ស្ត្រីសកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវដោះលែងពីពន្ធនាគារព្រៃស ហើយកាលពីរសៀលថ្ងៃទី១១ ខែមេសា នេះ។ ការដោះលែងនេះ ចំពេលដែលអ្នកនយោបាយមានភាពល្អូកល្អិននឹងគ្នា និងចំពេលសមាជិក គ.ជ.បថ្មី ចូលស្បថបំពេញការងារនៅព្រះបរមរាជវាំង។ សង្គមស៊ីវិល ទាមទារកុំឲ្យអ្នកនយោបាយយកពលរដ្ឋធ្វើឈ្នាន់ល្បែងនយោបាយ។
សំឡេងហូរកញ្ជ្រៀវលាយឡំសូរស័ព្ទយំទួញសោកលាន់ឮនៅមុខពន្ធនាគារព្រៃស ចំពេលដែលស្ត្រីសកម្មជនដីធ្លី ត្រូវបានដោះលែងឲ្យមានសេរីភាព។ ក្រុមស្ត្រីទាំងនោះ ពាក់អាវយឺតខ្មៅដូចៗគ្នារំលេចអក្សរថា ពិភពលោកកំពុងតាមដានបញ្ហានេះ និងលើកទង់ជាតិគ្រវីមុនចេញធ្វើដំណើរចាកចេញពីបរិវេណពន្ធនាគារ។ ការដោះលែងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើពាក្យស្នើសុំព្រះរាជទានលើកលែងទោសពួកគេ កាលពីព្រឹកថ្ងៃទី១១ ខែមេសា។
ថ្លែងក្រោយចេញពីពន្ធនាគារ តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យដឹងថា ទន្ទឹមនឹងក្តីរំភើបចំពោះការដោះលែងនេះ អ្នកស្រីនៅតែយល់ថា ការចាប់ឃុំខ្លួននេះ គឺធ្វើឡើងដោយអយុត្តិធម៌។ អ្នកស្រី ទេព វន្នី បន្តឲ្យដឹងទៀតថា ក្រុមអ្នកស្រីនៅតែស្វះស្វែងតស៊ូមតិទាមទារឲ្យមានការដោះស្រាយបញ្ហាដីធ្លីតំបន់បឹងកក់៖ «បន្ទាប់ពីចូលឆ្នាំហើយ ពួកយើងខ្ញុំនឹងតស៊ូមតិតវ៉ារឿងដីធ្លីខ្ញុំដដែល»។
ការដោះលែងសកម្មជនដីធ្លីសហគមន៍បឹងកក់ ថ្មគោល និងអតីតបឹងកក់នេះ ស្របពេលអ្នកនយោបាយទាំងពីរបក្ស កំពុងមានភាពល្អូកល្អិននឹងគ្នា និងច្បាប់បោះឆ្នោតបានបង្កើតឡើង ហើយសមាសភាព គ.ជ.បថ្មីក៏បានស្បថចូលកាន់តំណែងនៅក្នុងថ្ងៃតែមួយ នៃការដោះលែងនេះដែរ។
តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ និយាយថា ការដោះលែងថ្ងៃនេះ ដោយសារស្ថានភាពនយោបាយកំពុងត្រជាក់ស្រឡះល្អ។ ក្រៅពីសកម្មជនដីធ្លីទាំងនេះ លោក ហូរ វ៉ាន់ បង្ហាញក្តីសង្ឃឹមថា សកម្មជននយោបាយ និងព្រះសង្ឃដែលត្រូវចាប់ខ្លួននឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ៖ «យើងអាចនិយាយបានថា ការដោះលែងនេះ គឺពេលស្ថានការណ៍នយោបាយល្អ»។
ភ្លាមៗនៃការដោះលែងដែរ ក្រុមស្ត្រីនាំគ្នាជិះរថយន្តមានហែហមឆ្ពោះទៅផ្ទះរបស់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយមានវត្តមាន លោក សម រង្ស៊ី លោក កឹម សុខា និងអ្នកមុខអ្នកការគណបក្សនេះរង់ចាំស្វាគមន៍។
លោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ យល់ថា ការដោះលែងនេះ គឺដោយសារ លោក សម រង្ស៊ី និងលោក ហ៊ុន សែន ចរចាត្រូវរ៉ូវគ្នា។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឲ្យអ្នកនយោបាយកុំយកប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំងនយោបាយ៖ «យើងចង់ឲ្យអ្នកនយោបាយបញ្ចប់ល្បែងនយោបាយដែលចាប់ខ្លួនសកម្មជន ដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន»។
សកម្មជនដីធ្លីទាំង ១០នាក់នោះ ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃុំខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ នៅពេលពួកគេតវ៉ាបិទផ្លូវខាងមុខសាលារាជធានីភ្នំពេញ នៅពេលផ្ទះពួកគេត្រូវទឹកស្អុយជន់លិច។ ការឃុំខ្លួនរយៈពេល ៥ខែនេះ សង្គមស៊ីវិល និងសាធារណជនមើលឃើញថា ជាអំពើអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។