លោក ស ខេង និង​លោក សាយ ឈុំ ជាប់​ជា​អនុប្រធាន​បក្ស​ប្រជាជន

ដោយ ខែ សុណង
2015.06.20
ស ខេង សាយ ឈុំ ៦២០ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ។
Photo: RFA

ការ​បង្កើត​ឲ្យ​មាន​អនុ​ប្រធាន​បក្ស​ចំនួន ២​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​យល់​ថា បាន​ផ្ដល់​ឲ្យ​មាន​ផល​ប្រយោជន៍​មួយ​ចំនួន​ដល់​ការងារ​គណបក្ស និង​ដើម្បី​ឲ្យ​គណបក្ស​នេះ​មាន​ភាព​រឹងមាំ និង​ជា​គណបក្ស​ស្នូល​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ។ ការ​លើក​ឡើង​នេះ​នៅ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​ផ្ដល់​តួនាទី​ឲ្យ​មន្ត្រី ២​រូប​ក្លាយ​ជា​អនុ​ប្រធាន​បក្ស។

សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​បាន​បោះឆ្នោត​ផ្ដល់​តួនាទី​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​គ្រោង​ទុក ចំណែក​អនុ​ប្រធាន​គណបក្ស​ត្រូវ​ផ្ដល់​ទៅ​អោយ លោក ស ខេង និង​លោក សាយ ឈុំ។ តួនាទី​អនុ​ប្រធាន​ទាំង​ពីរ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ពន្យល់​ថា ការ​ដាក់​ឲ្យ​មាន​តួនាទី​ចំនួន ២​រូប គឺ​ដើម្បី​ជួយ​សម្រាល​ការងារ​លើ​តួនាទី​ដែល​អ្នក​ទាំង​ពីរ​កំពុង​មាន​ស្រាប់​ផង និង​ជួយ​សម្រួល​ដល់​ការងារ​របស់​ប្រធាន​បក្ស​ផង។ លោក​បន្ត​ថា រី​ឯ​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស​នៅ​ដដែល។ លោក​បញ្ជាក់​ទៀត​ថា ការ​ដាក់​នេះ​មិន​ពាក់ព័ន្ធ​ទៅ​ដល់​ការ​បែង​ចែក​អំណាច ឬ​ការ​បែកបាក់​គ្នា​នៅ​ក្នុង​បក្ស​នោះ​ទេ។

លោក ស ខេង និង​លោក សាយ ឈុំ ជាប់​ជា​អនុ​ប្រធាន​ទាំង​ពីរ​នៅ​ពេល​នេះ ពុំ​ត្រូវ​បែង​ចែក​ថា​មាន​អនុ​ប្រធាន​ទី​១ ឬ​ទី​២ នោះ​ឡើយ។

ការ​ប្រកាស​ជា​ផ្លូវ​ការ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល លើក​ទី​៣៨ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ បាន​សម្រេច​បោះឆ្នោត​ដោយ​សំឡេង ៥០៦ លើ ៥០៧​សំឡេង។

សន្លឹក​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​ប្រើប្រាស់​សម្រាប់​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​នេះ ត្រូវ​បាន​គេ​បញ្ចេញ​តាម​បណ្ដាញ​សង្គម។ សន្លឹក​ឆ្នោត​នោះ​បាន​សរសេរ​កំណត់​ឈ្មោះ​បេក្ខភាព​ទាំង ៣ រួច​ជា​ស្រេច ដោយ​គ្រាន់​តែ​ឲ្យ​គូស​សញ្ញា​ក្នុង​ប្រអប់ យល់​ព្រម មិន​យល់​ព្រម និង​អនុប្បវាទ។

ការ​បោះ​ឆ្នោត​នេះ បាន​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ដោយ​សេរី​នោះ​ឡើយ លើកលែង​តែ​អ្នក​សារព័ត៌មាន​របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​ដាក់​តួនាទី​ដូច្នេះ បើ​មើល​ទៅ​តាម​ទិដ្ឋភាព​នយោបាយ និង​ចិត្តសាស្ត្រ គឺ​ជា​ការ​ត្រឹមត្រូវ។ លោក​បាន​កត់​សម្គាល់​ដូច្នេះ៖ «យើង​ឃើញ​ហើយ បើ​យើង​ដាក់​ឯកឧត្ដម សាយ ឈុំ ទៅ​ជា​អនុ​ប្រធាន​ទី​១ ផ្លូវ​មនុស្ស​ធម៌​យើង​ដឹង​ហើយ ឯកឧត្ដម ស ខេង លោក​មាន​ឈាម​ជ័រ សែស្រឡាយ​សម្ដេច ជា ស៊ីម ភរិយា​របស់​គាត់​ត្រូវ​ជា​ប្អូន​របស់​សម្ដេច ជា ស៊ីម ហើយ​សម្ដេច​លោក​បាន​ទទួល​មរណភាព​ទៅ។ និយាយ​ពី​ទិដ្ឋភាព​នយោបាយ​គឺ​ឯកឧត្ដម ស ខេង មាន​ភាព​រឹងមាំ ព្រោះ​យើង​ដឹង​ហើយ​លោក​កាន់​ក្រសួង​មហាផ្ទៃ មាន​ជើង​ក្រោម​ក្រាស់​ជាង។ យើង​នាំ​គ្នា​គិត​ថា ឯកឧត្ដម សាយ ឈុំ គាត់​ទៅ​ជា​អនុ​ទី​២​វិញ វា​ទៅ​អត់​កើត ដោយសារ​តែ​គាត់​ជា​ប្រធាន​ព្រឹទ្ធសភា​រួច​ទៅ​ហើយ។ ដើម្បី​ជៀសវាង​បញ្ហា​ហ្នឹង គេ​ត្រូវ​ដាក់​ឲ្យ​ទៅ​ជា​អនុ​ទី​២​ទៅ»

ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​ទៀត​វិញ​យល់​ឃើញ​ថា ប្រសិន​បើ​ការ​បែងចែក​អំណាច​ទៅ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​បក្ស​មិន​មាន​ភាព​ស្មើ​គ្នា​នោះ​ទេ អាច​ធ្វើ​ឲ្យ​មើល​មុខ​គ្នា​មិន​ចំ និង​អាច​មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង​បក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។