មីនា ថា រហូត​មក​ទល់​ពេល​នេះ ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​មួយ​នេះ គឺ​នៅ​មិន​ទាន់​ទទួល​បាន​ការ​​ជូន​ដំណឹង​ណា​មួយ​ពី​លោក ប៉ាវ ស៊ីណា ទេ។ ហេតុ​នេះ ខាង​ក្រសួង​មហាផ្ទៃ មិន​អាច​បើក​ការ​ស៊ើប​អង្កេត​ទៅ​រួច​ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក ខៀវ សុភ័គ ជំរុញ​ឲ្យ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ប្ដឹង​ទៅ​តុលាការ ជា​ជាង​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ផ្សេង៖ «ឮ​តែ​គាត់​បាន​លើក​ឡើង​អ៊ីចឹង ថា​មាន​ការ​សម្លាប់ មាន​ការ​សម្លាប់​អ៊ីចឹង​ទៅ។ ប៉ុន្តែ​ខាង​ព័ត៌មាន​វិញ​ថា ឲ្យ​រក​ភស្តុតាង​ឲ្យ​ឃើញ មាន​សម្លាប់​មនុស្ស​នៅ​កន្លែង​ណា? ខ្ញុំ​គិត​ថា បើ​សិន​ជា​ការ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អ៊ីចឹង វា​គ្មាន​ជា​អ្វី​បញ្ហា គួរ​តែ​ប្ដឹង​ទៅ​តុលាការ​តែម្ដង​ទៅ»

បើ​ទោះ​ជា​បែប​ណា លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ របស់​លោក ប៉ាវ ស៊ីណា ដែល​ផ្ញើ​​ឲ្យ​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​មហាផ្ទៃ ក៏​បាន​​ទទួល​ដោយ​មាន​ចុះ​កាលបរិច្ឆេទ​ក្នុង​ថ្ងៃ​តែ​​មួយ ​បាន​សរសេរ​ស្នើ​សុំ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​អន្តរាគមន៍​បើក​ការ​ស៊ើបអង្កេត​ករណី​គំរាម​សម្លាប់។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​លោក ប៉ាវ ស៊ីណា ដែល​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ភ្លាមៗ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ​នៅ​ថ្ងៃ​ទី​១ មីនា។

ចំណែក​អនុ​ប្រធាន​សម្ព័ន្ធ​ចលនា​កម្មករ លោក ខាត ឡូត បញ្ជាក់​ថា លិខិត​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ ខាង​សហជីព​ពិត​ជា​បាន​ដាក់​ចូល​ក្រសួង​មហាផ្ទៃ រួច​មែន ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ។

កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ អ្នក​គ្រប់គ្រង​រោងចក្រ ប៊ី.ដាប់ប៊ែលយូ (Beautiful Window) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត លោក សា លីម គំរាម​ថា មាន​ថៅកែ​រោងចក្រ​មួយ​ចំនួន​ក្នុង​តំបន់​នេះ កំពុង​ប្រមូល​លុយ​គ្នា​ដើម្បី​ជួល​ឃាតក​បាញ់​សម្លាប់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។

បដិសេធ​ជុំវិញ​រឿង​នេះ ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ ប៊ី.ដាប់ប៊ែលយូ លោក ឆៃវីរៈ ឧត្តម ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​និយាយ​ដូច្នេះ​មែន ក៏ប៉ុន្តែ​ថា នោះ​គ្រាន់​តែ​និយាយ​លេង​សើច​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ការ​និយាយ​ស្ដី​នោះ​ទៀត គឺ​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​គំរាម​សម្លាប់​នោះ​ទេ៖ «បើ​តាម​ខ្ញុំ​គិត​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ ប៉ុន្តែ​បើ​ន័យ​នោះ​គឺ​អ៊ីចឹង​ហើយ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ភាគ​ច្រើន​ខាង​សហជីព ដែល​គាត់​ចូល គាត់​ទៅ​ក្រៅ គាត់​បំផ្លើស​ពាក្យ​សម្ដី»

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​របស់​អាជ្ញាធរ​រដ្ឋ។ លោក​បន្ត​ថា ព្រោះ​តែ​ការ​ធ្វេសប្រហែស និង​ពុំ​សូវ​ខ្វាយខ្វល់​ដូច​នេះ​ហើយ ទើប​មាន​ឃាតកម្ម​កន្លង​ទៅ​ជុំវិញ​ការ​គំរាម​សម្លាប់ ដែល​សមត្ថកិច្ច​ជំនាញ​របស់​រដ្ឋ​រក​ពុំ​ដែល​ឃើញ​ឃាតក​ពិត​ក្នុង​បទឧក្រិដ្ឋ​នេះ​ម្ដង​ណា​ទេ៖ «យើង​មិន​ចាំបាច់​ទាល់​តែ​ថា ទាល់​មាន​បណ្ដឹង​ទើប​យើង​ធ្វើ​ការ​ស្រាវជ្រាវ ធ្វើ​ការ​ស៊ើប​អង្កេត​ទេ។ ឲ្យ​តែ​យើង​ទទួល​បាន​ព័ត៌មាន យើង​ធ្វើ​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​បាន​ហើយ​ទៅ​លើ​ករណី​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ស្នើ​សុំ​ឲ្យ​លោក ប៉ាវ ស៊ីណា ផ្ដល់​ភស្តុតាង​រឹងមាំ​ដែល​បញ្ជាក់​ថា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ពិត​ត្រូវ​បាន​គំរាម​សម្លាប់។ GMAC ក៏​បាន​ច្រាន​ចោល​ភស្តុតាង​ដែល​សហជីព​សំអាង​ថា ការ​គំរាម​សម្លាប់​គឺ​មាន​នៅ​ក្នុង​ខ្សែ​អាត់ ដោយ​ចាត់​ទុក​ថា សំឡេង​ដែល​មាន​នៅ​ក្នុង​ខ្សែ​អាត់​នោះ គឺ​មិន​ច្បាស់ ពិបាក​សន្និដ្ឋាន និង​ពិបាក​ស្ដាប់ ដែល​ជា​ចរិត​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។

យ៉ាង​ណា​ខាង​​ភាគី​សហជីព ព្រមាន​ថា នឹង​បញ្ចេញ​ខ្សែ​អាត់​នេះ ដំណាល​គ្នា​នឹង​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល