ប៉ូលិស​ខែត្រ​មណ្ឌលគិរី​ម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់

កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​បន្ទាប់​ពី​ស្នូរ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់។
ដោយ រដ្ឋា វីសាល
2010.01.18

មន្ត្រី​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក ឆាយ ទី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​បាញ់​សម្លាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ម៉ោង​៨:៣០​នាទី យប់​ថ្ងៃ​ទី​១៧ មករា ឆ្នាំ​២០១០ បន្ទាប់​ពី​មាន​ឭ​សំឡេង​កាំភ្លើង​ផ្ទុះ​ចំនួន​ពីរ​លើក​ប្រមាណ​ជាង ១០​គ្រាប់​នៅ​ចំណុច​ផ្ទះ​អ្នក​ភូមិ​ម្នាក់​ ក្នុង​ភូមិ​ប្រាំមួយ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រជ្រាដា ខេត្ត​មណ្ឌលគិរី។

ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពេជ្រាដា បាន​បញ្ជាក់​ថា សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​នេះ​នៅ​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា អ្នក​ណា​ជា​ឃាតករ​នោះ​នៅ​ឡើយ​ដែរ ប៉ុន្តែ​នគរបាល​មូលដ្ឋាន​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​បី​នាក់ និង​ដក​បាន​អាវុធ​ខ្លី​ចំនួន​ពីរ​ដើម។

ជន​រងគ្រោះ​មាន​ឈ្មោះ នង ពិសិដ្ឋ អាយុ ២២​ឆ្នាំ ជា​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​រមនា ក្រុង​សែនមនោរម្យ។ ចំណែក​ជន​សង្ស័យ​បី​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន ម្នាក់​ជា​ម្ចាស់​ផ្ទះ ម្នាក់​ជា​មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន និង​ម្នាក់​ទៀត​ជា​អង្គរក្ស​ការពារ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​មណ្ឌលគិរី៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។