ប៉ូលិស​ខេត្ត​ពោធិ៍​សាត់​ថា​បាន​កំណត់​មុខ​សញ្ញា​ចោរប្លន់​នៅ​​ស្រុក​បាកាន​ហើយ

អធិការ​នគរបាល​ស្រុក​បា​កាន​បាន​អះ​អាង​កុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ភ័យខ្លាច​ទៀត​អី​ព្រោះ​នគរបាល​បាន​ដឹង​មុខ​សញ្ញា​ចោរ​ដែល​បាន​ប្លន់​ទាំង​នោះ​ហើយ ពេល​នេះ​កំពុង​តាម​ចាប់​ចោរ​ទាំង​នោះ​ តែ​អ្នក​ស្រុក​ពោល​ថា គាត់​ហាក់​ដូច​ជា​មិន​ទុក​ចិត្ត​ប៉ូ​លិស​សោះ។
ដោយ មណ្ឌលកែវ
2010-01-06
Share

មន្ត្រី​ប៉ូលិស​ស្រុក​បាកាន​អះ​អាង​ថា កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​រក​ឃើញ​ភស្តុតាង​ក្នុង​អំពើ​ប្លន់​ជា​ច្រើន​លើក​ក្នុង​ស្រុក​នេះ​ហើយ​កំពុង​ដំណើរ​ការ​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ពួក​ចោរ​ទាំង​នោះ។ តែ​កម្លាំង​ប៉ូលិស​ជួប​ការ​លំបាក​ដោយ​ភូមិ​សាស្រ្ត​ស្រុក​បាកាន​ធំ​ល្វឹងល្វើយ និង​សម្បូរ​ព្រៃ​ស្តុក​ដែល​ចោរ​ងាយ​លាក់​ខ្លួន។

អធិការ​ប៉ូលិស​ស្រុក​បាកាន​គឺ លោក ប៉ែន ទុង អះ​អាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី៥ មករា ថា មុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ​ទាំង​ ៧​ករណី​កន្លង​ទៅ ប៉ូលិស​កំណត់​បាន​មុខ​សញ្ញា​រួច​រាល់​ហើយ​នៅ​រង់ចាំ​តែ​ការ​បំពេញ​បែប​បទ និង​បន្ថែម​ភស្តុតាង​ដាក់​បន្ទុក​ឲ្យ​គ្រប់​គ្រាន់​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ហើយ​។

លោក ប៉ែន ទុង មាន​ប្រសាសន៍​ថា ៖ «យើង​កំណត់​បាន​ហើយ កំណត់​បាន​មនុស្ស​បាន​ស្អី​ហើយ​ ប៉ុន្ត​នៅ​តែ​ធ្វើ​ម៉េច​ឲ្យ​បាន​អាវុធ​ទេ ឥឡូវ​យើង​ស៊ើប​រក​អាវុធ​សិន​ បើ​សិន​ជា​យើង​ចាប់​មនុស្ស​មក​អត់​មាន​អាវុធ​មក​ដល់​តុលាការ​ក៏​មិន​អាច​ដោះស្រាយ​បាន​ដែរ​ វា​អត់​មាន​ស្អី​ដើម្បី​ប្រៀបធៀប​នៅ​កន្លែង​កើតហេតុ​ណា! អត់​អី​ដាក់​បន្ទុក​លើ​គេ អ៊ីចឹង​វា​ឆ្លើយ​តែ​មាត់​វា​អត់​ការ​ពិត​ទេ​ព្រោះ​ភស្តុតាង​គ្មាន»

អធិការ​ប៉ូលិស​ស្រុក​បាកាន បាន​បន្ថែម​ថា ៖ «ខ្ញុំ​កំពុង​តែ​ប្រជុំ​គណ​បញ្ជាការ​ឯកភាព​ដើម្បី​ចាត់​វិធាន​ការ​ប្រើ​កម្លាំង​ចម្រុះ កម្លាំង​សរុប​ឃុំ ភូមិ កម្លាំង​ប្រជា​ការពារ​ធ្វើ​ម៉េច​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ត​ទៅ​ទៀត​»

ការ​អះអាង​របស់​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ស្រុក​បា​កាន​មិន​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​នេះ​ស្ងប់​អារម្មណ៍​ទេ។ ស្រ្តី​អ្នក​លក់​ដូរ​សម្លៀក​បំពាក់​នៅ​ផ្សារ​បឹង​ខ្នារ ក្នុង​ឃុំ​បឹងខ្នារ ស្រុក​បាកាន ខេត្ត​ពោធិ៍ សាត់ ឈ្មោះ អ៊ូ ស៊្រី មាន​ប្រសាសន៍​ថា ដំណឹង​នៃ​ការ​ប្លន់​អ្នក​ភូមិ​ជិត​ខាង​គាត់​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ័យ​ ខ្លាច​យ៉ាង​ខ្លាំង​ព្រោះ​គាត់​ពុំ​ទាន់​ឃើញ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​បាន​ឧក្រិដ្ឋ​ជន​នៅ​ឡើយ។

ឈ្មោះ អ៊ូ ស៊្រី មាន​ប្រសាសន៍​ថា ៖ «ព្រួយ​មិន​សូវ​ហ៊ាន​នៅ​លក់​យប់ៗ​ដូច​រាល់​ដង​ រាល់​ដង​បើក​លក់​យប់ៗ​ជ្រៅ​ដែរ​ម៉ោង ១០​យប់​អី​បាន​បិទ​ទ្វារ តែ​ឥឡូវ​ព្រលប់​បិទ​ទ្វារ​ហើយ»

ក្នុង​អំឡុង​ពេល​ចុង​ឆ្នាំ​២០០៩ កន្លង​ទៅ​ក្នុង​ស្រុក​បាកាន កើត​មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ទៅ ៧​ករណី។ ការ​ប្លន់​ចំនួន ២​លើក​បាន​កើត​មាន​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា និង​ការ​ប្លន់​ចំនួន ៥​លើក​ទៀត​ក្នុង​ខែ​ធ្នូ ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ម្នាក់ និង​ទ្រព្យ​សម្បត្តិ​មាស​ប្រាក់​ប្រជា​ពលរដ្ឋ​អស់​ជា​ច្រើន។

អធិការ​ប៉ូលិស ស្រុក​បាកាន​គឺ​លោក​ប៉ែន​ទុង​ពន្យល់​ចំពោះ​ការ​កើន​ឡើង​នូវ​អំពើ​ប្លន់​ក្នុង​ស្រុក​នេះ​ថា​បណ្តាល​មក​ពីរ​ដូវ​នេះ​ជា​រដូវ​ច្រូត​កាត់​ប្រមូល​ផល​ក្រុម​ជន​ខិល​ខូច​ដឹង​ថា ប្រជា​ពលរដ្ឋ​អាច​មាន​លុយ​ពី​ការ​លក់​កសិផល។ លោកថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ និង​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ក៏​ជា​កត្តា​ជះ​ឥទ្ធិពល​បណ្តាល​ឲ្យ​ករណី​ប្លន់​នៅ​ស្រុក​បាកាន​កើន​ឡើង​ដែរ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល