គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​កំពុង​សិក្សា​ពី​បញ្ហា​​អប់រំ​​នៅ​ខេត្ត​កោះកុង

ដោយ សេក បណ្ឌិត
2015-09-18
Share
ពលកម្ម​កុមារ កោះកុង ៣០៥ ២-មេសា-២០១២៖ កុមារ​ធ្វើ​ការងារ​លើ​ទូក​នេសាទ នៅ​ខេត្ត​កោះកុង។
RFA/Sek Bandith

គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​កំពុង​សិក្សា​ពី​បញ្ហា​ប្រឈម​នានា នៅ​ខេត្ត​កោះកុង ដែល​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ជាប់មាត់​សមុទ្រ។ បន្ទាប់​ពី​ប្រមូល​ព័ត៌មាន និង​ការ​ចុះ​អង្កេត​ផ្ទាល់​គ្រប់​ជ្រុងជ្រោយ​រួច​ហើយ គណៈកម្មការ​នេះ​នឹង​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​មក​ពន្យល់ និង​សុំ​ឲ្យ​មាន​វិធានការ​ដោះស្រាយ។

គណៈកម្មការ​ទី​៧​នៃ​រដ្ឋ​សភា​ទទួលបន្ទុក ផែនការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ សង្កេត​ឃើញ​បញ្ហា​អប់រំ​នៅ​ជនបទ​ក្នុង​ខេត្ត​កោះកុង កំពុង​មាន​ភាព​អសកម្ម​គួរ​ឲ្យ​បារម្ភ។

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ថា សម្រាប់​ខេត្ត​កោះកុង គណៈកម្មការ​លោក​រក​ឃើញ​ថា អ្នក​ដែល​រៀន​ចប់​ត្រឹម​កម្រិត​បឋម និង​ថ្នាក់​មធ្យមសិក្សា​មាន​អត្រា​តិចតួច។

ទោះ​យ៉ាង​ណា លោក​មិនទាន់​អាច​បង្ហាញ​ចំនួន​ជាក់លាក់​បាន​នៅ​ឡើយ ដោយសារ​ក្រុម​ការងារ​លោក​កំពុង​សិក្សា​នៅ​ក្នុង​ខេត្ត​នោះ​នៅឡើយ។ ប៉ុន្តែ លោក​បង្ហាញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​សិស្ស​បោះបង់​ការ​សិក្សា​ត្រឹម​បឋមសិក្សា និង​មធ្យមសិក្សា​ច្រើន​នោះ មាន​កត្តា​រួមផ្សំ​ជាច្រើន​យ៉ាង ដូចជា​បញ្ហា​ជីវភាព ស្ថានភាព​តំបន់ ការ​រស់នៅ​មាន​ការ​លំបាក៖ «គឺ​រឿង​ពីរ​បី​សំខាន់ៗ ទាក់ទង​វិស័យ​អប់រំ ដែល​យើង​សង្កេត​ឃើញ​កំណែ​ទម្រង់​ថ្នាក់​ក្រោយ​ជាតិ​នៅ​មាន​ភាព​អសកម្ម និង​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ដូច្នេះ យើង​ជួប​ជជែក​គ្នា​ជាមួយ​ក្រសួង​អប់រំ ពាក់ព័ន្ធ​រឿង​អធិការកិច្ច បញ្ហា​របស់​លោកគ្រូ អ្នកគ្រូ​ទាំង​អស់​នេះ ជា​កញ្ចប់​មួយ​ដ៏​ធំ​ដែល​យើង​ឲ្យ​ឈ្មោះ​ថា កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា»

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​ក្រសួង និង​មន្ទីរអប់រំ​ខេត្ត​កោះកុង ដើម្បី​ពន្យល់​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

​ចំណែក​ប្រធាន​ស្ដីទី​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកគ្រូ អ៊ុក ឆាយយ៉ាវី មាន​ប្រសាសន៍​ថា សមាគម​តែងតែ​ទទួល​បាន​ព័ត៌មាន​ពី​លោកគ្រូ អ្នកគ្រូ​ស្ដីពី​សិស្ស​នៅ​ខេត្ត​កោះកុង បោះបង់ចោល​ការ​សិក្សា​ពិត​ជា​មាន​ចំនួន​ច្រើន​មែន ដោយសារ​មាន​បញ្ហា​ផ្សេងៗ ពិសេស​ទាក់ទង​នឹង​កត្តា​ជីវភាព៖ «សម័យ​ឥឡូវ​ជា​សម័យ​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែ​អភិវឌ្ឍ​យូរៗ​ទៅ​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ឡើងៗ ធ្វើ​ឲ្យ​មាន​ការ​បោះបង់​ការសិក្សា​ដោយសារ​តែ​ពួកគាត់​រង់​ទុក្ខ​ដោយសារ​មាន​ការ​រំលោភ​ដីធ្លី​ធ្វើ​ឲ្យ​គាត់​និរទេស​ខ្លួន ធ្វើ​ឲ្យ​កូនៗ​ជា​យុវជន កុមារា​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា»

​តែ​ទោះ​យ៉ាង​ណា ចំនួន​សិស្ស​ដែល​ចូលរួម​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ​នៅ​ខេត្ត​កោះកុង មាន​ចំនួន ៦០០​នាក់ ហើយ​ប្រឡង​ជាប់​ជិត ៣០០​នាក់។ ចំនួន​នេះ​ច្រើន​ជាង​ខេត្ត​កែប ដែល​ជា​ខេត្ត​ជាប់​មាត់​សមុទ្រ​ដូចគ្នា​ជិត ៣​ដង។

​ទាក់ទង​នឹង​ភាព​អសកម្ម​លើ​ការ​កែទម្រង់​វិស័យ​អប់រំ​នៅ​ទី​ជនបទ​នេះ គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ទទួល​បន្ទុក​ផែនការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ គ្រោង​នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា នៅ​ពេល​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល