ប៉ូលិស​ច្រក​ប៉ោយប៉ែត​រង​ការ​ចោទ​ថា ប្រើ​ហិង្សា​លើ​កុមារ

ប៉ូលិស​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ម្នាក់​រង​ការ​ចោទ​ថា បាន​ប្រើ​អំពើ​ហិង្សា​ទាត់​ក្មេង​អាយុ​១៤​ឆ្នាំ​ម្នាក់​ពីរ​ជើង ហើយ​ចាប់​មួល​ស្លឹក​ត្រចៀក​បណ្តាល​ឲ្យ​ដាច់​ហូរ​ឈាម។
ដោយ មុំ សុផុន
2008.11.28

កុមារ​អាយុ​១៤​ឆ្នាំ ឈ្មោះ ភក្កិ វុត្ថា ដែល​អះអាង​ថា រង​ការ​វាយ​ពី​ប៉ូលិស​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ខ្លួន​ជា​កម្មករ​បាន​អង្គុយ​លើ​រទេះ​ដឹក​ខោ​អាវ​គីប នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត ហើយ​ស្រែក​ថា វ៉ៃៗ​តាម​ក្រុម​មនុស្ស​ចាស់​ផ្សេង​ទៀត ស្រាប់​តែ​ប៉ូលិស ឈ្មោះ ដួង ម៉ាន់ ពាក់​លេខ ០១៧ និង​មាន​អត្ត​លេខ​២១​-១២៣ ទាត់​ពីរ​ជើង មួល​ស្លឹក​ត្រចៀក​យក​ទៅ​ដាក់​ក្នុង​ប៉ុស្តិ៍។

មិន​អាច​សុំ​ការ​បញ្ជាក់​ពី​នគរបាល ឈ្មោះ ដួង ម៉ាន់ ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ប៉ុន្តែ​ លោក សិទ្ធិ សារិន ប្រធាន​ផ្នែក​សណ្តាប់​ធ្នាប់​នៃ​នគរបាល​ច្រក​ទ្វារ​ប៉ោយប៉ែត​បាន​ថ្លែង​ថា លោក ដួង ម៉ាន់ បាន​ចាប់​ក្មេង​នោះ​យក​ចូល​ប៉ុស្តិ៍​ធ្វើការ​ក្រោយ​ពី​ក្មេង​នោះ ស្ទុះ​ទៅ​រក​វាយ​ប៉ូលិស តែ​មិន​បាន​វាយ​ដូច​ការ​ចោទ​ប្រកាន់​ទេ។

បើ​តាម​លោក ជា សុគន្ធ ប្រធាន​ដោះស្រាយ​វិវាទ​នៃ​សមាគម​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ បាន​ឲ្យ​ដឹង​ថា ម្តាយ​ក្មេង​រង​គ្រោះ​គ្រោង​ប្តឹង​ទៅ​តុលាការ​និង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ​ទារ​សំណង​ចំនួន​២០​ម៉ឺន​បាត កាល​ពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​បាន​ផ្អាក​ទៅ​វិញ បន្ទាប់​ពី​នគរបាល ឈ្មោះ ដួង ម៉ាន់ បាន​សុំ​ឲ្យ​មាន​ការ​សម្រប​សម្រួល​សង់​ប្រាក់​ចំនួន ១០​ម៉ឺន​បាត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។