ខួប​១២​ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​មាន​ភាព​ស្ងប់ស្ងាត់

ដោយ ប្រាជ្ញ ចេវ-សាន សែល
2016-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (លើក​ដៃ) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Morm Moniroth
សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (លើក​ដៃ) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Morm Moniroth
RFA/Morm Moniroth

ខួប​ទី​១២ នៃ​ការ​គ្រងរាជ​​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ស្ថិត​ក្នុង​ភាព​ស្ងាត់​ជ្រងំ គ្មាន​ការ​ជួបជុំ​ជា​ផ្លូវការ​នៅ​ទី​សាធារណៈ​ពី​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ណា​ឡើយ ក្រៅ​តែ​ពី​ដាក់​តាំង​លម្អ​​​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ សម្ដេច​ម៉ែ និង​ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ នៅ​មុខ​ព្រះបរមរាជវាំង។ អ្នក​វិភាគ​សង្គម​យល់​ថា សភាព​បែប​នេះ​បង្ហាញ​ថា ជា​ការ​មិន​ចិត្ត​ទុក​របស់​រដ្ឋាភិបាល​មក​លើ​ស្ថាប័ន​ព្រះមហាក្សត្រ។

ថ្ងៃ​ទី​២៩ ខែ​តុលា ជា​ខួប​១២ នៃ​ការ​គ្រងរាជសម្បត្តិ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ប៉ុន្តែ​មហាជន​ទូទៅ​ហាក់​មិន​បាន​ដឹង​ពី​ថ្ងៃ​នេះ​ទេ ខណៈ​គ្មាន​ការ​ជួបជុំ​ជា​ផ្លូវការ​នៅ​ទី​សាធារណៈ​ពី​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ដើម្បី​រំលឹក ឬ​ក៏​ចូលរួម​អបអរ។

ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​គេ​ដឹង​ថា ជា​ក្សត្រ​ដែល​ចូល​ចិត្ត​សិល្បៈ។  មុន​ពេល​ព្រះអង្គ​ឡើង​គ្រងរាជ្យ លោក​ធ្លាប់​ធ្វើ​ជា​គ្រូ​របាំ​ព្រះរាជទ្រព្យ​នៅ​ប្រទេស​បារាំង។ ព្រះអង្គ​មិន​ធ្លាប់​ស្រមៃ​ឡើង​គ្រងរាជសម្បត្តិ​នោះ​ទេ។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី យល់​ថា សភាព​ស្ងប់ស្ងាត់​នៃ​ថ្ងៃ​រំលឹក​ខួប​នៃ​ការ​គ្រងរាជសម្បត្តិ​របស់​ព្រះមហាក្សត្រ បង្ហាញ​ពី​អត្តចរិត​របស់​រដ្ឋាភិបាល​មិន​គិតគូរ​ដល់​អង្គ​ព្រះមហាក្សត្រ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​យល់​ថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​បូរណភាព​ទឹក​ដី យុត្តិធម៌​សង្គម ឬ​ក៏​ជា​ស្ថាប័ន​ឯករាជ្យ​ដែល​ផ្ដល់​ម្លប់​ដល់​ពលរដ្ឋ​ទូទៅ រដ្ឋាភិបាល​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ធ្វើ​ពិធី​នេះ​ឲ្យ​ទូលំទូលាយ និង​អធិកអធម«បើ​យើង​អ្នក​មើល យើង​មិន​ហ៊ាន​ចោទ​ថា​រដ្ឋាភិបាល​មិន​គោរព​ព្រះមហាក្សត្រ​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់ មិន​ថា​រដ្ឋាភិបាល​អត់​មាន​លុយ​ដើម្បី​រៀបចំ ឬ​ក៏​រដ្ឋាភិបាល​មិន​បាន​គិត​រឿង​នេះ​សំខាន់ បាន​ជា​មិន​ឃើញ​មាន​ការ​រៀបចំ​ធំ​ធេង​ណា! ខ្ញុំ​ឃើញ​តែ​នៅ​មុខ​ព្រះបរមរាជវាំង​មួយ​ដែល​មាន​រៀបចំ​ជា​ផ្កា​ភ្លើង​អី»

​ប្រមុខ​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​បាន​បង្ហោះ​សារ​ថ្វាយ​ព្រះពរ​ដល់​ព្រះមហាក្សត្រ។ រី​ឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាង​ឲ្យ​រដ្ឋាភិបាល ក្រៅ​ពី​​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ លោក​ឲ្យ​ដឹង​ថា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​សង្គម​ឆ្ពោះ​ទៅ​កាន់​ភាព​ចម្រុងចម្រើន​ជាមួយ​រដ្ឋាភិបាល។

ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ​ព្រះ​មហាវីរក្សត្រ នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រី នៅ​មុខ​ព្រះបរមរាជវាំង។ រូបថត​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៦។ RFA/Uon Chhin
ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ​ព្រះ​មហាវីរក្សត្រ នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រី នៅ​មុខ​ព្រះបរមរាជវាំង។ រូបថត​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៦ RFA/Uon Chhin

ចំណែក​លោក កឹម សុខា ក្នុង​នាម​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ថ្វាយ​លិខិត​ថ្វាយ​ព្រះពរ​ដល់​ព្រះមហាក្សត្រ​ដែរ។ ក្រៅ​ពី​អ្នក​នយោបាយ​ទាំង​ពីរ​រូប បង្ហាញ​ការ​ថ្វាយ​ព្រះពរ គេ​មិន​ឃើញ​មាន​មន្ត្រី​អ្នកមុខអ្នកការ ឬ​អ្នក​នយោបាយ​ផ្សេង​ទៀត​លើក​ឡើង​ពី​ថ្ងៃ​គ្រងរាជ្យ​គម្រប់ ១២​ឆ្នាំ​របស់​អង្គ​ព្រះមហាក្សត្រ​នេះ​ទេ។

ផ្ទុយ​ទៅ​វិញ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​បាន​សរសេរ​យ៉ាង​ព្រោងព្រាត​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​អបអរសាទរ​ខួប​ទី​១២ នៃ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​នៃ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ឬ​ស្ថាប័ន​ព្រះរាជវាំង អំពី​ការ​រៀបចំ​នៃ​ការ​រំលឹក​ព្រះ​រាជពិធី​គ្រងរាជសម្បត្តិ នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា នេះ​ទេ។ ចំណែក​រដ្ឋលេខាធិការ​នៃ​ក្រសួង​ធម្មការ និង​សាសនា លោក ធ្លាប់ ផន ឲ្យ​ដឹង​ថា ក្រសួង​ធម្មការ និង​សាសនា គ្រាន់តែ​រៀបចំ​បដា និង​ពាក្យ​ស្លោក​នៃ​ពិធី​គ្រងរាជ្យ​គម្រប់ ១២​ឆ្នាំ។

​ទាក់ទង​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី នេះ​ដែរ អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា រយៈពេល ១២​ឆ្នាំ​មក​នេះ ព្រះមហាក្សត្រ​មិន​បាន​បំពេញ​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អោយ​បាន​ពេញលេញ​ទេ។ លោក​បណ្ឌិត​លើក​ឧទាហរណ៍​ត្រួសៗ​ថា ព្រះអង្គ​មាន​ព្រះរាជ​សិទ្ធិ​លើកលែងទោស ប៉ុន្តែ​ទ្រង់​បែរ​ជា​ប្រគល់​​ការ​សម្រេច​លើសលប់​ទៅ​នាយករដ្ឋមន្ត្រី​ទៅ​វិញ។ ​ចំណុច​មួយ​ទៀត ព្រះអង្គ​ជា​អ្នកធានា​ឯករាជភាព​តុលាការ ប៉ុន្តែ​ទ្រង់​មិន​បាន​បំពេញ​បាន​ទេ។ លោក​លើក​ឡើង​ទៀត​ថា ចំណុច​សំខាន់​មួយ​គឺ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ក្រុម​ពលរដ្ឋ​ទេ«មិន​មាន​អី​ជាពិសេស​គួរ​ឲ្យ​លើក​ឡើង​ទេ​ក្នុង​រយៈពេល​ហ្នឹង ព្រះអង្គ​មិន​បាន​ធ្វើ​សកម្មភាព​លេចធ្លោ​ពិសេស និង​បំពេញ​ព្រះរាជ​តួនាទី​របស់​លោក​ពេញលេញ​ត្រឹមត្រូវ​ទេ»

ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ​អាន​សៀវភៅ និង​ធ្វើ​សមាធិ។ ព្រះអង្គ​អាច​មាន​ព្រះរាជឱង្ការ​ជា​ភាសា​បារាំង ឆេក (Czech) អង់គ្លេស និង​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ ហើយ​ក៏​ចេះ​ភាសា​ចិន ខ្លះៗ​ផង។ ទម្លាប់​ប្រចាំថ្ងៃ​របស់​ទ្រង់ គឺ​អនុវត្ត​លំហាត់​ប្រាណ​ដោយ​រត់ ឬ​ជិះកង់​ក្នុង​បរិវេណ​ព្រះបរមរាជវាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Sooner or later will be gone anyway, why not sooner. About the king,he has done nothing for his people. How can people support him if when people need him he mostly gone fishing. Another thing, he doesn't want to be king at all but his mom forced him to be throned. Nonetheless, his mom deserved that.

Oct 29, 2016 09:40 AM

គេហទំព័រ​ទាំងមូល