អ្នក​ជំនាញ​ជំរុញ​ឲ្យ​ពលរដ្ឋ​ត្រូវ​សិក្សា​ប្រវត្តិសាស្ត្រ​ដើម្បី​កុំ​ឲ្យ​អ្នក​នយោបាយ​អាច​បំភ្លៃ​បាន

ដោយ សុជីវី
2016.01.06
Share on WhatsApp
Share on WhatsApp
៧ មករា លើក​ទី​៣៧ ៦២០ ពិធី​ខួប ៧ មករា លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។
RFA/Brach Chev

មក​ដល់​ពេល​នេះ ព្រឹត្តិការណ៍​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នៅ​តែ​ជា​ចំណុច​ខ្វែង​គំនិត​គ្នា​មិន​ថា​ក្នុង​ចំណោម​ពលរដ្ឋ និង​អ្នក​នយោបាយ​ឡើយ។ ភាគ​ច្រើន​នៃ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ចាត់​ទុក​ថ្ងៃ​៧ មករា ថា​ជា​ថ្ងៃ​កំណើត​ទី​២ ជា​ថ្ងៃ​ដែល​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា រួច​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ចំណែក​មួយ​ក្រុម​ទៀត​ថា ជា​ពេលវេលា​ដែល​វៀតណាម បាន​ចូល​មក​ត្រួតត្រា​កម្ពុជា។

ចំពោះ​អ្នក​ជំនាញ ជំរុញ​ឲ្យ​ពលរដ្ឋ​ទូទៅ ត្រូវ​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ ដើម្បី​ឲ្យ​ចៀស​ផុត​ពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដោយ​អ្នក​នយោបាយ។

មិន​ខុស​ប្លែក​ពី​រៀង​រាល់​ឆ្នាំ​ទេ មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច តែង​ចេញ​មក​ប្រកាស​ពី​ជោគជ័យ​ថ្ងៃ​ទី​៧ មករា ដែល​ជា​មូលដ្ឋាន​នាំ​ឲ្យ​មាន​ការ​រីក​ចម្រើន​ក្នុង​ពេល​បច្ចុប្បន្ន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផង​នោះ បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ថា ៧ មករា នាំ​មក​នូវ​ជីវិត​ទី​ពីរ និង​សន្តិភាព​ដល់​កម្ពុជា ទាំង​មូល។ ៧ មករា បាន​ធ្វើ​ឲ្យ​កម្ពុជា មាន​អ្វីៗ​គ្រប់​យ៉ាង​មក​ទល់​ពេល​នេះ។ ៧ មករា បាន​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​រីក​ចម្រើន​លូត​លាស់​ទៅ​មុខ​ជានិច្ច។

កាល​ពី​ឆ្នាំ​មុន លោក ហ៊ុន សែន ដែល​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ៥​អាណត្តិ​មក​នេះ បាន​ប្រើ​សម្ដី​ធ្ងន់ៗ​ចំពោះ​អ្នក​ដែល​បង្ហាញ​ជំហរ​មិន​គាំទ្រ​ថ្ងៃ ៧ មករា។ លោក​ថែម​ទាំង​បាន​ភ្ជាប់​អ្នក​ទាំង​នោះ​ថា ជា​ក្រុម​តែ​មួយ​ជាមួយ​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម៖ «កុំ​លេង​គណិតវិទ្យា មួយ​ស្មើ​មួយ មួយ​ដក​មួយ​ស្មើ​សូន្យ។ ស្អប់ ប៉ុល ពត តែ​ប្រឆាំង​នឹង​អ្នក​ផ្ដួល​រំលំ ប៉ុល ពត ចឹង​មាន​ន័យ​ថា គឺ​វា​មាន​ន័យ​ថា​ជា​សម្ព័ន្ធភាព​នៃ​របប ប៉ុល ពត»

នៅ​រាល់​ពេល​ដែល​រំឭក​ពី​ការ​រំដោះ​ប្រទេស​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា តែង​រំឭក​ពី​ចលនា​ដែល​ត្រូវ​បាន​បង្កើត​ក្នុង​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដែល​មាន​ឈ្មោះ​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។

ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សភា លោក ហេង សំរិន តែង​ថ្លែង​ក្នុង​ពិធី​រំឭក​ខួប ៧ មករា ថា បើ​ពុំ​មាន​ការ​កាប់​សម្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ ក៏​ពុំ​មាន​ការ​ងើប​ឡើង​ប្រឆាំង​របប​នេះ​ដោយ​ក្រុម​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា នោះ​ដែរ៖ «បើ​គ្មាន​តំណាង​ប្រជាជន​កម្ពុជា តស៊ូ​ក៏​មិន​អាច​នាំ​ទៅ​ដល់​ការ​ជួយ​ឧបត្ថម្ភ​របស់​វៀតណាម នោះ​ដែរ។ ការ​ជួយ​ឧបត្ថម្ភ​នេះ ជា​ការ​រួម​វិភាគទាន​ក្នុង​ការ​រំដោះ​ប្រជាជន​កម្ពុជា ពី​ពួក​ឃាតក»

ទោះ​យ៉ាង​ណា មាន​ការ​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​ពាក់ព័ន្ធ ដែល​នាំ​ឲ្យ​មាន​កងទ័ព​វៀតណាម នៅ​ក្នុង​ការ​វាយ​បណ្ដេញ​មេ​ដឹក​នាំ​កម្ពុជា​ប្រជាធិបតេយ្យ​ពី​អំណាច។

ក្នុង​ពេល​ដែល​កម្ពុជា​ប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច វៀតណាម ធ្លាប់​បាន​ចរចា​បញ្ហា​ព្រំដែន ប៉ុន្តែ​បាន​ខ្វែង​គំនិត​គ្នា។ កម្ពុជា​ប្រជាធិបតេយ្យ ទាមទារ​ផែនទី​ដែល​គូរ​ដោយ​បារាំង នៅ​មុន​ឆ្នាំ​១៩៥៤ ចំណែក​ខាង​វៀតណាម ទាមទារ​ឲ្យ​សើរើ​ព្រំដែន​សមុទ្រ​តាម​បន្ទាត់​ប្រេវីយេ (Brevié)។ កម្ពុជា​ប្រជាធិបតេយ្យ យល់​ថា ការ​ទាមទារ​របស់​វៀតណាម ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​ទឹក​ដី​មួយ​ចំនួន មាន​ទាំង​ទឹក​ដី​កម្ពុជា​ក្រោម និង​ដែន​កោះ​មួយ​ចំនួន ពិសេស​គឺ​កោះ​ត្រល់។ ភាព​ចម្រូងចម្រាស និង​ដោយ​សំអាង​ថា​មាន​ជំនួយ​របស់​ចិន កម្ពុជា​ប្រជាធិបតេយ្យ បាន​រៀបចំ​វាយ​វៀតណាម ជា​លើក​ដំបូង​ក្នុង​ខែ​ឧសភា ឆ្នាំ​១៩៧៧ ប៉ុន្តែ​ត្រូវ​បរាជ័យ។ លុះ​មក​ដល់​ខែ​កញ្ញា ឆ្នាំ​ដដែល តាម​ផែនការ​ថ្នាក់​មជ្ឈិម​បក្ស​របស់ ប៉ុល ពត កម្លាំង​ខ្មែរ​ក្រហម បាន​វាយ​ចូល​ខេត្ត​តៃនិញ (Tay Ninh) របស់​វៀតណាម ជា​លើក​ដំបូង។ ទីបំផុត ក៏​ត្រូវ​បាន​កងទ័ព​វៀតណាម វាយ​បក​វិញ​ក្នុង​ឆ្នាំ​ដដែល។ កម្ពុជា​ប្រជាធិបតេយ្យ បាន​វាយ​ចូល​វៀតណាម ម្ដង​ទៀត​ក្នុង​ខេត្ត​ហាទៀន (Ha Tien) នៅ​ដើម​ឆ្នាំ​១៩៧៨។ ពេល​នោះ ជំរុញ​ឲ្យ​វៀតណាម រិះរក​យុទ្ធសាស្ត្រ​ថ្មី។ ក្នុង​ពេល​នោះ កម្ពុជា​ប្រជាធិបតេយ្យ បាន​ចោទ​ប្រកាន់​ថា វៀតណាម នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ទឹក​ដី​កម្ពុជា។

នៅ​ក្នុង​សវនាការ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បង​ធំ​ទី​២ លោក នួន ជា នៅ​តែ​លើក​ឡើង​ចំណុច​នេះ ដែល​ជា​ការ​បញ្ជាក់​ជា​ថ្មី​ពី​មហិច្ឆតា​របស់​វៀតណាម៖ «ចៅក្រម​មិន​បាន​គិត​ដល់​ភស្តុតាង​ដែល​ថា ទាំងអស់​នេះ គឺ​ទាក់ទង​ទៅ​នឹង​មហិច្ឆតា​របស់​វៀតណាម ក្នុង​ការ​ឈ្លាន​ពាន​វាតទី​លើ​ទឹក​ដី​កម្ពុជា បំបាត់​ពូជ​សាសន៍​កម្ពុជា និង​បញ្ចូល​កម្ពុជា ក្នុង​សហព័ន្ធ​ឥណ្ឌូចិន ដែល​មាន​វៀតណាម ជា​អ្នក​បញ្ជា​គ្រប់គ្រង»

ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​ថ្មី យ៉ាង​តិច​ក៏​មាន​ក្រុម​មនុស្ស​ចំនួន​ពីរ​ដែរ ដែល​វៀតណាម បាន​សម្លឹង​ឃើញ គឺ​ក្រុម​ដែល​ដឹក​នាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​គង់​នៅ​ប្រទេស​បារាំង និង​ក្រុម​មេ​បញ្ជាការ​កងទ័ព និង​កម្មាភិបាល​ខ្មែរ​ក្រហម ដែល​រត់​គេច​ខ្លួន​កាល​ពី​ឆ្នាំ​១៩៧៧ ក្នុង​នោះ​មាន លោក ហ៊ុន សែន ដែរ។ ក្រុម​ដែល​វៀតណាម ជ្រើស​បាន គឺ​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បង្កើត​ដោយ​កម្មាភិបាល​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន។ ក្រុម​នេះ ចាប់​ផ្ដើម​វាយ​ចូល​ទឹក​ដី​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដោយ​វៀតណាម ផ្ដល់​កងទ័ព​ស្ម័គ្រ​ចិត្ត​រាប់​ម៉ឺន​នាក់។ ក្នុង​រយៈពេល​តែ​ជាង ១០​ថ្ងៃ កម្លាំង​នេះ​បាន​ជោគជ័យ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ ក្នុង​សៀវភៅ ហ៊ុន សែន បុរស​ខ្លាំង​របស់​កម្ពុជា បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​៧ មករា មាន​កងទ័ព​វៀតណាម ប្រមាណ ១​សែន​នាក់​បាន​ចូល​លុក​លុយ​កម្ពុជា។ យ៉ាង​ណា គ្រប់​អ្នក​កត់ត្រា​សុទ្ធតែ​បាន​លើក​ឡើង​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ដឹក​នាំ​ដោយ ប៉ុល ពត។

ដោយ​មើល​ឃើញ​ពី​ការ​លុក​លុយ​កម្ពុជា របស់​កងទ័ព​វៀតណាម នេះ​ហើយ ដែល​ត្រូវ​ចាត់​ទុក​ថា ជា​ការ​ដាក់​ការ​ត្រួតត្រា​របស់​វៀតណាម មក​លើ​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៤។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៤។

អ្នក​ច្បាប់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ស្រាវជ្រាវ​ពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​បណ្ដឹង​កម្ពុជា ប្រឆាំង​វៀតណាម ទៅ​អង្គការ​សហប្រជាជាតិ។ លោក​ឲ្យ​ដឹង​ថា តាម​ច្បាប់​អន្តរជាតិ​ពុំ​មាន​ប្រទេស​ណា​មួយ​អាច​រំលោភ​បំពាន​ប្រទេស​មួយ​ទៀត​ឡើយ។ លោក ឡៅ ម៉ុងហៃ បន្ត​ថា ក្រុម​ដែល​មាន​ឆន្ទៈ​រំដោះ​ប្រទេស​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ ត្រូវ​គិត​ពី​មធ្យោបាយ​ដែល​ស្រប​ច្បាប់​មួយ​ចំនួន។ ចំណែក​វៀតណាម ដែល​កាល​ណោះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​សហភាព​សូវៀត ក៏​គួរ​ជួយ​ពួក​គេ​ឲ្យ​រក​ឃើញ​មធ្យោបាយ​ស្រប​ច្បាប់ វៀរលែងតែ​ក្រុម​នេះ​មាន​បំណង​ផ្សេង​ក្រៅ​ពី​ពាក្យ​ថា​មនុស្សធម៌៖ «ជា​ដាច់​ខាត គឺ​អត់​ទេ ពេល​នោះ​ច្បាប់​អន្តរជាតិ​មិន​ទាន់​មាន​បញ្ចូល​អន្តរាគមន៍​មនុស្ស​ធម៌​ទេ ទើប​តែ​ឥឡូវ​ទេ​ដែល​មាន ប៉ុន្តែ​ទាំងអស់​ហ្នឹង​តាម​រយៈ​អង្គការ​សហប្រជាជាតិ​ដែរ។ តែ​បើ​វាយ​ហើយ​ដោយ​ឈ្លាន​ពាន ហើយ​មាន​សង​សឹក​មក​វិញ គឺ​សង​សឹក​តែ​ត្រឹម​តំបន់​ណា​ដែល​មាន​មូលដ្ឋាន​កងទ័ព​ទេ»

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ទៀត​ថា តាម​កំណាត់​ត្រា​នៅ​អង្គការ​សហប្រជាជាតិ មាន​កិច្ច​ប្រជុំ​លើក​ឡើង​ពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែរ ប៉ុន្តែ​ត្រូវ​សហភាព​សូវៀត បោះ​ឆ្នោត​ប្រឆាំង ឬ​វ៉េតូ៖ «ប្រទេស​សូវៀត ដែល​ជា​សមាជិក​សំខាន់​ដែរ​ហ្នឹង​ការពារ​ខ្មែរ​ក្រហម​ទៅ​វិញ ដូចជា​នៅ​ខែ​មីនា ឆ្នាំ​១៩៧៨ ប្រទេស​អង់គ្លេស មាន​សេចក្ដី​ព្រាង​ស្នើសុំ​បង្កើត​ជា​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»

លោក ឡៅ ម៉ុងហៃ លើក​ឡើង​ដែរ​ថា ការ​ចូល​មក​លុក​លុយ​កម្ពុជា របស់​កងទ័ព​វៀតណាម គឺ​ជា​ការ​រៀបចំ​ដ៏​ច្បាស់លាស់​មួយ។

មិន​ខុស​គ្នា​ដែរ មន្ត្រី​បក្ស​ប្រឆាំង​បាន​យក​ករណី​នេះ​ថា វៀតណាម បន្ត​ប៉ុនប៉ង​យក​កម្ពុជា ជា​រណប ហើយ​មាន​តែ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ទេ ដែល​បាន​កាត់​បន្ថយ​ឥទ្ធិពល​វៀតណាម។

អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ មាន​ប្រសាសន៍​ថា ២៣ តុលា ជា​ថ្ងៃ​ដែល​កម្ពុជា មាន​សេរីភាព​ខ្លះ​ពី​វៀតណាម។

សម្រាប់​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ គ្រប់​ភាគី​គួរ​តែ​យល់ព្រម​ទទួល​យក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ពិត ដើម្បី​ប្រែ​ក្លាយ​ចំណុច​ខ្សោយ​ទៅ​ជា​ចំណុច​ខ្លាំង៖ «យើង​ធ្វើ​ខ្លួន​យើង​ឲ្យ​ខ្សោយ​ឲ្យ​គេ​មក​ឈ្លាន​ពាន ឬ​មួយ​ក៏​យើង​ខ្សោយ​ទៅ​ពឹង​គេ​ឲ្យ​គេ​មក​ជួយ? ឬ​ក៏​ទំនាស់​ផ្ទៃ​ក្នុង​របស់​យើង​អត់ គេ​មិន​បាន​ក្នុង​ប្រវត្តិសាស្ត្រ? យើង​គួរ​នាំ​គ្នា​កែប្រែ​ការ​យល់​ដឹង​របស់​យើង ពង្រឹង​ខ្លួន​ឯង កុំ​ចង់​ដឹង​គុណ​គេ​ត​ទៅ​ទៀត តែ​ត្រូវ​ចេះ​ដឹង​គុណ​គេ ហើយ​ជានិច្ច​ជា​កាល យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង ដើម្បី​យើង​មាន​លទ្ធភាព​សមត្ថភាព​យើង ដើម្បី​ធ្វើ ដើម្បី​ជាតិ​យើង​ដូច​នៅ​សម័យ​អង្គរ»

អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ​រូប​នេះ អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ត្រូវ​ពិចារណា​រួម​គ្នា​ឲ្យ​ប្រទេស​មាន​វឌ្ឍនភាព​ពិត ដែល​មិន​មែន​ជា​ការ​ដណ្ដើម​អំណាច​ដោយ​ពឹង​បរទេស ធ្វើ​ឲ្យ​ប្រទេស​ខ្ទេចខ្ទាំ ឬ​ត្រូវ​បន្ត​ដឹង​គុណ​បរទេស រណប​បរទេស៖ «កុំ​នាំ​គ្នា​និយាយ​ដើម្បី​ប្រឆាំង​គ្នា​លើក​គំនិត​អរិភាព ដើម្បី​ឈ្នះ និង​ចាញ់ ហើយ​ធ្វើ​ឲ្យ​យុវជន​របស់​យើង​វិល​វល់​ក្នុង​ការ​សម្រេច​ចិត្ត។ យើង​ត្រូវ​រក​ឈ្នាប់​សំខាន់ ដើម្បី​ថ្ពក់​ឧត្តម​គតិ​យុវជន​របស់​យើង​ឲ្យ​គិត​ពី​ជាតិ។ ឥឡូវ​ថា ៧ មករា ក៏ដោយ​ចុះ មក​ដល់​ពេល​នេះ ៣៧​ឆ្នាំ​ហើយ តើ​យើង​បាន​កសាង​ប្រទេស​បាន​ន័យ​អី​ទេ? ហើយ​យើង​ខំ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​សាដាន​ឡើង​វិញ»

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​ដដែល​លើក​ឡើង​ទៀត​ថា ការ​អប់រំ​ក្នុង​គ្រួសារ និង​នៅ​សាលា​រៀន ដែល​គិតគូរ​ពី​ចំណេះ​ដឹង​ពិត គឺ​ជា​ផ្នែក​មួយ​សំខាន់​ដែល​នឹង​ជួយ​ឲ្យ​ពលរដ្ឋ ជាពិសេស​យុវជន​ទទួល​បាន​ចំណេះ​ដឹង​ទូលំទូលាយ។

ក្នុង​ពេល​ដែល​មាន​ការ​បកស្រាយ​ប្រវត្តិសាស្ត្រ​ខុសៗ​គ្នា​នេះ អ្វី​ដែល​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​អាច​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ពិត​បាន គឺ​មាន​តែ​ការ​អាន​ឯកសារ​ប្រវត្តិសាស្ត្រ​ឲ្យ​បាន​ទូលំទូលាយ និង​ពី​គ្រប់​ប្រភព​នានា ដែល​ជា​មូលដ្ឋាន​នៃ​ការ​បង្កើន​ចំណេះ​ដឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល