ខួប​៩​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ្យ​របស់​ព្រះមហាក្សត្រ

នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៣ នេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ សេក បណ្ឌិត
2013-10-29
Share
ស្ដេច សីហនមុនី ៦១០ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ប្រទាន​ព្រះរាជ​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ នៅ​ឃុំ​កំពង់​ត្រឡាច ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Chin Chetha


នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល​ពុំ​បាន​រៀបចំ​ពិធី​អ្វី​ដើម្បី​អបអរសាទរ​ឲ្យ​ធំ​ដំ​នោះ​ទេ។ សែ​រាជវង្ស​ដែល​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ព្រះ​បរមរាជវាំង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ តុលា ថា ពេញ​មួយ​ថ្ងៃ​នេះ ព្រះមហាក្សត្រ​ពុំ​បាន​យាង​ទៅ​ទី​ជនបទ​ទេ ដោយ​ព្រះអង្គ​គង់​នៅ​ក្នុង​ព្រះរាជដំណាក់ និង​បាន​ទទួល​ស្វាគម៍​ភ្ញៀវ​កិត្តិយស រាជវង្សសានុវង្ស ដែល​បាន​អញ្ជើញ និង​យាង​មក​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ​ផ្ទាល់។

នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ក្នុង​ព្រះបរមរាជវាំង មាន​រៀបចំ​ពិធី​សូត្រ​មន្ត ប្រោះព្រំ​លើក​រាសី​ថ្វាយ​ព្រះពរជ័យ ព្រះករុណា ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដោយ​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ បួង​សួង​សូម​ទ្រង់​មាន​ព្រះកាយ​ពលំ​រឹង​មាំ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ និង​មាន​ព្រះជន្មាយុ​យឺនយូរ ដើម្បី​គង់​នៅ​ក្នុង​ព្រះបរម​សិរីរាជសម្បត្តិ​ជា​និច្ចនិរន្ត​ត​រៀង​ទៅ។

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​រាជបុត្រា​នៃ​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជា​ព្រះវរាជបិតា និង​ព្រះវរាជមាតា ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គ​បាន​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ។

ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​ឡើង​សោយ​រាជ្យ​ជា​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤។ គិត​មក​ដល់​ឆ្នាំ​២០១៣ ទ្រង់​មាន​ព្រះជន្មាយុ ៦០​ព្រះវស្សា​ហើយ។

ការ​ឡើង​គ្រង​រាជ​សម្បត្ដិ​របស់​ព្រះអង្គ ធ្វើ​ឡើង​ដោយ​ក្រុមប្រឹក្សា​ព្រះរាជសម្បត្តិ​ប្រជុំ​ជ្រើសរើស​ជា​ឯកច្ឆន្ទ ដើម្បី​ឲ្យ​ទ្រង់​ស្នង​រាជបល្ល័ង្ក​បន្ដ​ព្រះរាជវង្ស​ខ្មែរ​ក្រោយ​ពី​ការ​ដាក់​រាជ​របស់​ព្រះវរាជបិតា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។

ទាក់ទង​នឹង​ការ​សិក្សា និង​បទពិសោធន៍​ការងារ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​កំពុង​គ្រងរាជ​សព្វថ្ងៃ​នេះ គេ​ឃើញ​មាន​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ព្រះអង្គ។

គេហទំព័រ​នោះ​បាន​បង្ហាញ​ថា ព្រះអង្គ​ធ្លាប់​បាន​សិក្សា​តាំង​ពី​កម្រិត​បឋម​សិក្សា មធ្យម​សិក្សា និង​ការ​សិក្សា​ផ្នែក​សិល្បៈ របាំ​តូរ្យតន្រ្ដី និង​ល្ខោន​នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​នៅ​ប្រទេស​ឆេកូស្លូវាគី។

ការ​សិក្សា​នោះ ព្រះអង្គ​បាន​ទទួល​នូវ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៃ​បណ្ឌិត​សភា​ផ្នែក​សិល្បៈ​តន្ដ្រី ហើយ​ទ្រង់​មាន​ជំនាញ​ខាង​ភាសា​សាស្រ្ត រួម​មាន​ភាសា​ខ្មែរ បារាំង ភាសា​ឆែក និង​ភាសា​អង់គ្លេស។

បទពិសោធន៍​នៃ​ការ​បំពេញ​ការងារ ព្រះអង្គ​ធ្លាប់​ជា​តំណាង​អចិន្ដ្រៃយ៍​នៃ​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ។ ទ្រង់​ធ្លាប់​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​យូណេស្កូ  និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង។

នេះ​ជា​ព្រះរាជតួនាទី​សំខាន់​របស់​ព្រះអង្គ​ចុង​ក្រោយ​នៅ​ក្រៅ​ប្រទេស មុន​នឹង​ទ្រង់​យាង​និវត្តន៍​មក​បម្រើ​ការងារ​មួយ​ចំនួន​ក្នុង​មាតុ​ប្រទេស និង​មុន​នឹង​សមាជិក​ក្រុមប្រឹក្សា​រាជសម្បត្តិ សម្រេច​ជ្រើសរើស​ព្រះអង្គ​ជា​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០០៤ ហើយ​ព្រះរាជ​ពិធី​រៀប​អភិសេក​ព្រះមហាក្សត្រ​ឡើង​គ្រងរាជ​សម្បត្តិ​នៅ​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០០៤ ហើយ​បើ​គិត​មក​ដល់​ឆ្នាំ​២០១៣ នេះ មាន​រយៈពេល ៩​ឆ្នាំ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល