នគរបាល​​នៅ​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​​លើ​​ពលរដ្ឋ

មន្ត្រី​នគរបាល​យុត្តិធម៌​ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​ប្រើ​អំពើ​ហិង្សា​និង​រំលោភ​ចូល​លំនៅ​ប្រជាពលរដ្ឋ​ពេល​យប់​ដោយ​ខុស​ច្បាប់។
ដោយ មណ្ឌលកែវ
2010-02-13
Share

ប្រជាពលរដ្ឋ​នៅ​ភូមិ​អង្គ្រង ឃុំ​សំរោង ឈ្មោះ ម៉ៅ មុំ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​១២ កុម្ភៈ ថា កាល​ពី​ម៉ោង​ប្រមាណ​៣​ភ្លឺ​ថ្ងៃ​ទី​២៧ មករា​កន្លង​ទៅ មន្ត្រី​នគរបាល​យុត្តិធម៌​ស្រុក​ភ្នំក្រវាញ ឈ្មោះ គង់ សារឿន បាន​នាំ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​សម្រុក​ចូល​ផ្ទះ​គាត់​ទាំង​កម្រោល។ គាត់​បន្ត​ថា គង់ សារឿន បាន​មក​ចាប់​វាយ​កូន​ប្រុស​គាត់​ដែល​កំពុង​ដេក​រួច​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ដោយ​ចោទ​ប្រកាន់​ថា កូន​គាត់​បាន​បង្ក​ជម្លោះ​វាយ​តប់​គ្នា​រហូត​មាន​មនុស្ស​ស្លាប់។

អ្នកស្រី ម៉ៅ មុំ បាន​ឲ្យ​ដឹង​ថា ៖ «ប៉ូលិស​ឈ្មោះ គង់ សារឿន ហ្នឹង​មាន​ក្មេង​មួយ​ក្រុម​ជូន​គាត់​មក​ចាប់​កូន​ខ្ញុំ​វ៉ៃ... ហើយ​ជាន់​នាង​ខ្ញុំ បាន​ខ្ញុំ​ស្ទុះ​ងើប​របូត​សំពត​របូត​អី នៅ​ម៉ោង​៣​(ភ្លឺ)។ ទោះ​យ៉ាង​ណា​ក៏​គាត់​ត្រូវ​ដាស់​ឲ្យ​ខ្ញុំ​អី​ដឹង​ផង មក​ដល់​ស្រាប់​តែ​ឡើង​ក្ដុងក្ដាំង ខ្ញុំ​ភ័យ ខ្ញុំ​ស្រែក»

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​២៧ មករា ផ្ទះ​មន្ត្រី​នគរបាល គង់ សារឿន នៅ​ភូមិ​អង្គ្រង មាន​ពិធី​មង្គលការ​ដោយ​មាន​ការ​ចាក់​ធុងបាស​រាំ។ ក្នុង​ការ​រាំរែក​នេះ​កើត​មាន​ជម្លោះ​វាយ​តប់​គ្នា​រវាង​ក្មេង​ទំនើង​២​ក្រុម បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់។ គង់ សារឿន ក៏​បាន​សុំ​អន្តរាគមន៍​ពី​នគរបាល​ប៉ុស្តិ៍​និង​នគរបាល​ស្រុក។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​ស្រុក​មក​ដល់ គង់ សារឿន ក៏​បាន​ដឹក​នាំ​កម្លាំង​ទៅ​ឆែកឆេរ​ផ្ទះ​អ្នក​ភូមិ។ អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​ស្រុក​ពុំ​បាន​លុក​លុយ​ចូល​ផ្ទះ​អ្នក​ភូមិ​ទេ គឺ​មាន​តែ គង់ សារឿន និង​ក្រុម​ក្មេង​ស្ទាវ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បាន​លុកលុយ​ចូល​ផ្ទះ​អ្នក​ភូមិ​នោះ។ មនុស្ស​៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​យប់​នោះ។

អ្នក​ភូមិ​ម្នាក់​ដែល​រង​ការ​លុកលុយ​ចូល​លំនៅ​ដែរ​រៀប​រាប់​ពី​ព្រឹត្តិការណ៍​នៅ​យប់​នោះ​ថា ៖ «ចូល​មក​ដល់​គោ​ក្របី​ខ្ញុំ​ផ្អើល​ដាច់ ក៏​ខ្ញុំ​ដាស់​កូន​ខ្ញុំ​ឲ្យ​ក្រោក​ឡើង​ទៅ​ចាប់​កូន ដល់​ហើយ​កូន​ប្រសា​ខ្ញុំ​ក៏​ឡើង​ទៅ កូន​ខ្ញុំ​ក៏​ឡើង​ទាំង​អស់​គ្នា ក៏​ចុះ​មក​វា​ថា ពូ​ឃើញ​ក្របី​ខ្ញុំ​ដាច់​ទៅ​ដល់​ណា​ហើយ? វា​មិន​ស្ដាប់ វា​ថា អាហ្នឹង​ដែរ ចាប់​វា​ទៅ! បាន​ខ្ញុំ​ឮ​គេ​ថា​អ៊ីចឹង​ក៏​ស្ទុះ​ទៅ។ ខ្ញុំ​ថា នែ៎​ពូ​រឿន! មើល​មុខ​ខ្ញុំ​ឲ្យ​ច្បាស់​កូន​ខ្ញុំ​ដេក​ពី​ម៉ោង​៩​រហូត​ដល់​ម៉ោង​២ ពូ​ឯង​មក​ក្ដុងក្ដាំង​ខ្ញុំ​ដាស់​កូន​ខ្ញុំ​ហ្នឹង ខ្ញុំ​ថា​អ៊ីចឹង។ បាន​គ្នា​វា​ពីរ​បី​នាក់​ឆ្លើយ​ថា មិន​មែន​ទេ កុំ​អី​ត្រូវ​ចាប់​កូន​ខ្ញុំ​ដែរ​ថ្ងៃ​ហ្នុង»

ព្រិន្ទបាល​ឯក គង់ សារឿន បដិសេធ​ការ​ចោទ​ប្រកាន់​ព្រមទាំង​ជំរុញ​ឲ្យ​សួរ​ទៅ​លោក​អធិការ​ស្រុក ៖ «រឿង​ហ្នឹង​អត់​ទេ បើ​បង​ឯង​ចង់​ដឹង​យ៉ាង​ម៉េច​សួរ​ទៅ​មេ​ខ្ញុំ​ដឹង​ហើយ»

អធិការ​ស្រុក​ភ្នំក្រវាញ គឺ​លោក ពេជ្រ សុភាព ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ថា ៖ «មិន​មាន​ទៅ​វ៉ៃ​តប់​អី​ទេ គ្រាន់​តែ​ធម្មតា​ទេ​ការ​ចាប់​ចង មនុស្ស​តែង​តែ​មាន​ការ​រើរុះ​ខ្លះ​ហើយ ប្រជាជន​គាត់​ចេះ​តែ​នេះ​ហើយ។ ខ្លះ​ដែល​ថា​ទំនើង​ហ្នឹង​ម៉ែ​ឪ​ចេះ​តែ​កូន​គាត់​មិន​ខុស កូន​គាត់​អ៊ី​ចេះ​អ៊ី​ចុះ​អី ប៉ុន្តែ​តាម​ពិត​រឿង​ដែល​យើង​ធ្វើ​យើង​មាន​ឯកសារ​ដាក់​បន្ទុក​ដើម្បី​បញ្ជូន​ឲ្យ​ព្រះរាជ​អាជ្ញា​លោក​ចោទ​ប្រកាន់»

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក សឺន សែនករុណា មាន​ប្រសាសន៍​ថា តាម​គោលការណ៍​នៃ​ច្បាប់ ការ​លុកលុយ​ចូល​លំនៅ​ដោយ​គ្មាន​ដីកា​ពី​តុលាការ​គឺ​ខុស​ច្បាប់​ទាំង​​ស្រុង៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល