ប៉ូលិស​រតនគិរី​ចាប់​ឃាត់​ខ្លួន​យុវជន​ទំនើង​ជាង​៤០​នាក់

មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរីឲ្យ​ដឹង​ថា យុវជន​ទំនើង ឬ​ក្រុម​យុវជន​ពាលា​អាវាសែ ចំនួន​៤៣​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​១៧ កក្កដា រហូត​ថ្ងៃ​ច័ន្ទ ១៧ សីហា ឆ្នាំ​២០០៩។
ដោយ រដ្ឋា វីសាល
2009-08-18
Share

ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្តាល​យុត្តិធម៌​នៃ​ស្នងការ​ដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី លោក ផែន ឌីណា មាន​ប្រសាសន៍​ពី​ការ​បង្រ្កាប ៖ «គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ពួក​ដើរ​បង្ក​អុកឡុក បង្ហោះ​ម៉ូតូ សេព​គ្រឿង​ញៀន។ នៅ​ពេល​យប់​យើង​កំណត់​ម៉ោង ១២​ទៅ គឺ​យើង​ដើរ​ប្រមូល​ពួក​នេះ»

មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​បង្រ្កាប​នេះ​ធ្វើ​ឡើង​ប្រយោជន៍​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ក្រុម​ក្មេង​ពាល​ដែល​បង្ក​ការ​រំខាន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

យុវជន​ទាំង​៤៣​នាក់ មាន​អាយុ​ចន្លោះ​ពី ១៣​ឆ្នាំ ដល់ ២៦​ឆ្នាំ ខ្លះ​មាន​កំណើត​ជន​ជាតិ​ខ្មែរ និង​ជន​ជាតិ​ដើម​ភាគ​តិច និង​ខ្លះ​ទៀត​មាន​កំណើត​ជន​ជាតិ​វៀតណាម ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ខណៈ​ដែល​ពួក​គេ​ដើរ​ហួស​ម៉ោង​១២​យប់។

ក្រុម​ប៉ូលិស​បាន​ចោទ​ថា ការ​ដើរ​ហើរ​ពេល​យប់​របស់​ក្រុម​យុវជន​ទាំង​នេះ បាន​នាំ​មក​នូវ​ការ​ធ្វើ​សកម្ម​ភាព​គួរ​ឲ្យ​សង្ស័យ។

គួរ​សម្គាល់​ថា នៅ​ខេត្ត​រតនគិរី ដែល​ជា​តំបន់​សម្បូរ​ដោយ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ គេ​ឃើញ​ក្រុម​យុវជន​និង​យុវនារី បាន​បង្ក​ជា​ក្រុម​បង​តូច​បង​ធំ មាន​សក់​វែង ឬ​សក់​លាប​ថ្នាំ​ពណ៌ ជក់​គ្រឿង​ញៀន ប្រើ​ប្រាស់​ដំបង ដាវ កាំបិត ដែល​ជួន​កាល​ក្រុម​នោះ មាន​ការ​ប៉ះ​ទង្គិច​គ្នា រហូត​ដល់​កាំភ្លើង​ជា​អាវុធ វាយ​បាញ់​សម្លាប់​គ្នា និង​មាន​ការ​ប្រើប្រាស់​ម៉ូតូ​ជិះ​បង្ហោះ​ពេញ​ផ្លូវ។

មេ​ឃុំ​ឡាបានសៀក លោក ញៀន តៃស៊ី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​គាំទ្រ​ការ​បង្រ្កាប​នេះ ក៏​ប៉ុន្តែ​លោក​ថា ក្មេង​ទំនើង​មួយ​ចំនួន​ចេញ​មក​ពី​ក្រុម​គ្រួសារ​មន្ត្រី​ធំៗ​ក្នុង​មូលដ្ឋាន ៖ «វា​ប៉ះពាល់​ដល់​កូន​អស់​លោក វា​ពិបាក»

ប្រធាន​សមាគម​ខ្មែរ​លើ អ្នកស្រី ដាំ ចន្ធី មាន​ប្រសាសន៍​ថា ការ​បង្រ្កាប​របស់​ប៉ូលិស​គឺ​ជា​ការ​រួម​ចំណែក​ជួយ​ទប់​ស្កាត់​ផល​វិបាក​ដែល​កំពុង​កើត​មាន​ក្នុង​មូលដ្ឋាន ជា​ពិសេស​ការ​ឆ្លង​រាល​ដាល​អំពើ​អបាយ​មុខ​ទៅ​លើ​សហគមន៍​ជន​ជាតិ​ដើម។

អ្នកស្រី​បន្ត​ថា ការ​កើត​ឡើង​នូវ​មូលដ្ឋាន​អបាយមុខ មាន​បន​ពេស្យា ក្លឹប​រាត្រី ខារ៉ាអូខេ ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន គឺ​ជា​មូលហេតុ​ទាក់ទាញ​ឲ្យ​ក្រុម​យុវជន​យុវនារី ក្លាយ​ខ្លួន​ទៅ​ក្នុង​អំពើ​ខុស​ឆ្គង​នោះ។

អ្នកស្រី ដាំ ចន្ធី ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​អរគុណ​ច្រើន​ណាស់​ដែល​គេ​បង្រ្កាប ព្រោះ​អី​ខ្ញុំ​មិន​ចង់​ឃើញ​ក្មេង​ជន​ជាតិ​ដើម​ភាគ​តិច​សក់​វែងៗ​ទេ»

របាយការណ៍​របស់​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ទីតាំង​បន​ពេស្យា​ជាង ១០​ទីតាំង ក្លឹប​រាត្រី​ខារ៉ាអូខេ ២៧​ទីតាំង នៅ​ក្រុង​បានលុង ទីរួម​ខេត្ត​រតនគិរី បច្ចុប្បន្ន​នេះ។

មក​ដល់​ពេល​នេះ ក្មេង​ទាំង​៤៣​នាក់ ដែល​ប៉ូលិស​ឃាត់​ខ្លួន ៤១​នាក់ តម្រូវ​ឲ្យ​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្ត​អំពើ​ពាលា​នោះ ហើយ​ប្រគល់​ដល់​អាណា​ព្យាបាល​ពួក​គេ​ឲ្យ​ទទួល​យក​ទៅ​អប់រំ​បន្ត​ទៀត ចំណែក ២​នាក់​ទៀត ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ដោយសារ​មាន​បទ​ល្មើស​មិន​អាច​ប្រើ​វិធានការ​អប់រំ​បាន៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល