ពីរ​ឆ្នាំ​ក្រោយ​បង្កើត​កិច្ច​ព្រមព្រៀង​នយោបាយ​គណបក្ស​ប្រឆាំង​បន្ត​នៅ​ក្រៅ​សភា

ដោយ ប្រាជ្ញ ចេវ
2016-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
RFA/Tin Zakariya

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ អះអាង​ថា ស្ថានការណ៍​នយោបាយ​តានតឹង​បច្ចុប្បន្ន គឺ​ជា​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ គណបក្ស​ប្រឆាំង​នៅ​តែ​ធ្វើ​ការ​ក្រៅ​សភា​ដដែល ដោយសារ​តែ​វិបត្តិ​នយោបាយ​កើត​ឡើង​ជា​ថ្មី។ ប៉ុន្តែ​បក្ស​កាន់​អំណាច​នៅ​តែ​លើក​ឡើង​ថា អ្វី​ដែល​កើត​ឡើង​ជា​រឿង​បុគ្គល​ប៉ុណ្ណោះ។

មិន​ទាន់​មាន​សញ្ញា​ចរចា​ណា​មួយ​រវាង​គណ​បក្ស​ទាំង​ពីរ​នៅ​ឡើយ​ទេ ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្ងៃ​២២ ខែ​កក្កដា ឆ្នាំ​២០១៤ និង​ថ្ងៃ​២២ ខែ​កក្កដា ឆ្នាំ​២០១៦ ឆ្ងាយ​ដាច់​ពី​គ្នា ត្បិត​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា កាល​ពី​ពីរ​ឆ្នាំ​មុន ថ្នាក់ដឹកនាំ​គណបក្ស​ទាំង ២​អង្គុយ​ជុំ​គ្នា​រក​ដំណោះស្រាយ ប៉ុន្តែ​ពេល​នេះ​គ្មាន​ការ​ចរចា ហើយ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ​នៅ​សភា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង លើក​ឡើង​ថា ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​នេះ គឺ​ជា​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ ២២ កក្កដា ឆ្នាំ​២០១៤។ លោក​មិន​បាន​ចោទ​ប្រកាន់​ថា គណបក្ស​ណា​ធ្វើ​ឲ្យ​មាន​វិបត្តិ​នយោបាយ​ទេ ប៉ុន្តែ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​រង​គ្រោះ៖ «គណបក្ស​សង្រ្គោះជាតិ អត់​មាន​មធ្យោបាយ​អ្វី​ទេ ប៉ុន្តែ​ជា​អ្នក​រងគ្រោះ ដូចជា​ការ​ចាប់ចង សកម្មជន​យើង​យក​ដាក់​គុក គេ​ហាម​មិន​ឲ្យ​មេដឹកនាំ​យើង​ចូល​ស្រុក និង​មេដឹកនាំ​យើង​ម្នាក់​ទៀត​មិន​អាច​ធ្វើ​សកម្ម​បាន»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ឃើញ​ថា ការ​មិន​ស្មោះត្រង់​នឹង​គ្នា​របស់​គណបក្ស​ទាំង​ពីរ ការ​ជេរ​ប្រមាថ ការ​លាប​ពណ៌ ជា​មូលហេតុ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​រលាយ​បាត់​ទៅ​វិញ។ អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ដដែល សង្កេត​ឃើញ​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​មិន​បាន​បង្ហាញ​សញ្ញាណ​ណា​មួយ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​កើត​ឡើង​វិញ​ទេ បើ​ទោះ​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​មាន​ការ​ចរចា​ក្ដី៖ «គណបក្ស​នយោបាយ​មួយៗ​ប្រើប្រាស់​នូវ​វប្បធម៌​ចាស់​ក្នុង​ការ​ដាក់​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក យក​រឿង​បុគ្គល​បន្ទុក​ជា​រឿង​នយោបាយ អ៊ីចឹង​ការ​ប្រើ​វប្បធម៌​ចាស់​នេះ មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​វិល​ចូល​តុ​ចរចា​វិញ​បាន​ទេ»

ចំណងដៃ​នៃ​កិច្ច​ព្រមព្រៀង​២២ កក្កដា ជា​ថ្នូរ​នៃ​ការ​ចូល​អង្គុយ​ធ្វើ​ការ​នៅ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ទាំង​ពីរ​យល់​ព្រម​បង្កើត​ស្ថាប័ន​បោះ​ឆ្នោត​ថ្មី ប្ដូរ​ពេល​វេលា​បោះ​ឆ្នោត ធ្វើ​កំណែ​ទម្រង់​ក្បាល​ម៉ាស៊ីន​ព្រឹទ្ធ​សភា រដ្ឋសភា និង​ការ​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ បម្រើ​ជាតិ បម្រើ​ពលរដ្ឋ។ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​ទាំង​ពីរ​បាន​ធ្វើ មិន​ទទួល​បាន​ដូច​ការ​អះអាង​នោះ​ទេ។

ទាក់ទង​ការ​ចរចា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា វប្បធម៌​សន្ទនា គឺ​គ្រាន់​ដួល​សន្លប់​មួយ​រយៈ​ប៉ុណ្ណោះ។ លោក​ថា នៅ​ពេល​តុលាការ​បញ្ចប់​នីតិវិធី​លើ​សំណុំរឿង​បក្ស​ឆាំង ការ​ចរចា​នឹង​កើត​មាន​ឡើង​វិញ។ ចំពោះ​ការ​មិន​ចូល​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ថា គណបក្ស​ប្រឆាំង​ចេញ​ចូល​សភា​ដូច​ខ្មោច​ចេញ​ខ្មោច​ចូល៖ «ខ្ញុំ​មិន​ដឹង​យ៉ាង​ម៉េច​ទេ ពាក្យ​ខ្មែរ​យើង​ថា ខ្មោច​ចេញ​ខ្មោច​ចូល ដូច​អាប​អ៊ីចឹង​ណា! ចង់​ចូល​ទៅ ចង់​ចេញ​ក៏​ចេញ​ទៅ អ៊ីចឹង​ទេ​បាន​ពិបាក រក​ប្រកាន់​ជំហរ​អី​មួយ​ឲ្យ​ជាក់លាក់​មិន​ឃើញ​ទេ»។

ក្រោយ​គណបក្ស​បាន​បង្កើត​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ ២២ កក្កដា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​បង្កើត​វប្បធម៌​សន្ទនា និង​លុប​បំបាត់​វប្បធម៌​លាប​ពណ៌។ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​ក្រេប​ទឹក​ឃ្មុំ​បាន​តែ​ជាង​មួយ​ឆ្នាំ បាន​មក​ដល់​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ បក្ស​ទាំង​ពីរ​កើត​រឿង​ប្រេះស្រាំ​ឡើង​វិញ ដែល​កើត​ចេញ​ពី​ការ​ដៀមដាម​គ្នា​រឿង​បុគ្គល​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្វើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន ការ​ចោទ​ពី​តុលាការ និង​ការ​ប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជាដើម។

​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា ការ​រលាយ​បាត់​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ ធ្វើ​ឲ្យ​ប៉ះ​កិត្តិយស​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មិន​ហ៊ាន​មក​វិនិយោគ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

CNRP should not legalize CPP from the beginning. CNRP should stay away from CPP trap because CPP head has not been trustworthy.

Jul 23, 2016 09:51 AM

អ្នក​អាន​អនាមិក

Hun Sen and CPP talk about arresting and killing the same Pol Pot regime talked, hurting, arresting and killing pointing to "BOKOL KBORTH ARNGA" Hun Sen said against his government. What else Hun Sen can said. Another excuse of Hun Sen said he saved people from Pol Pot killing. he should be in power forever. Why don't Hun Sen do that to Vietnamese who saved his ass too. stay in Cambodia forever does it sound right? maybe this sound better, Hun Sen goes tell your kids you born them, you raise them you have a right to abuse them until they die. Does it sound good?

Jul 23, 2016 02:29 AM

គេហទំព័រ​ទាំងមូល