អតីត​អ្នក​ជាប់​ទោស​ម្នាក់​នៅ​ខេត្ត​ព្រៃវែង​តវ៉ា​រឿង​មេ​ឃុំ​មិន​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត

ដោយ ឡេង ម៉ាលី
2016-11-17
Share
ផង់ សីហា គំរាម​សម្លាប់​តាម​ហ្វេសប៊ុក ៦២០ យុវជន ផង់ សីហា ជនសង្ស័យ​គំរាម​សម្លាប់ លោក​បណ្ឌិត សុខ ទូច តាម​ហ្វេសប៊ុក ពេល​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Brach Chev

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០១៦ នៅ​សល់​រយៈពេល ១៣​ថ្ងៃ​ទៀត​ទេ នឹង​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ..ប បិទ​បញ្ចប់​ហើយ។ ក្នុង​ពេល​ដែល​ពលរដ្ឋ​ភាគច្រើន​បាន​ចុះ​ឈ្មោះ​រួច​ហើយ ពលរដ្ឋ​ខ្លះ​នៅ​មិន​ទាន់​បាន​ចុះ និង​ខ្លះ​ទៀត​ត្រូវ​ក្រុម​ការងារ​ចុះ​ឈ្មោះ​បដិសេធ។

ឪពុក​របស់​ពលរដ្ឋ​​ម្នាក់ នៅ​ភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ស្ដៅកោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង តវ៉ា​រឿង​មេ​ឃុំ​មិន​ឲ្យ​កូន​របស់​លោក​ចុះ​ឈ្មោះ​បោះឆ្នោត កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា។ លោក ហ៊េល សារ៉ន ដែល​ជា​ឪពុក​របស់​លោក ផង់ សីហា មាន​ប្រសាសន៍​ថា លោក និង​កូន​របស់​លោក​មិន​សុខ​ចិត្ត​ចំពោះ​ការ​បដិសេធ​របស់​មេឃុំ​ទេ ព្រោះ​ការ​បដិសេធ​នេះ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ៖ «គេ​ថា​ចុះ​ឈ្មោះ​អត់​បាន​ទេ​ឈ្មោះ​ហ្នឹង មិន​ដឹង​នៅ​ស្រុក​ណា​ភូមិ​ណា។ បើ​គេ​ចុះ​ឈ្មោះ គេ​ខ្លាច​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ។ ដូច្នេះ​គេ​មិន​អាច​ចុះ​ឈ្មោះ​ឲ្យ​បាន​បោះឆ្នោត​ទេ មេ​ឃុំ​គេ​ថា​អ៊ីចឹង។ ដល់​ពេល​ទៅ​យក​សំបុត្រ​កំណើត​ហ្នឹង​បាន​ហើយ យក​មក​ហ្នឹង​នៅ​សាលា​ឃុំ​ដល់​ពេល​ថ្ងៃ​មិញ​វា​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង មេ​ឃុំ​គេ​ថា ចុះ​ឈ្មោះ​អត់​បាន​ទេ។ អត់​មាន​នរណា​ហ៊ាន​ឆ្លើយ​នឹង​ខ្ញុំ​ទេ ប្រហែល​គេ​មិន​ហ៊ាន​តវ៉ា​អី​រឿង​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង គេ​មិន​ហ៊ាន​ចេញ​មុខ​​តវ៉ា​ទេ ពីព្រោះ​គេ​ខ្លាច​អំណាច​មេ​ឃុំ​ពី​ខាង​គណបក្ស​ប្រជាជន​តាម​ខ្ញុំ​យល់»

លោក​បញ្ជាក់​បន្ថែម​ថា កូន​របស់​លោក​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​មែន ប៉ុន្តែ​លោក​បាន​ទៅ​សុំ​លិខិត​បញ្ជាក់​កំណើត​ពី​មេ​ភូមិ​បាន​ហើយ។ លោក ផង់ សីហា ជា​កូន​ឲ្យ​ដឹង​ថា លោក​បាន​ព្យាយាម​ទៅ​ចុះ​ឈ្មោះ​ចំនួន ៤​ដង​ហើយ ក៏​នៅ​តែ​មិន​បាន​ចុះ។

លោក​យល់​ថា ការ​បដិសេធ​របស់​មេឃុំ ក៏​ព្រោះ​តែ​លោក​ជា​អ្នក​ហ៊ាន​និយាយ និង​មាន​និន្នាការ​ប្រឆាំង៖ «ខ្ញុំ​យល់​ថា នេះ​ជា​ការ​រើសអើង​ចំពោះ​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​ឯកសារ​ល្មម​គ្រប់គ្រាន់ ហើយ​មាន​សាក្សី​គ្រប់គ្រាន់ ហើយ​មាន​សាក្សី​គ្រប់គ្រាន់​ហើយ គាត់​ថា គាត់​មិន​ហ៊ាន​ធ្វើ​ឲ្យ​ខ្លាច​មាន​រឿងរ៉ាវ​ដល់​គាត់។ ខ្ញុំ​សួរ​ថា មាន​រឿងរ៉ាវ​ដល់​អី គាត់​អត់​ឆ្លើយ​គាត់​ដើរ​ចេញ។ រើសអើង​មក​ពី​នៅ​ក្នុង​មូលដ្ឋាន​ខ្ញុំ​ហ្នឹង ភាគ​ច្រើន​គេ​ដឹង​ថា ខ្ញុំ​ហ្នឹង​គឺ​ជា​អ្នក​ដែល​ហ៊ាន​និយាយ​ពី​ប្រទេស​ជាតិ អ្នក​ដែល​ហ៊ាន​ងើប​ប្រឆាំង ដល់​ពេល​ខ្ញុំ​ទៅ​រក​សេវាកម្ម​សាធារណៈ​ក្រុម​ពី​បក្ស​ពួក​គេ​ហ្នឹង គឺ​គេ​រើសអើង​តាម​ហ្នឹង»

លោក ផង់ សីហា សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ពី​ពន្ធនាគារ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា។ កាល​ពី​ខែ​កុម្ភៈ លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ ៦​ខែ ទាក់ទង​នឹង​ការ​សរសេរ​សារ​តាម​ហ្វេសប៊ុក (Facebook) គំរាម​សម្លាប់​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​រាជ​រដ្ឋាភិបាល កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥។

ឆ្លើយ​តប​បញ្ហា​ចោទ​ឡើង​ដោយ​លោក ផង់ សីហា មេ​ឃុំ​ស្ដៅកោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង លោក ហែម ហូយ បញ្ជាក់​ថា លោក​មិន​ទាន់​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​នេះ ព្រោះ​លោក​ឲ្យ​ស្មៀន​ទៅ​ឆែក​មើល​សៀវភៅ​អត្រានុកូលដ្ឋាន ឬ​បញ្ជីជាតិ​នៅ​សាលា​ស្រុក​សិន ខ្លាច​ក្រែង​មេ​ភូមិ​ចេញ​លិខិត​បញ្ជាក់​កំណើត​ស្ទួន​គ្នា៖ «គ្នា​ការងារ​អី​ទេ។ ខ្ញុំ​ស្រាវជ្រាវ​ធ្វើ​ឲ្យ​ទេ។ ខ្ញុំ​មិន​បដិសេធ​ទេ អា​រឿង​ចុះ​ឈ្មោះ​អី​នោះ ឲ្យ​តែ​បាន​ឯកសារ​មក​គ្រប់គ្រាន់។ ខ្ញុំ​ស្រាវជ្រាវ​មិន​ប៉ុន្មាន​ទេ តែ​មួយ​ព្រឹក​អី មិន​ដល់​ព្រឹក​ផង បើក​រក​មើល ក្រែង​លោ​ធ្វើ​ជាន់​អី​ទៅ គេ​ស្ដី​ឲ្យ​ខ្ញុំ​ដែរ»

រីឯ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ថា ករណី​របស់​លោក ផង់ សីហា នេះ ខាង​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ទេ។ លោក​នឹង​តាម​ដាន​មើល​ករណី​នេះ តទៅ​ទៀត៖ «តាម​ដាន​មើល​ថា តើ​ជា​ករណី​បែប​ម៉េច ព្រោះ​ថា មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់ គ.ជ.ប មិន​ទាន់​អាច​ដោះស្រាយ​អី​បាន​ទេ»

លោក​ថ្លែង​ថា សាមី​ខ្លួន​អាច​ដាក់​ពាក្យ​បណ្ដឹង​អំពី​ការ​បដិសេធ​នេះ​មក គ.ជ.ប ដើម្បី​ពិនិត្យ និង​ដោះស្រាយ។ លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា លទ្ធផល​បណ្ដោះអាសន្ន ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា គិត​មក​ដល់​​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា មាន​ពលរដ្ឋ​ជាង ៧​លាន ២​សែន (៧.២៣៩.៥៧៩) នាក់​ហើយ ដែល​បាន​មក​ចុះ​ឈ្មោះ។ តួលេខ​នេះ គឺ​ស្មើ​នឹង​ជិត ៧៥% (៧៤.៩១%) នៃ​ចំនួន​ពលរដ្ឋ ដែល​មាន​អាយុ​គ្រប់ ១៨​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​ជាង ៩​លាន ៦​សែន (៩.៦៦៤.២៩៦) នាក់។ គ.ជ.ប រក​ឃើញ​ការ​ចុះ​ឈ្មោះ​ស្ទួន​ជិត ២​ម៉ឺន​នាក់ នៅ​ក្នុង​បញ្ជី។

ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​បញ្ហា​អ៊ីនធឺណិត នៅ​តាម​មូលដ្ឋាន​ខ្សោយ ហើយ​ក្រុម​ការងារ​ចុះ​ឈ្មោះ​បញ្ជូន​មក​ពីរ​ដង៖ «រឿង​ទី​ពីរ មុន​នឹង​ចុះ​ឈ្មោះ​ថ្ងៃ​ទី​១ កញ្ញា មន្ត្រី​ចុះ​ឈ្មោះ​ហ្នឹង រៀន​ចុះ​ឈ្មោះ​សាក​ល្បង។ អ៊ីចឹង​សាក​ល្បង​ហ្នឹង គាត់​ចុច​មក​ដែរ។ អ៊ី​ឈ្មោះ​ហ្នឹង យើង​ឃើញ​មក​ដែរ។ ករណី​ទី​៣ មាន​អ្នក​ខ្លះ មនុស្ស​ម្នាក់​មាន​អត្តសញ្ញាណប័ណ្ណ​ពីរ​កន្លែង​ខុស​គ្នា គាត់​ទៅ​ចុះ​កន្លែង​ខុស​គ្នា។ ប្រភេទ​ទី​បី គាត់​មាន​អត្តសញ្ញាណប័ណ្ណ​ហើយ កាត់​ចុះ​ឈ្មោះ​បាន​មួយ​ហើយ គាត់​ប្រើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​ហ្នឹង ទៅ​ចុះ​ឈ្មោះ​នៅ​មួយ​កន្លែង​ទៀត។ ឥឡូវ​គាត់​បាន​សុំ​ទោស​ហើយ»

លោក​ថា បញ្ហា​នេះ​មិន​មែន​ជា​ការ​គួរ​ឲ្យ​បារម្ភ​ទេស ពីព្រោះ គ.ជ.ប នឹង​សម្អាត ហើយ​បិទ​ប្រកាស​បញ្ជី​ទី​មួយ នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល