តុលាការ​សម្រេច​ដោះលែង​យុវជន​ជាប់​ចោទ​៤​នាក់

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង នាង ចេញ​ដីកា​នៅ​ថ្ងៃ​ទី២០ ខែ​សីហា សម្រេច​ដោះ​លែង​យុវជន ៤​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន តាម​ការ​ទាមទារ​របស់​មេធាវី និង​គ្រួសារ​របស់​ពួក​គេ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ករណី​នេះ បាន​សាទរ​ចំពោះ​ការ​ដោះ​លែង ហើយ​ស្នើសុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​យុវជន​ទាំង​នោះ​ឲ្យ​ផុត​បទ​ចោទ។
ដោយ ទេព សុរ៉ាវី
2013.08.20
Share on WhatsApp
Share on WhatsApp
ទត់ ចាន់បញ្ញា សុខ ដាលីស ៦១០ ២០-សីហា-២០១៣៖ លោក ទត់ ចាន់បញ្ញា (ស្ដាំ) និង​កញ្ញា សុខ ដាលីស (ឆ្វេង) យុវជន ២​នាក់​ក្នុង​ចំណោម​យុវជន ៤​នាក់ ដែល​ត្រូវ​ដោះ​លែង បន្ទាប់​ពី​ចាប់​ខ្លួន​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល។
RFA/Uon Chhin

យុវជន ៤​នាក់ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដោះ​លែង​កាល​ពី​រសៀល​ថ្ងៃ​ទី២០ ខែ​សីហា តាម​ដីកា​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក សេង នាង បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​យុវជន ៤​នាក់ តាម​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្តី និង​គ្រួសារ​របស់​ពួក​គេ។ ប៉ុន្តែ ពួក​គេ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​ត្រូវ​មាន​វត្តមាន​គ្រប់​ពេល​ដែល​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ។

ក្រោយ​ពី​ដោះ​លែង យុវជន​ទាំង ៤​នាក់​មិន​ត្រូវ​បាន​ផ្តល់​បទ​សម្ភាសន៍​ភ្លាមៗ​ដល់​អ្នក​កាសែត​ទេ។ ពួក​គេ​ត្រូវ​បាន​ដឹក​ជម្លៀស​ចេញ​ពី​ពន្ធនាគារ​ដោយ​ស្ងាត់ៗ គេច​ពី​ក្រុម​អ្នក​កាសែត និង​ក្រុម​យុវជន​ដែល​គាំទ្រ​នៅ​មុខ​ពន្ធនាគារ ហើយ ២​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ដឹក​ទៅ​ស្នាក់​ការ​អង្គការ​លីកាដូ (Licadho)។

លោក ទត់ ចាន់បញ្ញា យុវជន​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ដែល​ត្រូវ​ដោះ​លែង ប្រាប់​អ្នក​កាសែត​នៅ​មុខ​ស្នាក់​ការ​អង្គការ​លីកាដូ ដោយ​អះអាង​ថា លោក​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។ លោក​មិន​បាន​ឆ្លើយ​សំណួរ ថា​តើ​ពិត​ជា​ស្គាល់ និង​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក សួន សេរីរដ្ឋា ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​ឬ​ក៏​អត់?៖ «ខ្ញុំ​អត់​បាន​ធ្វើ​ខុស គ្រាន់​តែ​ប៉ុណ្ណឹង»

ដៃគូ លោក ទត់ ចាន់បញ្ញា គឺ​កញ្ញា សុខ ដាលីស ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ហាង​ផ្កា​មួយ​កន្លែង ខណៈ​ដែល​ពួក​គេ​ទៅ​យក​ផ្កា​កូឡាប​សម្រាប់​ត្រៀម​ចែក​ជូន​កងទ័ព ឲ្យ​ដឹង​ថា នាង​សប្បាយ​ចិត្ត​ពេល​ត្រូវ​តុលាការ​ដោះ​លែង។ នាង​បដិសេធ​មិន​ឆ្លើយ​រាល់​សំណួរ​ទាំងអស់​របស់​អ្នក​កាសែត ដោយ​គ្រាន់​តែ​ផ្ញើ​សារ​អរគុណ​ដល់​អ្នក​គាំទ្រ និង​បាន​ជួយ​នាង​ឲ្យ​រួច​ពី​ពន្ធនាគារ។

យ៉ាង​ណា បងស្រី​របស់ កញ្ញា សុខ ដាលីស គឺ​អ្នកស្រី អ៊ិន សុគន្ធារី បញ្ជាក់​ថា ប្អូន​ស្រី​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ ហើយ​ថា ការ​ដោះ​លែង​របស់​តុលាការ​ពេល​នេះ ជា​ការ​ត្រឹមត្រូវ និង​ស្នើសុំ​ឲ្យ​តុលាការ​លើក​លែង​បទ​ចោទ៖ «សុំ​ស្នើ​ឲ្យ​តុលាការ និង​រាជ​រដ្ឋាភិបាល​ដោះ​លែង​ក្រៅ​ឃុំ លើក​លែង​ទោស​តែ​ម្តង ព្រោះ​ប្អូន​ខ្ញុំ​អត់​ខុស»

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឃុំ​ខ្លួន លោក ទត់ ចាន់បញ្ញា លោក ហ៊ើយ បូរិន កញ្ញា ឡុង លីផេង និង​កញ្ញា សុខ ដាលីស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោម​បទ​ចោទ​ថា​បាន​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

មាន​ការ​រិះគន់​ជាច្រើន​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) ចំពោះ​ការ​ចាប់​ខ្លួន​យុវជន​ទាំង​នោះ ដោយ​គ្រាន់​តែ​ពួក​គេ​មាន​បំណង​យក​ផ្កា​ទៅ​ចែក​ជូន​កងទ័ព​ក្នុង​ន័យ​សុំ​សន្តិភាព។

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្តបន្ទាប់ ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​យុវជន​ទាំង​នោះ និង​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ជា​ការ​ប៉ុនប៉ង​យ៉ាង​ច្បាស់​មួយ ដើម្បី​គំរាម​ដល់​យុវជន​កម្ពុជា កុំ​ឲ្យ​ចូល​ធ្វើ​សកម្មភាព​ក្នុង​នយោបាយ ខណៈ​សន្ទុះ​យុវជន​បាន​ងើប​ឡើង​ចូល​រួម​ក្នុង​ឆាក​នយោបាយ និង​ក្នុង​ពេល​ដែល​មាន​របាយការណ៍​ពី​ការ​បង្កើន​កម្លាំង​យោធា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ប្រធាន​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ឃើញ​ថា ទោះ​ជា​មាន​ការ​ដោះ​លែង​យុវជន​ទាំង ៤​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ក៏ដោយ ក៏​យុវជន​ទាំង​នោះ​នៅ​តែ​មាន​បទ​ល្មើស​នៅ​ក្នុង​តុលាការ។ លោក​អំពាវនាវ​ឲ្យ​តុលាការ​លើក​លែង​បទ​ចោទ​ប្រកាន់​ទៅ​លើ​ពួក​គេ​ទាំង ៤​នាក់៖ «ការ​ដោះ​លែង​នេះ គឺ​គេ​កម្រិត​សិទ្ធិ​សេរីភាព​របស់​គាត់ ព្រោះ​ការ​ដោះ​លែង​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន គឺ​គេ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ប្រព័ន្ធ​តុលាការ។ អ៊ីចឹង សិទ្ធិ​សេរីភាព​របស់​គាត់ ត្រូវ​បាន​កម្រិត​ដោយ​តុលាការ»

កម្លាំង​យុវជន​កំពុង​ផុសផុល​ក្នុង​ការ​ចូល​រួម​នៅ​ក្នុង​សង្គម។ លោក អំ សំអាត បញ្ជាក់​ថា ការ​ចាប់​យុវជន​ដោយ​គ្មាន​ហេតុផល​ច្បាស់​លាស់ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​យុវជន ជា​ពិសេស អាច​គំរាម​កំហែង​បំភិត​បំភ័យ​ក្រុម​យុវជន​មិន​ឲ្យ​ចូល​រួម​បញ្ហា​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក ហ៊ុន សែន បន្ត​ឌឺដង​ដាក់​សហភាព​អឺរ៉ុប​រឿង​ដក EBA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល