នាយ​ប៉ុស្តិ៍​ប៉ូលិស​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​បង្ក​របួស​ស្នាម​ដល់​យុវជន​ម្នាក់

នាយ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​អំពើ​ហិង្សា​បាញ់​និង​យក​កាំភ្លើង​ខ្លី​វាយ​ក្បាល​យុវជន​វ័យ ១៨​ឆ្នាំ​ម្នាក់ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ហើយ​មិន​បាន​ទទួល​ទោស​ឡើយ​ក្រោយ​ពី​ទង្វើ​នោះ។
ដោយ មណ្ឌលកែវ
2010-02-02
Share

អ៊ំ​ស្រី​របស់​យុវជន​រងគ្រោះ​គឺ​អ្នក​ស្រី ខៀវ សោ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ​នេះ ថា នាយ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​ផ្សារ គឺ​លោក សាន ដែត បាន​វាយ​ក្បាល​ក្មួយ​ប្រុស​គាត់​ឈ្មោះ ឌឿ គាសាន ដោយ​កាំភ្លើង​ខ្លី​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ដែល​រហូត​មក​ដល់​ពេល​នេះ​ក្មួយ​គាត់​មាន​អាការៈ​រវើរវាយ​នៅ​ឡើយ។

អ្នក​ស្រី ខៀវ សោ បាន​ឲ្យ​ដឹង​ថា ៖ «គេ​ចុះ​ពី​លើ​ម៉ូតូ គេ​ថា​អ្ហែង​ឈរ​ធ្វើ​អី! ថា​ខ្ញុំ​ឈរ​ចាំ​គ្នា​ខ្ញុំ ដល់​ពេល​ថា​អ៊ីចឹង ប្រហែល​ជា​គេ​ស្រវឹង គេ​ស្ដាប់​មិន​ឮ​ក៏​មិន​ដឹង។ ដល់​អ៊ីចឹង​ក៏​អ្នក​ជា​មេ​ប៉ុស្តិ៍​ឈ្មោះ សាន ដែត ហ្នឹង ចុះ​ពី​លើ​ម៉ូតូ​មក​ក៏​ចាប់​ក្មួយ​ខ្ញុំ​ទះ​កំផ្លៀង​មួយ​ដៃ បាញ់​មួយ​គ្រាប់ ហើយ​វ៉ៃ​នឹង​ស្វាយកាំភ្លើង​រយះ​ក្បាល​ប្រហែល​ជា ៥​ថ្នេរ»

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ កេត វ៉ាង ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​បញ្ជាក់​ហេតុការណ៍​នេះ​បន្ថែម​ថា ៖ «ខ្ញុំ​មក​ទាន់ ក្មេង​ហ្នឹង​កំពុង​តែ​អង្គុយ​បត់​ជើង សុំ​សំពះ ហើយ​ថា ពូ​កុំ​វ៉ៃ​ខ្ញុំ ខ្ញុំ​អត់​បាន​ធ្វើ​អី​ទេ។ ខ្ញុំ​អត់​ទាន់​ហ៊ាន​ឃាត់​ទេ អត់​ទាន់​ហ៊ាន​ហៅ​គាត់​ទេ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ​ដូច​ថា អាណិត​ក្មេង​ហ្នឹង! គ្នា​សំពះ​ហើយ វ៉ៃ​គ្នា​មួយ​ស្វាយ​កាំភ្លើង ហើយ​បាញ់​មួយ​គ្រាប់​ទៀត ហើយ​គ្នា​ក៏​ភ័យ គ្នា​ក្រោក​រត់​កាត់​ផ្ទះ​គេ​ពីរ​បី​ហ្នឹង ក៏​ស្រែក អ៊ុំ​អើយ ពូ​អើយ ជួយ​ខ្ញុំ​ផង!»

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​២៥ ខែ​ធ្នូ​កន្លង​ទៅ។ ប្រភព​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ឌឿ គាសាន បាន​វិល​ត្រឡប់​ពី​មើល​គេ​រាំ​ធុង​បាស​ជាមួយ​មិត្តភ័ក្តិ ២​នាក់​ទៀត​នៅ​ភូមិ​ជំទាវបុត្រី។ មក​ដល់​កន្លែង​កើត​ហេតុ​ស្ថិត​ក្នុង​ភូមិ​ព្នាត ឃុំ​ផ្សារ ក្មេង​ទាំង ៣​នាក់​ក៏​បាន​ឈរ​រង់ចាំ​មិត្ត​ភ័ក្តិ​ដទៃ​ទៀត​ដែល​ដើរ​តាម​ក្រោយ។ ពេល​នោះ​នាយ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​ផ្សារ លោក សាន ដែត រួម​ជាមួយ​ប៉ូលិស ៣​នាក់​ផ្សេង​ទៀត​បាន​ជិះ​ម៉ូតូ​ល្បាត​ជួប​ជាមួយ​ក្មេង​ទាំង ៣​នាក់។ ដោយ​មាន​ការ​ជជែក​ត​មាត់​គ្នា​ទៅ​វិញ​ទៅ​មក មេ​ប៉ុស្តិ៍ សាន ដែត ក៏​បាន​បាញ់​គំរាម​មួយ​គ្រាប់ រួច​វាយ ឌឿ គាសាន នឹង​ស្វាយកាំភ្លើង​បែក​ក្បាល​ជា​ទម្ងន់។

នាយ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​ផ្សារ លោក សាន ដែត ពន្យល់​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​ការ​បំផ្លើស លោក​ពុំ​បាន​វាយ​បុរស​ឈ្មោះ គាសាន ទេ ៖ «អ៊ីចឹង​យើង​ក៏​បាន​បាញ់​គំរាម​ទៅ​ណា៎! បាញ់​ទៅ​លើ ខ្ញុំ​បាញ់​មួយ​គ្រាប់ អា​ហ្នឹង​ខ្ញុំ​សារភាព​ថា​ខ្ញុំ​បាញ់​មែន ប៉ុន្តែ​យើង​បាញ់​ដើម្បី​ការពារ​ខ្លួន​ទេ​ណា៎! អ៊ីចឹង​ពេល​ដែល​បាញ់​មួយ​គ្រាប់​នេះ វា​ក៏​បាន​ទម្លាក់​ដំបង​ចោល​នៅ​លើ​ផ្លូវ​ហ្នឹង ហើយ​ពួក​វា​ក៏​បាន​រត់​ចូល​ទៅ​ភូមិ​គេ​ទៅ។ អ៊ីចឹង​រត់​បុក​របង​គេ បុក​អី! អា​ខ្លះ​ដួល យើង​ដេញ​ពី​ក្រោយ ប៉ុន្តែ​ដេញ​វា​មិន​ទាន់។ រឿង​វា​អ៊ីចឹង!»

មេ​ឃុំ​ផ្សារ គឺ​លោក កឹម ជឿន មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​រឿង​ពិត​យ៉ាង​ណា​នោះ​ទេ។ លោក​មេ​ឃុំ​គ្រាន់តែ​បាន​បញ្ជាក់​ថា ឈ្មោះ ឌឿ គាសាន ពុំ​ធ្លាប់​មាន​ប្រវត្តិ​រឿងរ៉ាវ​ឈ្លោះ​ប្រកែក​ជាមួយ​នរណា​ទេ។

ចំណែក​មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុម ចាន់គា ដែល​ចាត់ទុក​រឿង​នេះ​ថា​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​អាង​ខ្លួន​ជា​ជន​ប្រដាប់​អាវុធ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បើក​ការ​អង្កេត​ចំពោះ​ករណី​នេះ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ។

មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល