មន្ត្រី​ជំនិត​លោក ហ៊ុន ម៉ាណែត ២៣រូប ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា

ដោយ ហេង រស្មី
2020-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

គណបក្សប្រជាជន​កម្ពុជា បានតែងតាំងកូនៗ របស់​មន្ត្រី​ជាន់​ខ្ពស់ និង​ក្រុម​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ចំនួន ២៣នាក់​បន្ថែម​ទៀត ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកវិភាគ យល់ថា ការ​តែងតាំង​នេះ គឺ​ជា​ការ​ពង្រីក​ឥទ្ធិពល​របស់ លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​គណបក្ស​ដែល​កំពុង​ត្រៀម​ទទួល​តំណែង​ពី​លោក ហ៊ុន សែន។

ក្រោយ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​ប្រធាន​យុវជន​បក្ស ពេល​នេះ​ក្រុម​កូនៗ ​មន្ត្រី​ជាន់​ខ្ពស់ និង​មនុស្ស​ជំនិត​របស់​លោក​ជាច្រើន​នាក់ ក៏​ត្រូវ​បាន​គណបក្សប្រជាជន​កម្ពុជា​​តែង​តាំង​ជា​ថ្នាក់​ដឹក​នាំ​យុវជន​អម​ជាមួយ​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

សេចក្តី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី២០ ខែ​មិថុនា ឲ្យ​ដឹង​ថា សមាសភាព​អ្នក​ទទួល​បាន ការ​តែងតាំង​ទាំង​នោះ មាន​ដូច​ជា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច លោក ហួត ហាក់ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ដាំ ដារិនី និង​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ា​ដា ជា​ដើម។ ក្នុង​នោះ​ក៏​មាន​កូន​ប្រុស​ពីរ​នាក់​របស់​ទេសរដ្ឋ មន្ត្រី គន់ គីម គឺលោក គីម រិទ្ធី និងលោក គីម សុភៈ ព្រម​ទាំង​មាន​កូន​ប្រុស​ម្នាក់​របស់​អនុប្រធាន​ទី​១ រដ្ឋសភា លោក ងួន ញ៉ិល ​ឈ្មោះ ងួន រាសី ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការ​តែង​តាំង​ក្រុម មនុស្ស​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ លោក ហ៊ុន ម៉ាណែត នេះ គឺ​ធ្វើ​ឡើង​ស្រប​តាម​លក្ខន្តិកៈ​និង​បទ​បញ្ជា​ផ្ទៃក្នុង​របស់​បក្ស។ លើស​ពី​នេះ លោក​មើល​ឃើញ​ថា ក្រុម​យុវជន​ជំនាន់ ក្រោយ​ទាំង​នេះ មាន​ស្នាដៃ​និង​គំរូ​ល្អ​ជា​ច្រើន ជា​ពិសេស​មាន​គោល​ជំហរ​ស្មោះ​ត្រង់​ជា​មួយ​បក្ស​ ប្រទេសជាតិ​និង​ប្រជាជន ព្រម​ទាំង​មាន​សកម្មភាព​ការងារ​ស្រួចស្រាល់ ដោយ​គ្មាន​អល់អែក​ជា​ដើម៖ «ទី១ មិន​ប្រកាន់​ថា យុវជន​ណា ឬ​ឯកឧត្ដម​ណា​ស្គាល់​ជិត​ស្និត ឬ​មិន​ជិតស្និត​ទេ គេ​ផ្អែក​ទៅ​លើ​លក្ខណៈ​សម្បត្តិ​របស់​បុគ្គល​ម្នាក់ៗ។ទី២ ផ្អែក​លើ​សំណូមពរ និង​ភារកិច្ច​នយោបាយ ដែល​ត្រូវ​ប្រើប្រាស់​មន្ត្រី​ទាំង​អស់​នោះ ដើម្បី​ឲ្យ​គាត់​មាន​តួនាទី​ដើម្បី​បំពេញ​ភារកិច្ច​ណា​មួយ»

ក្រុមមនុស្សដែលទទួល​បាន​តែងតាំង​ទាំង​នេះ ភាគ​ច្រើន​សុទ្ធ​សឹងតែ​ជា​អ្នក​ដើរ​ហែហម​អម​ដំណើរ លោក ហ៊ុន ម៉ាណែត ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក​សំឡេង​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​ដូច​ជា​នៅ​ប្រទេស​ប្រទេស ថៃ  កូរ៉េខាងត្បូង  ជប៉ុន  អូស្ត្រាលី  សហរដ្ឋអាមេរិក និង​ទ្វីប​អឺរ៉ុប​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា យុទ្ធនាការ​​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​នោះ ត្រូវ​បាន​សហគមន៍​ខ្មែរ​ចាត់​ទុក​ថា ជា​ការ​​បំបែក​បំបាក់​សាមគ្គីភាព​ក្នុង​​សហគមន៍​របស់​ពួក​គាត់។ លើស​ពី​នេះ ក្នុង​ចំណោម​មនុស្ស​ដែល​ទទួល​បាន​តែងតាំង​នេះ ក៏​មាន​ជាប់​ឈ្មោះ​ថា ជា​ក្រុម​មនុស្ស​ដៃ​ឆៅ​ពាក់ព័ន្ធ​នឹង​រៀបចំ​គម្រោង​ធ្វើ​បាប​សកម្មជន បក្ស​ប្រឆាំង​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ព្រម​ទាំង​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ លើក​ឡើង​ថា ក្នុង​ពេល​វេលា​នេះ លោក ហ៊ុន សែន កំពុង​រៀបចំ​ដាក់​បញ្ជូល​មនុស្ស​មួយ​ក្រុម​ថ្មី ដែល​ស្ថិត​ក្នុង​ចង្កោម​អ្នក​ជំនាន់​ក្រោយ និង​ស្មោះត្រង់​ជាមួយ​កូន​ប្រុស​ច្បង​របស់​គាត់ ដើម្បី​ចាប់​ផ្តើម​ការងារ​ជា​បណ្តើរៗ មុន​នឹង​លោក ហ៊ុន ម៉ាណែត ស្នង​តំណែង​ជា​ផ្លូវការ​ពី​លោក ហ៊ុន សែន។ លោក គឹម សុខ បន្ត​ថា ទោះ​បី​ជា​ក្រុម​អ្នក​នយោបាយ​ចាស់​របស់​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​ទៀត មិន​ពេញ​ចិត្ត​ក៏​ដោយ ក៏​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រឆាំង​ជា​ចំហ​នោះ​ទេ ដោយសារតែ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មាន​ឥទ្ធិពល​ធំធេង​នៅ​គណបក្ស៖ «នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ​គេ​ត្រូវ​ការ​គុណវុឌ្ឍិ និង​ការ​ប្រកួត​ប្រជែង​គ្នា​ច្បាស់លាស់ ចំណែក​សង្គម​កុម្មុយនិស្ត​គេ​រៀបចំ​តាម​បណ្ដាញ​ខ្សែ​រយៈ​បក្ខ​ពួក  អ្នក​ណា​មាន​ឥទ្ធិពល​ជាង គឺ​អ្នក​នោះ រៀបចំ​មនុស្ស​របស់​ខ្លួន​កាន់​តែ​ខ្ពស់​ជាង និង​មាន​អំណាច​ជាង។ ទី២ ភាព​ជាក់ស្ដែង​នៅ​ក្នុង​ការ​រៀបចំ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​របៀប​កុម្មុយនិស្ត​ទាំង​ស្រុង ម្ល៉ោះ​ហើយ​ការ​រៀបចំ​នេះ​មាន​ទំនោរ​នៃ​ការ​ក្ដោប​អំណាច​ផ្ដាច់ការ​ប្រគល់​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត»

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​យល់​ថា នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​រចនា​សម្ព័ន្ធ​នានា ដើម្បី​ក្ដោប​អំណាច ក្រោម​ការ​ចាត់ចែង​របស់​លោក ហ៊ុន សែន បែបនេះ គឺ គ្មាន​ផល​ប្រយោជន៍​ធំ​ដុំ​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​បន្ត​នូវ​មរតក​ដឹក​នាំ បែប​ផ្ដាច់ការ​ត​វង្ស​ត្រកូល​ដូច​ករណី​ប្រទេស​កូរ៉េ​ខាង​ជើង​យ៉ាង​ដូច្នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល