សិស្ស​៣​នាក់​ប្រឡង​ជាប់​ក្នុង​ការ​សរសេរ​កំណាព្យ​ស្ដីពី​គ្រឿង​ញៀន

សិស្ស​នៃ​វិទ្យាល័យ​និង​អនុ​វិទ្យាល័យ​ចំនួន ៣​នាក់​ក្នុង​ចំណោម​សិស្ស​ជា​ច្រើន​រយ​នាក់​នៅ​ខេត្ត​ព្រះសីហនុ​បាន​ប្រឡង​ជាប់​ក្នុង​ការ​សរសេរ​កំណាព្យ​ក្រោម​ប្រធានបទ​ស្តីពី​ការ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រឿង​ញៀន​និង​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​យុវជន​និង​សង្គម។
ដោយ សុខ សេរី
2010-01-13
Share

សិស្ស​ដែល​បាន​ប្រឡង​ជាប់​ក្នុង​ការ​សរសេរ​កំណាព្យ​នោះ មាន​ឈ្មោះ ទាវ ស្រីនាថ ជា​សិស្ស​នៃ​វិទ្យាល័យ​វាលរេញ ជាប់​លេខ​១, ឈ្មោះ លាង សុនីតា ជា​សិស្ស​នៃ​វិទ្យាល័យ​កំពង់សិលា ជាប់​លេខ​២ និង​ឈ្មោះ សេង ច័ន្ទនន ជា​សិស្ស​នៃ​អនុ​វិទ្យាល័យ​ស្ទឹងហាវ ជាប់​លេខ​៣។

នេះ​ជា​លើក​ទី​៣​ហើយ​ក្រោយ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​បាន​រៀបចំ​ការ​ប្រឡង​បែប​នេះ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​និង​រាជធានី​ភ្នំពេញ ក្រោម​ប្រធាន​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រឿង​ញៀន​នោះ។

មន្រ្តី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះថ្នាក់​នានា​របស់​យុវជន​ដែល​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀន​នោះ។

លោក​ឧត្តមសេនីយ៍​ទោ នាក់ យុទ្ធា ជា​ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ​និង​ស្តារ​នីតិ​សម្បទា នៃ​អគ្គលេខាធិការដ្ឋាន​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​រៀបចំ​ពិធី​ប្រគល់​រង្វាន់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «យើង​សង្ឃឹម​ថា អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​ប្រឡង​ទាំង​អស់​ហ្នឹង គាត់​បាន​យល់​ដឹង​ជ្រួតជ្រាប ហើយ​គាត់​នឹង​ទៅ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​មិត្តភ័ក្តិ​ទាំង​អស់​របស់​គាត់​ហ្នឹង​បាន​យល់​បន្ត។ អ៊ីចឹង​ជា​កម្លាំង​ចលករ​មួយ​ដែល​ជួយ​ផ្សព្វផ្សាយ​យើង​បាន​ទូលំ​ទូលាយ​បាន​ត​ទៅ​ទៀត»

សិស្ស​នៃ​វិទ្យាល័យ​វាលរេញ​ជាប់​លេខ​១ ឈ្មោះ ទាវ ស្រីនាថ បាន​អាន​កំណាព្យ​អំពី​គ្រឿង​ញៀន​នោះ​ថា ៖ «...អាភៀន​ជា​ស្នង​ដ៏​អប្រិយ អាភៀន​គ្មាន​អ្វី​ត្រូវ​អាណិត អាភៀន​ជា​ស្នង​ទុច្ចរិត អាភៀន​គ្មាន​មិត្ត​នឹង​អ្នក​ណា...»

ប្រភព​បាន​ឲ្យ​ដឹង​ថា មាន​សិស្ស​សាលា​និង​ប្រជាពលរដ្ឋ​ចំនួន​សរុប​ជាង ៥០០​នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​សាទរ​ក្នុង​ការ​ប្រគល់​រង្វាន់​នៅ​ថៃ្ង​អង្គារ​នេះ។

មន្រ្តី​ជំនាញ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​មាន​ប្រសាសន៍​ថា អំពើ​ជួញដូរ​គ្រឿង​ញៀន​មិន​បាន​កើន​ទ្បើង​និង​ថយ​ចុះ​ទេ​នៅ​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ ប៉ុន្តែ​ករណី​បង្រ្កាប​បាន​កើន​ទ្បើង​ជាង​ឆ្នាំ​មុនៗ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​យុវជន​ញៀន​គ្រឿង​ញៀន​នៅ​ក្នុង​មណ្ឌល​អប់រំ​ចំនួន ២​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ចំនួន​យុវជន​ដែល​ញៀន​គ្រឿង​ញៀន​នៅ​ក្រៅ​មណ្ឌល​អប់រំ​គឺ​មាន​ចំនួន​រវាង​ពី ៦​ពាន់​នាក់ ទៅ ៧​ពាន់​នាក់​ឯ​ណោះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល