លោក ហ៊ុន សែន ចាំ​ទទួល​ស្វាគមន៍​កញ្ញា ស៊ន សៀវម៉ី នៅ​យប់​នេះ

ដោយ អាន ស៊ីថាវ
2014.10.05
Share on WhatsApp
Share on WhatsApp
ស៊ន សៀវម៉ី ៦២០ កីឡាការិនី ស៊ន សៀវម៉ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo Courtesy of NOCC

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​​នឹង​ទទួល​ស្វាគមន៍​កីឡា​ការិនី​កម្ពុជា​ ដែល​ទទួល​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​​កីឡា អាស៊ី ហ្គេម (Asian Games) លើក​ទី​១៧ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នា​វិមាន​សន្តិភាព។ ការ​ទទួល​ស្វាគមន៍​នេះ គឺ​ជា​ការ​ផ្ដល់​កិត្តិយស និង​ការ​លើក​ទឹក​ចិត្ត​មួយ​ចំពោះ​យុវវ័យ​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​វិស័យ​កីឡា។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​អះអាង​ថា​​​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​រៀប​ចំ​​ពិធី​ហែ​ក្បួន​​ជា​ឱឡារិក​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​មាន​ឡាន​ចាំ​ទទួល​កញ្ញា ស៊ន សៀវម៉ី ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​រាជរដ្ឋាភិបាល​​មួយ​ចំនួន​នៅ​វិមាន​​សន្តិភាព នៅ​វេលា​ម៉ោង ១១​កន្លះ​យប់ ថ្ងៃ​អាទិត្យ​ទី​៥ តុលា។

នេះ​ជា​ការ​ទទួល​ជួប​ជាមួយ​យុវវ័យ​កម្ពុជា បន្ទាប់​​ពី​លោក​នាយករដ្ឋមន្ត្រី​បាន​​ទទួល​ស្វាគមន៍​ចំពោះ​សិស្សានុសិស្ស​ដែល​បាន​​និទ្ទេស​អេ (A) ក្នុង​ការ​ប្រឡង​​​ថ្នាក់​ទី​១២ កន្លង​មក។

​​នាយក​បេសកកម្ម ​​លោក​ ញ៉ាន សុខវិសាល ​និង​​គ្រូ​បង្ហាត់​ជនជាតិ​កូរ៉េ​ខាងត្បូង ឆយ យ៉ុងសុក (Choi Yong Sok)​ ​នឹង​ឈរ​អម​​សង​ខាង​កីឡាការិនី​ ស៊ន សៀវម៉ី ព្រម​ទាំង​​អម​ដោយ​ម៉ូតូ​​សម្រាប់​ហែ​​ក្បួន​គណៈប្រតិភូ​ជាន់​ខ្ពស់​ចំនួន ៦​គ្រឿង​ទៀត។

ជា​ការ​ឆ្លើយ​តប រដ្ឋាភិបាល​នឹង​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​នោះ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នឹង​ប្រគល់​រង្វាន់​របស់​លោក​ផ្ទាល់​ចំនួន ១​ម៉ឺន​ដុល្លារ​ និង ២​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​ ជា​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា។

កញ្ញា ស៊ន សៀវម៉ី បាន​​ឲ្យ​ដឹង​តាម​រយៈ​ការ​​​​​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ យូធូប (You Tube) បន្ទាប់​ពី​ទទួល​បាន​មេដាយ​មាស​ពី​កូរ៉េ​ខាង​ត្បូង​ថា​ មេដាយ​ដែល​ទទួល​បាន​​នេះ ​គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ ​ប្រជាពលរដ្ឋ​​កម្ពុជា ទាំង​អស់ ​ដែល​បាន​គាំទ្រ​វិស័យ​កីឡា​កន្លង​មក៖ «អរគុណ​ដល់​ពុក​ម៉ែ​បង​ប្អូន ដល់​ជន​រួម​ជាតិ​ទាំង​អស់​ដែល​បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡា​កម្ពុជា។ មេដាយ​មាស​មិន​មែន​សម្រាប់​តែ​ខ្ញុំ ស៊ន សៀវម៉ី គឺ​មេដាយ​មាស​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់ ១៤​លាន​នាក់»

បង​ប្រុស​បង្កើត​របស់​កញ្ញា ស៊ន សៀវម៉ី លោក ស៊ន អេលីត បាន​ឲ្យ​​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា ​រៀបចំ​កម្មវិធី​ទទួល​ប្អូន​ស្រី​របស់​លោក​​យ៉ាង​ឱឡារិក​ក្នុង​ចំណោម​មេដាយ​​​សរុប​ដែល​កញ្ញា សៀវម៉ី ទទួល​បាន​កន្លង​មក។ ស្រប​ពេល​ដែល​កញ្ញា​ប្រឹងប្រែង​ក្នុង​នៅ​វិស័យ​កីឡា តែ សៀវម៉ី ប្រឡង​ធ្លាក់​មធ្យម​សិក្សា​ទុតិយភូមិ។

លោក ស៊ន អេលីត ​ចង់​ឲ្យ​ក្រសួង​អប់រំ​និង​រដ្ឋាភិបាល​កម្ពុជា​ ជួយ​ប្អូន​ស្រី​ឲ្យ​ប្រឡង​ជាប់​សញ្ញាបត្រ​​ថ្នាក់​ទី​១២ ដើម្បី​ជា​​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ក្នុង​ការ​ប្រកួត​ប្រជែង​យក​មេដាយ​ជា​ច្រើន​ទៀត​ជូន​ជាតិ​​នៅ​ពេល​​អនាគត។

​វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណារ៉ុន តែ​លោក​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ថោង ខុន មាន​ប្រសាសន៍​ថា លោក​នឹង​ខិត​ខំ​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​​ កញ្ញា ស៊ន សៀវម៉ី ដោយសារ​តែ​​​កញ្ញា​​បាន​ធ្វើ​ឲ្យ​កម្ពុជា ល្បី​នៅ​លើ​ឆាក​អន្តរជាតិ៖ «ខាង​ក្រសួង​ទេសចរណ៍​ ទី​មួយ អរគុណ​ដល់ សៀវម៉ី។ ចំពោះ សៀវម៉ី គឺ​បាន​​នាំ​យក​កេរ្តិ៍​ឈ្មោះ​កម្ពុជា ​ឲ្យ​កាន់​តែ​លេច​ត្រដែត​ឡើង​នៅ​លើ​ពិភពលោក វា​ដោយ​ទាំង​​វិស័យ​ទេសចរណ៍​ផង​ដែរ ព្រោះ​ថា កម្ពុជា​បាន​​មេដាយ​មួយ​ កម្ពុជា​នៅ​ឯ​ណា? កម្ពុជា​មាន​ប្រសាទ​អង្គរវត្ត ​ដូច្នេះ វា​អាច​​ជា​ការ​ជួយ​ផ្សព្វផ្សាយ​ធំ​ណាស់​ដល់​ប្រសាទ​អង្គរវត្ត។ ខ្ញុំ​នឹង​ខិតខំ​បន្ថែម​ទៀត ​ដើម្បី​ជួយ​ឧបត្ថម្ភ​​ដល់​សៀវម៉ី»

​កីឡាការិនី​តេក្ខាន់ដូ ស៊ន សៀវម៉ី មាន​អាយុ ១៩​ឆ្នាំ ទម្ងន់ ៧៣​គីឡូក្រាម កម្ពស់ ១.៨៤​ម៉ែត្រ សិក្សា​នៅ​វិទ្យាល័យ​ឫស្សីកែវ។ គិត​ចាប់​តាំង​ពី​​ឆ្នាំ​២០១០ រហូត​ដល់​បច្ចុប្បន្ន​ កញ្ញា ស៊ន សៀវម៉ី បាន​ចូល​រួម​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម (SEA Games) និង​អាស៊ី ហ្គេម (Asian Games) បាន​មេដាយ ៧ ក្នុង​នោះ​មាន មេដាយ​មាស​ចំនួន​៣ សំរឹទ្ធ ៣ និង​មេដាយ​ប្រាក់​ចំនួន​១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល