គណបក្ស​២​​​​ដាក់​ពាក្យ​ប្ដឹង​អ្នក​បំផ្លាញ​ស្លាក​គណបក្ស​នៅ​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2016.07.10
ស្លាក​សង្គ្រោះ​ជាតិ បាត់ដំបង ៨៥៥ ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ចោល រួច​យក​ទៅ​ដាក់​នៅ​របង​ស្ថានីយ​សាំង​សូគីម៉ិច ជាប់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៦
RFA/Hum Chamroeun

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រុង​បាត់ដំបង និង​មន្ត្រី​គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គការ​សង្គម​ស៊ីវិល​ និង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​រតនៈ ដើម្បី​ជួយ​អន្តរាគមន៍​ចាប់​ជន​ដែល​បាន​បំផ្លាញ​ស្លាក​គណបក្ស​ទាំង​២ ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ខេត្ត​​បាត់ដំបង ត្រូវ​បាន​ម្ចាស់​ស្ថានីយ​សាំង​សូគីម៉ិច សាខា​ក្បែរ​លោកតា​ដំបងគ្រញូង ដក​ចោល ដោយ​ចោទ​ប្រកាន់​ថា ដាក់​នៅ​លើ​ដី​របស់​ខ្លួន។

មន្ត្រី​គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ​ និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាត់ដំបង​ បាន​ប្រតិកម្ម​ភ្លាមៗ ​ទៅ​​នឹង​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន​នេះ​ ថា​ជា​ការ​រើសអើង​គណបក្ស​នយោបាយ​ហួសហេតុ​​​ មិន​អាច​ទទួល​យក​បាន​ឡើយ។

អនុ​ប្រធាន​គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ អ្នកស្រី​ ឃីង ម៉េងលី មាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​​ទីកន្លែង​បំផ្លាញ​ស្លាក​គណបក្ស នៅ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ក្បែរ​រង្វង់​មូល​លោក​ដំបងគ្រញូង ក្រុង​បាត់ដំបង​ថា ម្ចាស់​ស្ថានីយ​សាំង​សូគីម៉ិច សាខា​លោក​ដំបងគ្រញូង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា​ បាន​បញ្ជា​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ដក​បង្គោល​ស្លាក​គណបក្ស​របស់​អ្នកស្រី​ផ្ដួល​ទៅ​នឹង​ដី និង​បាន​និយាយ​គំរាមកំហែង​អ្នកស្រី​ដោយ​ប្រាប់​ថា​ ប្រញាប់​​ដក​ស្លាក​ចេញ​ពី​ដី​ក្រុមហ៊ុន​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​ប្រយ័ត​មិន​រួច​ខ្លួន។

អ្នកស្រី​ហៅ​ការ​គំរាមកំហែង​នេះ​ថា ជា​ការ​រើសអើង​នយោបាយ​មក​លើ​គណបក្ស​អ្នកស្រី​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ខ្ញុំ​រត់​មក​ប្រាប់​គាត់ ឲ្យ​កូន​ចៅ​ដាំ​ស្លាក​ឲ្យ​ខ្ញុំ​វិញ ហើយ​គាត់​កុំ​ខ្លាំង​ប្រយ័ត្ន​រត់​មិន​ផុត​ពី​កន្លែង​សូគីម៉ិច​នេះ ខ្ញុំ​និយាយ​ថា បង​ឯង​ចង់​សម្លាប់​ខ្ញុំ​ដោយសារ​តែ​រើសអើង​នយោបាយ​ឬ? ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ»

ស្លាក​គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ ដែល​គេ​ផ្ដួល​នៅ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៦
ស្លាក​គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ ដែល​គេ​ផ្ដួល​នៅ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៦
RFA/Hum Chamroeun

ស្លាក​គណបក្ស​ទាំង​ពីរ​នេះ​នៅ​​​ចម្ងាយ​ពី​គ្នា​ប្រមាណ ២០​ម៉ែត្រ​​ ត្រូវ​គេ​ដក​ចោល​ក្នុង​ថ្ងៃ​តែ​មួយ ​នៅ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង។ ចំពោះ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​មួយ​ផ្ទាំង​ត្រូវ​គេ​បំផ្លាញ​ដោយ​កាត់​សរសេរ​រួច​យក​ទៅ​បោះចោល​​ជាប់​​របង​ស្ថានីយ​សាំង​សូគីម៉ិច។

អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ យួម ដូង​ មាន​ប្រសាសន៍​ខណៈ​​ចុះ​ទៅ​ពិនិត្យ​ស្លាក​គណបក្ស​កាល​ពី​រសៀល​ថ្ងៃ​ទី​៩ កក្កដា ថា ស្លាក​គណបក្ស​របស់​ខ្លួន​​​លើក​បញ្ឈរ​​នៅ​ទី​កន្លែង​កើត​ហេតុ​ តាំង​ពី​ឆ្នាំ​២០១៣ មក ដោយ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។

លោក​បញ្ជាក់​ថា​ ករណី​នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ឆ្នាំ​២០១៦​ ដែល​ជន​មិន​ស្គាល់​មុខ​លួច​កាត់​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ យក​ទៅ​បោះ​ចោល​នោះ។ ទោះ​បី​ជា​យ៉ាង​ណា​ លោក​អះអាង​ថា​ ពុំ​ដឹង​ថា​ជន​មិន​ស្គាល់​មុខ​ដែល​លួច​បំផ្លាញ​ស្លាក​គណបក្ស​ជា​នរណា​នៅ​ឡើយ។ លោក​ហៅ​ការ​បំផ្លាញ​ស្លាក​គណបក្ស​នេះ​ថា ជន​មិន​ស្គាល់​មុខ​មាន​ចេតនា​គំរាមកំហែង​ផ្នែក​នយោបាយ​មក​លើ​គណបក្ស​ប្រឆាំង​ថ្នាក់​មូលដ្ឋាន៖ «ខ្ញុំ​ប្ដឹង​ទាមទារ​​ចំនួន ២​ករណី​ទី​មួយ ទាមទារ​សំណង​ខូចខាត ៤​លាន​រៀល និង​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ដាន និង​ផ្ដន្ទាទោស​ជន​ល្មើស​ទៅ​តាម​ផ្លូវ​ច្បាប់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ម្ចាស់​ស្ថានីយ​សាំង​សូគីម៉ិច សាខា​រង្វង់​មូល​ក្រុង​បាត់ដំបង ដើម្បី​ឆ្លើយ​តប​ជុំ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ កក្កដា។ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​របស់​លោក​ប្រាប់​ថា មេ​របស់​ខ្លួន​មិន​នៅ​ក្បែរ​លោក​នោះ​ទេ៖ «បាទ! អត់​ទេ ចាំ​ខ្ញុំ​ទូរស័ព្ទ​ប្រាប់​គាត់​ឲ្យ​ទាក់ទង​ទៅ​បង​វិញ»

រី​ឯ​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​រតនៈ លោក សេង ឌី មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​ទទួល​ដំណឹង​ភ្លាម​លោក​បាន​ទៅ​ពិនិត្យ​​ដល់​ទី​កន្លែង​ និង​​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ថ្នាក់​លើ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បន្ត​ទៀត៖ «បាទ! រឿង​នេះ​ខ្ញុំ​បាន​ចារ​បញ្ជូន​ទៅ​ថ្នាក់​ក្រុង​ដោះស្រាយ​ហើយ ព្រោះ​រឿង​ដាក់​ស្លាក​គណបក្ស​នយោបាយ​ ជា​ការងារ​ដែល​គណបក្ស​បាន​សុំ​ច្បាប់​ទៅ​សាលា​​សង្កាត់​ និង​ខាង​​ក្រុង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ដែល​បាន​ចុះ​ទៅ​អង្កេត​ដល់​ទី​​កន្លែង​បំផ្លាញ​ស្លាក​គណបក្ស​ មាន​ប្រសាសន៍​ថា ស្លាក​គណបក្ស​ទាំង​២ ដាក់​នៅ​ចិញ្ចើម​ផ្លូវ​សាធារណៈ មិន​ប៉ះពាល់​ទៅ​លើ​ដី​ឯកជន​នោះ​ឡើយ។

លោក​ហៅ​ការ​ដក​ស្លាក​គណបក្ស​ទាំង​២​នេះ ​ថា​ជា​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​ដោយ​​ខុស​ច្បាប់ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាប់​ជន​បង្ក​បញ្ហា​មក​ផ្ដន្ទាទោស​ទៅ​តាម​នីតិវិធី ដើម្បី​ជា​គំរូ​ល្អ​នៅ​ក្នុង​សង្គម​ជាតិ៖ «ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​យូរ​ឆ្នាំ​មក​ហើយ​ ហេតុ​អី​បាន​ជា​រឿង​នេះ​ទើប​មាន​អ្នក​មក​បំផ្លាញ​ស្លាក​គណបក្ស​នៅ​ពេល​នេះ​ទៅ​វិញ? ប្រសិន​បើ​មាន​អ្នក​មិន​ពេញ​ចិត្ត​គណបក្ស​​ក៏​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ»

លោក យិន ម៉េងលី​ កត់សំគាល់​ទៀត​ថា សកម្មភាព​នេះ​ជា​ករណី​នយោបាយ​កើត​ឡើង​ដោយសារ​ជិត​ដល់​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា នា​ខែ​មិថុនា ឆ្នាំ​២០១៧។​​

គណបក្ស​ទាំង​២ បាន​​ដាក់ពាក្យ​ប្ដឹង​ទៅ​មន្ត្រី​នគរបាល​រដ្ឋបាល​​ប៉ុស្តិ៍ ​សង្កាត់​រតនៈ និង​ប្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បាត់ដំបង ដើម្បី​ទាមទារ​សំណង​ខូចខាត​ពី​ជន​បង្ក និង​សុំ​ឲ្យ​សមត្ថកិច្ច​ចាប់​ជន​ដៃ​ដល់​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​ឆាប់រហ័ស។

ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​ ៤២​ចែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម​និង​គណបក្ស​នយោបាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់។ ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​អាច​ចូល​រួម​ក្នុង​អង្គការ​មហាជន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ការពារ​សមិទ្ធិ​ផល​ជាតិ​ និង​សណ្ដាប់ធ្នាប់​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។