មន្ត្រី​បក្ស​កាន់អំណាច​ថា​ការ​ប្រារព្ធ​ខួប​៧​មករា​ឆ្នាំ​នេះ​នឹង​មាន​អ្នក​ចូល​រួម​ជាង​៥​ម៉ឺន​នាក់

ដោយ ហេង សកល
2018.01.04
Share on WhatsApp
Share on WhatsApp
សុខ ឥសាន ២០១៦ ៨៥៥ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​ខួប​៧​មករា លើក​ទី​៣៩ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ដែល​មន្ត្រី​គណបក្ស​នេះ​អះអាង​ថា នឹង​​មាន​អ្នក​ចូលរួម​ជាង ៥​ម៉ឺន​នាក់។ លោក ហ៊ុន សែន នឹង​ថ្លែង​ក្នុង​ពិធី​នោះ ដោយ​ប្រកាស​ពី​ជំហរ​នៃ​រដ្ឋាភិបាល​របស់​ខ្លួន​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ខាង​មុខ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ប្រារព្ធ​ខួប​លើក​ទី​៣៩ ថ្ងៃ​ទី​៧ ខែ​មករា ខាង​មុខ គឺ​ជា​ការ​ចងចាំ និង​ជា​ការ​បញ្ជាក់​ថា ថ្ងៃ​ទី​៧​ មករា មិន​អាច​លុបចេញ​ពី​ប្រវត្តិសាស្ត្រ​បាន​ទេ។ ទាក់ទង​ការ​ខ្លឹមសារ​សុន្ទរកថា​របស់​លោក ហ៊ុន សែន ដែល​នឹង​លើក​ពី​គោល​ជំហរ​នៃ​ការធានា​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ លោក សុខ ឥសាន បញ្ជាក់​ថា ទោះ​គណបក្ស​ប្រឆាំង​ត្រូវ​រំលាយ​ចោល ប៉ុន្តែ​នៅ​មាន​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៖ «»។

​មុន​ពេល​ប្រារព្ធ​ទិវា​៧ មករា សាលា​ក្រុង​ភ្នំពេញ ចាប់​ផ្ដើម​ដាក់​តាំង​ផ្ទាំង​បដា​ធំៗ​ជា​ច្រើន​នៅ​តាម​បណ្ដា​មហាវិថី​សំខាន់ៗ បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ និង​ចង​បដា​កាត់​ទទឹង​ផ្លូវ ដោយ​សរសេរ​សារ​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​រម្លឹក ចងចាំ​ថ្ងៃ​៧ មករា។ បដា​ខ្លះ​សរសេរ​ថា "មាន​ថ្ងៃ​៧ មករា ទើប​មាន​ជីវិត​មក​ដល់​ពេល​នេះ"។ បដា​ផ្សេង​ទៀត​សរសេរ​ថា "ប្រជាធិបតេយ្យ សេរីភាព និង​សិទ្ធិមនុស្ស​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់"។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី និយាយ​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​ថា ស្ថានភាព​ប្រទេស​កម្ពុជា សព្វថ្ងៃ រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ពេញលេញ​ដូច​អ្វី​ដែល​បាន​សរសេរ​នៅ​ក្នុង​បដា​នេះ​ទេ៖ «»។

គណបក្ស​កាន់​អំណាច​តែង​ធ្វើ​ប្រារព្ធ​ខួប និង​ពិធី​របស់​ខ្លួន​បាន​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​រង​គ្រោះ​ដោយ​បញ្ហា​ដីធ្លី និង​ការ​បាញ់​សម្លាប់ មិន​អាច​ធ្វើ​ពិធី​រំលឹក​ការ​ឈឺ​ចាប់​​របស់​ខ្លួន​ឲ្យ​បាន​នៅ​ទី​សាធារណៈ​នោះ​ទេ។ ករណី​ជាក់ស្ដែង ពលរដ្ឋ និង​សង្គម​ស៊ីវិល​ដែល​រងគ្រោះ​ដោយ​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​មុខ​រោងចក្រ​យ៉ាកជីន បាន​ត្រឹម​រំលឹក​ការ​ឈឺ​ចាប់​របស់​ខ្លួន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គ្រោង​ធ្វើ​បាតុកម្ម​អហិង្សា​ដ៏​ធំ​មួយ​ប្រឆាំង​ថ្ងៃ ៧ មករា នៅ​សប្ដាហ៍​ក្រោយ។

​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ឡុងប៊ិច នឹង​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​អគារ​អាណាហែម (1321 E Anaheim) នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​មករា ខាង​មុខ ដើម្បី​ប្រឆាំង​នឹង​ថ្ងៃ ៧ មករា។ គណបក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​ថ្ងៃ ៧ មករា ដោយ​ចាត់​ទុក​ថា ជា​ថ្ងៃ​ដែល​បរទេស​ឈ្លានពាន​មក​លើ​ទឹក​ដី​កម្ពុជា។

ថ្មីៗ​ព័ត៌មាន​បណ្ដាញ​សង្គម​ឲ្យ​ដឹង​ថា អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ទីក្រុង​ឡុងប៊ិច ត្រូវ​បាន​ដក​ស្លាក​សញ្ញា និង​ទង់​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ដោយ​មិន​ដឹង​មូលហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល