អាណាព្យាបាល​សិស្ស​មិន​សប្បាយ​ចិត្ត​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​បរទេស

អាណាព្យាបាល​របស់​សិស្ស​សាលា​ឯកជន សិក្សា​ភាសា​ខ្មែរ និង​អង់គ្លេស បាន​រិះគន់​ចំពោះ​សាលា​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​អបអរ​ពិធី​បុណ្យ​បរទេស មាន​ចាត់តាំង​ឲ្យ​សិស្ស​ចូល​រួម​ផង ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ចំពោះ​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ។
ដោយ កែវ និមល
2012.12.24

លោក លី សាវ៉េត ជា​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ថា ក្នុង​នាម​លោក​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​មិន​សប្បាយ​ចិត្ត​ទាល់តែ​សោះ​ចំពោះ​សាលា​ឯកជន​មួយ​ចំនួន​ដែល​បាន​រៀបចំ​បុណ្យ​គ្រីស្ត​ម៉ាស់ (Christmas) នៅ​តាម​សាលារៀន ហើយ​មាន​ការ​ចាត់តាំង​ឲ្យ​កូន​សិស្ស​ចូល​រួម។

លោក​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​រៀបចំ​បុណ្យ​​គ្រីស្ត​ម៉ាស់ នេះ ជា​រៀងរាល់​ឆ្នាំ អាច​ធ្វើ​ឲ្យ​កូន​សិស្ស​ដែល​មាន​កូន​លោក​ផង​ដែរ មាន​ការ​យល់​ច្រឡំ​ថា ​គ្រីស្ត​ម៉ាស់ ជា​បុណ្យ​ប្រពៃណី​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ៖ «ខ្ញុំ​ឃើញ​សាលា​ឯកជន​នៅ​ទីក្រុង​យើង​មួយ​ចំនួន គឺ​គាត់​បាន​រៀបចំ​កម្មវិធី​ចូល​ឆ្នាំ​ចិន ហើយ​បុណ្យ​គ្រីស្ត​ម៉ាស់ របស់​គេ​នោះ តែ​មិន​ដែល​ឃើញ​សាលា​នោះ​ធ្វើ​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ​ទេ ហើយ​បុណ្យ​គ្រីសស្មាស​នេះ វា​ជា​បុណ្យ​ប្រពៃណី​របស់​គេ​ទេ។ យើង​មិន​ចង់​ឲ្យ​សាលា​នោះ​រៀបចំ​អ៊ីចឹង​យូរ​ទៅ កូន​ក្មេង​ទទួល​មនោគមន៍ វិជ្ជា​របស់​គេ ហើយ​វា​បាត់​ប្រពៃណី​ខ្មែរ ពីព្រោះ​តាម​សាលា​នីមួយៗ ពេល​ចូល​ឆ្នាំ​ខ្មែរ​មិន​មាន​កម្មវិធី​អ៊ីចឹង​ផង។ អា​កម្មវិធី​លេង​មុន​ពេល​វ៉ាកង​អី​អ៊ីចឹង​ណា។ វា​ផ្ទុយ​ពី​ការ​កំណត់​របស់​រដ្ឋាភិបាល ដែល​មិន​បាន​ឲ្យ​ឈប់​ថ្ងៃ​នោះ​សោះ»

លោក​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ៖ «ជាក់ស្ដែង​កូន​ខ្ញុំ បី​នាក់ សាលា​ត្រូវ​រៀន​នោះ វា​មាន ៣ ហើយ​សាលា​ទាំង ៣ គេ​ធ្វើ​កម្មវិធី​ដូច​គ្នា។ អ៊ីចឹង​ទី​១ វា​ខាត​ពេល​វេលា ទី​២ ទទួល​វប្បធម៌ អរិយធម៌​ពី​បរទេស​មក។ វា​ធ្វើ​ឲ្យ​ខូច​វប្បធម៌ អរិយធម៌ ប្រពៃណី​ជាតិ​យើង»

លោក លី សាវ៉េត បាន​អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា យក​ចិត្ត​ទុក​ដាក់​អប់រំ​ដាស់​តឿន​អ្នក​ទទួល​ខុស​ត្រូវ​សាលា​ឯកជន​ទាំង​នោះ ឲ្យ​រៀបចំ​អបអរ​សាទរ​បុណ្យ​ជាតិ​នានា​ផង កុំ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​បុណ្យ​បរទេស​ពេក៖ «ហើយ​ក្រសួង​អប់រំ​គួរ​តែ​ធ្វើ​ការ​ទប់ស្កាត់ ពីព្រោះ​ក្រសួង​អប់រំ​មិន​ឲ្យ​ឈប់ ហើយ​គាត់​បែរ​ជា​ឈប់ ហើយ​យក​ថ្ងៃ​នោះ​ទៅ​ធ្វើ​កម្មវិធី​ផ្សេងៗ តាម​ចិត្ត​គាត់។ ការ​ធ្វើ​បែប​នេះ​ខ្ញុំ​គិត​ថា ២០​ឆ្នាំ​ក្រោយ កូនៗ​ខ្ញុំ​វា​គិត​ថា គ្រីសស្មាស​នេះ វា​ជា​ប្រពៃណី​របស់​ពួក​ជំនាន់​ក្រោយ​វិញ»

បុណ្យ​​គ្រីស្ត​ម៉ាស់ គឺ​​នៅ​​ថ្ងៃ​ទី​២៥ ឆ្នូ។ ការ​រៀបចំ​បុណ្យ​គ្រីសស្មាស នេះ មាន​តែ​នៅ​សាលា​ឯកជន​ដែល​មាន​សិក្សា​ភាសា​បរទេស​តែប៉ុណ្ណោះ ចំពោះ​សាលារៀន​សាធារណៈ​របស់​រដ្ឋ​មិន​មាន​រៀបចំ​បុណ្យ​​គ្រីស្ត​ម៉ាស់​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។