"មន្ត្រីជាន់ខ្ពស់បក្សសំបុកឃ្មុំ៥រូបទៀតចាកចេញពីលោក ម៉ម សុណងដូ"
2016.03.05

អតីតអគ្គលេខាធិការរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក អ៊ុក ស៊ុយ ដែលបានលាលែងចេញពីបក្សសំបុកឃ្មុំ អះអាងថា មានអគ្គលេខាធិការរងនៃគណបក្សនេះចំនួន ៥រូប មកចូលរួមជាមួយលោកដើម្បីបង្កើតគណបក្សថ្មីមួយ។ លោក អ៊ុក ស៊ុយ ឲ្យដឹងថា លោកនឹងទៅចុះឈ្មោះគណបក្សរបស់លោកនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែមីនា ខាងមុខ។ ប៉ុន្តែលោកមិនទាន់បង្ហាញឈ្មោះគណបក្សថ្មីនេះនៅឡើយទេ។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែមីនា លោក អ៊ុក ស៊ុយ និយាយថា ក្រៅពីអគ្គលេខាធិការរងទាំង ៥រូបនៃគណបក្សសំបុកឃ្មុំ នៅមានគណៈកម្មការប្រតិបត្តិចំនួន ២១ខេត្តនៃគណបក្សនេះ ក៏មកចូលរួមជាមួយលោកផងដែរ។ តាមការបញ្ជាក់របស់ លោក អ៊ុក ស៊ុយ នៅពេលនេះ លោកមានមន្ត្រីជាន់ខ្ពស់ជាង ៨០០នាក់ និងមានស្នាមមេដៃគាំទ្រជាង ៦.៣០០នាក់ គាំទ្រឲ្យលោកបើកបក្សថ្មី៖ «ថ្នាក់ដឹកនាំនៅបក្សសំបុកឃ្មុំ គាត់តែងតែគោរពរាប់អានខ្ញុំ ដែលខ្ញុំស្ទើរតែញញើតនិយាយ បើនិយាយទៅអាចប៉ះពាល់ប្រធានបក្សគាត់ថា ខ្ញុំអូសទាញ ប៉ុន្តែមិនមែនទេ ទាំងមន្ត្រីបក្សសំបុកឃ្មុំ និងបក្សសង្គ្រោះជាតិ គេថាបើលោកប្រធានចេញចឹងទៅ បើកថ្មីទៅ ខ្ញុំទៅតាមដែរ»។
អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក អ៊ុក ស៊ុយ មិនទាន់បញ្ជាក់ពីមូលហេតុនៃការចាកចេញពីគណបក្សសំបុកឃ្មុំទេ។ ប៉ុន្តែលោកថា អ្នកដែលចាកចេញពីគណបក្សសំបុកឃ្មុំតាមលោក ព្រោះពួកគេយល់ឃើញថា ការដឹកនាំរបស់លោកគឺការពារយុត្តិធម៌សង្គម និងមិនប៉ះពាល់ផលប្រយោជន៍ជាតិ។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បដិសេធមិនបំភ្លឺចំពោះការចាកចេញជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់គណបក្សនេះទេ។ ប៉ុន្តែលោកធ្លាប់បញ្ជាក់ថា ការចាកចេញរបស់លោក អ៊ុក ស៊ុយ ជាការលាលែងដោយមិត្តភាព និងសន្តិភាព មិនមានទំនាស់ណាមួយឡើយ។
មុននឹងចូលរួមជាមួយលោក ម៉ម សូណង់ដូ លោក អ៊ុក ស៊ុយ ជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ។ លោកទើបតែបានចូលរួមជាមួយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាលពីចុងខែធ្នូ ឆ្នាំ២០១៥ និងបានចាកចេញពីគណបក្សនេះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦៕