អ្នកឃ្លាំមើលថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អសមត្ថភាពក្នុងការដោះស្រាយបញ្ហា ទើបប្រកាសធ្វើច្បាប់ចោទអ្នករិះគន់ថា ជាក្រុមភេរវកម្ម
2024.09.14
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ក្រោមអំណាចឪពុករបស់លោក គឺលោក ហ៊ុន សែន គ្មានសមត្ថភាពដោះស្រាយវិបត្តិពលរដ្ឋ និងអយុត្តិធម៌សង្គម ទើបចោទប្រកាន់អ្នករិះគន់ជាក្រុមភេរវកម្ម ក្រោមលេសរក្សាសន្តិភាព។ ការលើកឡើងនេះ បន្ទាប់ពីឪពុកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន គ្រោងនឹងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ជាក្រុមភេរវកម្មដែលលោកចោទថា ប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។
ថ្មីៗ នេះ លោក ហ៊ុន សែន បានលើកឡើងពីការធ្វើច្បាប់ដាក់ក្រុមអ្នករិះគន់ជាក្រុម ភេរវកម្ម ខណៈរដ្ឋាភិបាលត្រកូលហ៊ុន កាន់តែរងការរិះគន់ខ្លាំងៗ ពីប្រជាពលរដ្ឋថា មិនបានដោះស្រាយបញ្ហាបូរណភាពទឹកដី អយុត្តិធម៌សង្គម បញ្ហាសេដ្ឋកិច្ច ការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ បក្ខពួកនិយម និងទុក្ខវេទនាជីវភាពរបស់ ប្រជាពលរដ្ឋជាដើម។
អ្នកជំនាញផ្នែកច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត យល់ថា ប្រសិនបើច្បាប់បែបនេះ នឹងត្រូវបានបង្កើតឡើងមែន នោះរដ្ឋាភិបាល ដឹកនាំប្រាស់ ចាកប្រព័ន្ធប្រជាធិបតេយ្យហើយ ពីព្រោះប្រជាធិបតេយ្យ ត្រូវធានាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសេរីភាពសម្ដែងមតិ។ លោកថា ក្នុងសង្គមប្រជាធិបតេយ្យសំឡេងរិះគន់ ឬមតិផ្ទុយមានតួនាទីសំខាន់ ក្នុងការជំរុញឱ្យមានដំណើរការអភិវឌ្ឍន៍សង្គមជាតិឱ្យល្អប្រសើរ។
លោក វន់ ចាន់ឡូត៖ «របបក្រុងភ្នំពេញនឹងពិបាកក្នុងការទប់រំហូរ នៃចលនាប្រជាពលរដ្ឋចង់បានការផ្លាស់ប្ដូរ ចង់ប្រជាធិបតេយ្យចង់បានមេដឹកនាំដែលអាចមានសមត្ថភាព ដោះស្រាយចោទរបស់សង្គមរបស់ប្រជាពលរដ្ឋបាន។ ដូច្នេះ ដំណាក់កាលនេះ ទំនងជាដំណាក់កាលចុងក្រោយ ដែលរបបក្រុងភ្នំពេញធ្វើយ៉ាងម៉េច ត្រូវគាស់រំលើងឱ្យអស់នូវឫសគល់នៃប្រជាធិបតេយ្យនៅកម្ពុជាហើយប្រែក្លាយការដឹកនាំតាមទម្រង់បែបជាផ្ដាច់ការ »។
លោក វ៉ន ចាន់ឡូត ថា រដ្ឋាភិបាលត្រកូលហ៊ុន មិនត្រឹមតែគ្មានសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែថែមទាំងបង្កើតបញ្ហាឱ្យប្រជាពលរដ្ឋបន្ថែមទៀត ដែលបញ្ហាទាំងអស់នោះ បានក្លាយជាវិបត្តិដូចជំងឺមហារីកនៅក្នុងសង្គមខ្មែរទៅហើយ។ ដូច្នេះហើយ ទើបលោក ហ៊ុន សែន នឹកឃើញវិធីធ្វើច្បាប់ ដើម្បីរក្សាអំណាច ដោយការបង្ក្រាបសំឡេងរិះគន់ និងបំបិទសារព័ត៌មានឯករាជ្យ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកញ្ញា បានថ្លែងនៅចំពោះមុខភ្ញៀវអន្តរជាតិក្នុងពិធីប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសសន្តិភាពដល់រូបលោកនៅក្នុងប្រទេសកូរ៉េខាងត្បូង អំពីគម្រោងនៃការធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ដែលលោកចោទថា ប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។
លោក ហ៊ុន សែន៖ «ខ្ញុំគួរត្រូវបាននិយាយនៅទីនេះថា ប្រហែលជាកម្ពុជាមានការចាំបាច់រៀបចំ នូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាងខ្លះទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។ យើងកំពុងពិចារណាទៅបញ្ហានេះ ព្រោះអ្នកប៉ុនប៉ងបំផ្លាញនូវសន្តិភាពរបស់យើងក៏នៅតែមាននៅឡើយ»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីថា អង្គការស៊ីវិលគាំទ្រ សេរីភាពបញ្ចេញមតិដោយ អហិង្សា។ លោកថា ការធ្វើច្បាប់ ត្រូវតែអនុលោមទៅតាមស្ដង់ដារសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ពីព្រោះប្រទេសកម្ពុជាប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោក យិន ម៉េងលី៖ «កាលច្បាប់មិនអនុវត្តទៅតាមស្តង់ដារទាំងអស់នោះទេ ច្បាប់នោះ អត់បានការពារទេ ច្បាប់នោះ អត់បានទៅជួយការពារទេ ច្បាប់នឹងទៅច្បាប់គាបសង្កត់លើសិទ្ធិទៅវិញ ច្បាប់ត្រូវចែងឱ្យច្បាស់លាស់ ច្បាប់ត្រូវធ្វើឱ្យប្រជាពលរដ្ឋងាយយល់។ កាលណាអ្នកអនុវត្តគឺមានបញ្ហាច្រើនហើយ។ ឧទាហរណ៍ប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈត្រូវពន្យល់ឱ្យច្បាស់ថា ស្អីទៅសន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈ»។
រីឯអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីថា នៅពេលកាន់តែមានអំណាចរដ្ឋាភិបាលមិនបានប្រកាន់ខ្ជាប់តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែល ជាគោលការណ៍ស្នូលនាំឱ្យកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយឡើយ។ លោកថា បើសន្តិភាព ដែលរដ្ឋាភិបាលនិយាយជារឿយៗ ចាត់ទុក អ្នករិះគន់ថា ជាក្រុមភេរវកម្ម គឺជាសន្តិភាពសម្រាប់ប្រយោជន៍ បក្ខពួកអ្នកកាន់អំណាចប៉ុណ្ណោះ។
លោក សេង វណ្ណលី៖ «មួយរយៈចុងក្រោយមានការចាត់ទុក អ្នកមានគំនិតផ្ទុយ និងគណបក្សប្រឆាំងថា ជាក្រុមឧទ្ទាមក្រៅច្បាប់អ៊ីចឹងជាដើម។ ខ្ញុំគិតថា ការចាត់ទុកបែបនេះ មិនថា ពីសមាជិកអ្នកនយោបាយ ឬពីបុគ្គលណា វាជាការរាំងស្ទះ ដែលអាចរុញច្រានកម្ពុជាវិលទៅរកទសវត្សរ៍មុនឆ្នាំ៩០ ចាប់តាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩»។
មួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋ និងយុវជនខ្មែររស់នៅក្រៅប្រទេស បានប្រមូលផ្ដុំគ្នាតវ៉ាជាបន្តបន្ទាប់ ធ្វើបាតុកម្មដើម្បីទាមទារឱ្យលោក ហ៊ុន សែន និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដកទឹកដីខ្មែរចំនួន ៤ខេត្ត គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ជាមួយវៀតណាម។
ក្រៅពីការតវ៉ារឿង CLV ប្រជាពលរដ្ឋក៏រិះគន់រដ្ឋាភិបាល លើការបំផ្លាញបរិស្ថាន អយុត្តិធម៌សង្គម បញ្ហាសេដ្ឋកិច្ច វិបត្តិអត់ការងារធ្វើ ការធ្លាក់ចុះថោកនៃកសិផល របស់កសិករ វិបត្តិបំណុលវ័ណ្ឌក និងបញ្ហាឧកញ៉ាឆបោកប្រាក់ពលរដ្ឋជាដើម។ ឆ្លើយតបនឹងការរិះគន់ទាំងនេះ សកម្មជនបរិស្ថាន សកម្មជនសង្គម សិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំងជិត ១០០នាក់ ត្រូវបានចាប់ខ្លួន ហើយប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសមួយចំនួន ក៏ត្រូវបានចោទប្រកាន់ ខណៈតុលាការក្រោមឥទ្ធិពល របស់លោក ហ៊ុន សែន កំពុងពន្លឿនសំណុំរឿងចាស់ៗ របស់មេដឹកនាំនយោបាយនៅកម្ពុជា។
អ្នកឃ្លាំមើលលើកឡើងថា ចំណាត់ការក្ដៅបែបនេះ នឹងធ្វើឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ប្រឈមនឹងទណ្ឌកម្មបន្ថែមទៀត ពីប្រទេសប្រជាធិបតេយ្យ បន្ទាប់ពីសហរដ្ឋអាមេរិក ទើបតែដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាមនុស្សស្និទ្ធម្នាក់របស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។