គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ខួប​២០​ឆ្នាំ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៩៧

ដោយ ឡេង ម៉ាលី
2017.07.06
ខួប​រដ្ឋប្រហារ៩៧ សង្គ្រោះជាតិ ២០១៧ ៨៥៥ ពិធី​បង្សុកូល​រំឭក​ខួប​២០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី៦ កក្កដា ឆ្នាំ​២០១៧។ RFA/Leng Maly
RFA/Leng Maly

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល និង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៩៧។ ពិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។

សកម្មជន និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​អតីត​មន្ត្រី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​ទទូច​ចង់​បាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ កាល​ពី​ឆ្នាំ​១៩៩៧ នោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​នៅ​ឯ​ពិធី​បង្សុកូល​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ រួម​ជាមួយ​អ្នក​ស្រឡាញ់​យុត្តិធម៌ រួម​កម្លាំង​បន្ត​ទាមទារ​រក​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​គ្រួសារ​កូន​ចៅ​ជន​រងគ្រោះ៖ «គ្រួសារ ជាពិសេស​កូន​ចៅ​កុមារ​កំព្រា​ដោយសារ​ព្រឹត្តិការណ៍-៦ កក្កដា ឆ្នាំ​១៩៩៧ ក៏ដូចជា​ការ​វាយ​ប្រហារ​សម្លាប់​អ្នក​ដទៃ​បន្តបន្ទាប់​រហូត​ដល់​ថ្មី​នេះ ទៅ​ដល់​បណ្ឌិត កែម ឡី ទៅ​ទៀត។ នៅ​ពេល​ណា​មិន​ទាន់​ឃើញ​ការពិត យើង​ជា​ប្រជាពលរដ្ឋ គ្រួសារ កូន​ចៅ​នៃ​ជន​រងគ្រោះ នៅ​តែ​រស់​ទាមទារ​ឲ្យ​ឃើញ​ឲ្យ​បាន​យុត្តិធម៌លុះត្រា​តែ​មាន​យុត្តិធម៌ ទើប​ប្រទេស​ជាតិ​យើង​អាច​ឈាន​ទៅ​រក​សន្តិភាព។ ដូច្នេះ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​ដដែល​ជានិច្ច»

ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់ និង​ទាហាន​ស្មោះ​ត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ​នរោត្ដម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ ប្រមាណ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ ពេល​នោះ បដិសេធ​ថា​មិន​មែន​ជា​រដ្ឋ​ប្រហារ​ទេ គឺ​ជា​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល និង​កម្លាំង​ខ្មែរ​ក្រហម ដែល​នាំ​ចូល​ភ្នំពេញ​ដោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​មេ​ទ័ព​ជាន់​ខ្ពស់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា សម្ដេច​ក្រុម​ព្រះ​នរោត្ដម រណឫទ្ធិ បាន​នាំ​ចូល​អាវុធ និង​កម្លាំង​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ ជា​អំពើ​ខុស​ច្បាប់ ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស៖ «ខ្ញុំ​យល់​ថា​តែ​រឿង​ច្បាំង​គ្នា​ហើយ គឺ​វា​កើត​ដល់​ស្លាប់​ហើយ ពីព្រោះ​ម្ខាង​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ ម្ខាង​កម្លាំង​របស់​ខ្មែរ​ក្រហម និង​ឃុបឃិត​នឹង​ខ្មែរ​ក្រហម អ៊ីចឹង​វា​តែង​មាន​ការ​ស្លាប់​រស់​រៀង​ខ្លួន​ហើយ វា​មិន​មែន​តែ​ម្ខាង​ទេ​ដែល​ស្លាប់ ខាង​កង​យោធពល​ខេមរភូមិន្ទ​ក៏​មាន​បាត់បង់​ជីវិត​ដូច​តែ​គ្នា​ដែរ គ្រាន់​តែ​ចំនួន​តិច​ជាង»

ប៉ុន្តែ​លោក​មិន​អាច​និយាយ​បាន​ទេ​ចំពោះ​ការ​បាញ់​សម្លាប់​មន្ត្រី​ធំៗ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​គេ​ចាប់​ខ្លួន​បាន ដោយ​លោក​ឆ្លើយ​ថា​មិន​ដឹង។

ឧត្ដម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ ថ្លែង​ថា លោក​សោកស្ដាយ​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ពី​ការ​ប្រជែង​អំណាច​រវាង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ និង​សម្ដេច​ក្រុម​ព្រះ​នរោត្ដម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១៖ «លទ្ធផល​ចុង​បំផុត នាយក​រដ្ឋមន្ត្រី​ទី​១ ចេញ​ពី​អំណាច នាយក​រដ្ឋមន្ត្រី​ទី​២ បាន​អំណាច​កាន់​តែ​ច្រើន​ឡើង ហើយ​អ្នក​ស្និទ្ធ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ទី​១ ស្លាប់​ទាំងអស់ ដូច​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មាន​ប្រសាសន៍​ពី​របាយការណ៍​អង្គការ​សហប្រជាជាតិ ថា ៦០​នាក់​ត្រូវ​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។ ដូច្នេះ នេះ​រដ្ឋ​ប្រហារ​ហើយ មិន​មែន​គ្រាន់​តែ​ព្រឹត្តិការណ៍​ទេ»

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក លឺ ឡាយស្រេង ថ្លែង​ថា មូលហេតុ​ដែល​លោក​ចូលរួម​ក្នុង​ពិធី​បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​នេះ ក៏​ព្រោះ​តែ​គណបក្ស​មិន​បំភ្លេច​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧ នោះ៖ «ការពិត​មែន​ទែន គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់​តែ​អ្នក​ធ្លាប់​នៅ​ជាមួយ​ហ៊្វុនស៊ិនប៉ិច ទេ ប៉ុន្តែ​គេ​អត់​ភ្លេច។ ប៉ុន្តែ​ហ៊្វុនស៊ិនប៉ិច មែន​ទែន​មិន​ដឹង​ទៅ​ណា? ភ្លេច​អស់​រលីង ចោល​ម្សៀត ហើយ​សួរ​ខ្ញុំ​ថា ហេតុ​ម៉េច​បាន​ចេះ​តែ​មក? មិន​ឲ្យ​មក​យ៉ាង​ម៉េច បើ​ពួក​ម៉ាក​បង​ប្អូន​កូន​ចៅ​មេ​ទាហាន​ឯង​ងាប់​អស់ ៥០ ទៅ ៦០​នាក់ អត់​អា​ណា​រំឭក​សោះ។ ខ្ញុំ​អង្គុយ​ទីនេះ នឹក​ឃើញ​ស្រក់​ទឹក​ភ្នែក ឈឺ​ចាប់​ផង សោកស្ដាយ​ផង មិន​ឲ្យ​ខ្ញុំ​មក​ម្ដេច​កើត

នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​កក្កដា រៀង​រាល់​ឆ្នាំ គណបក្ស​សង្គ្រោះ​ជាតិ តែង​ធ្វើ​ពិធី​បង្សុកូល​ដល់​ជន​រងគ្រោះ ព្រោះ​មន្ត្រី និង​សកម្មជន​គណបក្ស​នេះ​មួយ​ចំនួន​ជា​អតីត​មន្ត្រី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ អង្គការ​សហប្រជាជាតិ រក​ឃើញ​មាន​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ប្រមាណ ៦០​នាក់ ត្រូវ​បាន​គេ​បាន​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។ ប៉ុន្តែ​ករណី​ទាំងនេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា នឹង​មិន​មាន​ការ​ស៊ើប​អង្កេត​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។