ACU ទុក​ពេល​៣០​ថ្ងៃ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល

ដោយ យ៉ង ចាន់តារា
2017-07-12
Share
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៨៥៥ ៣-ធ្នូ-២០១៣៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
Photo: RFA

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) តម្រូវ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដែល​ទើប​ជាប់​ឆ្នោត ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ក្នុង​រយៈពេល ៣០​ថ្ងៃ ក្រោយ​ចូល​កាន់​មុខ​តំណែង។ កម្មវិធី​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ទូច ស៊ុនណារី បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១២ កក្កដា ថា កម្មវិធី​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ គឺ​ជា​ការ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​ចែង​អំពី “មន្ត្រី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង” ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល។

ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ អាច​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ ឬ​ទម្រង់​អេឡិចត្រូនិក ហើយ​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ផ្ទាល់ ឬ​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត។

លោក ទូច ស៊ុនណារី បញ្ជាក់​ទៀត​ថា ក្នុង​ករណី​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មាន​ធុរៈ​មិន​អាច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ទាន់​ពេលវេលា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​ពន្យារពេល​ជូន«ករណី​គាត់​មាន​ការ​យឺតយ៉ាវ​ដោយ​មាន​មូលហេតុ​ច្បាស់លាស់ ឧទាហរណ៍​ជាប់​បេសកកម្ម មាន​ធុរៈ​ឈឺ​ធ្ងន់ធ្ងរ​មិន​អាច​បំពេញ​បាន ត្រូវ​ជូន​ដំណឹង​មក​ក្រុម​ជន​បង្គោល ឬ​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជា​លាយលក្ខណ៍​អក្សរ។ យើង​នឹង​ធ្វើ​ការ​ពន្យារពេល​ជូន​គាត់ តែ​អ្នក​មិន​មាន​ធុរៈ​ទេ ត្រូវ​តែ​មក​ប្រកាស​ទ្រព្យ​ឲ្យ​ទាន់​រយៈពេល ៣០​ថ្ងៃនេះ​តែ​ម្តង»

លោក​សង្កត់​ធ្ងន់​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​តែ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​ទណ្ឌ​តាម​ច្បាប់។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មាត្រា​៣៨ ចែង​ថា ជន​ណា​ដែល​មិន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ឬ​បាន​ប្រកាស​ដោយ​មិន​ត្រឹមត្រូវ​នូវ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន ទៅ ២​លាន​រៀល ព្រម​ទាំង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

អ្នក​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល គឺ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​ដែល​មិន​ធ្លាប់​ស្ថិត​ក្នុង​តំណែង ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ហើយ​និង​សមាជិក​ក្រុម​ប្រឹក្សា​ណា​ដែល​លាលែង ឬ​ធ្លាក់​ឆ្នោត និង​មិន​មាន​មុខងារ​ណា​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល។ ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​ដែល​ជាប់​ឆ្នោត​បន្ត និង​អ្នក​ជាប់​ឆ្នោត​ថ្មី តែ​នៅ​មាន​មុខងារ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​រួច​មក​ហើយ​នោះ មិន​ចាំបាច់​ប្រកាស​នៅ​ពេល​នេះ​ទេ គឺ​ត្រូវ​ប្រកាស​នៅ​របប ២​ឆ្នាំ​ខាង​មុខ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ឃើញ​ថា ៣០​ថ្ងៃ​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នេះ​ជា​រយៈពេល​មួយ​ខ្លី​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​ទើប​ជាប់​ឆ្នោត​ថ្មី ដែល​កំពុង​តែ​មមាញឹក​នឹង​ការ​រៀបចំ​រដ្ឋបាល​ថ្មី​របស់​ខ្លួន។ លោក​ក៏​បាន​រិះគន់​ចំពោះ​នីតិវិធី​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ ថា​មិន​បង្ហាញ​ពី​តម្លាភាព​ពិតប្រាកដ​ឡើយ ព្រោះ​មិន​មែន​ជា​ការ​ប្រកាស​ជា​សាធារណៈ«ទាល់​តែ​មាន​ករណី​សង្ស័យ ឬ​បណ្ដឹង​ប្រឆាំង​បុគ្គល ទើប​មាន​ការ​ស៊ើប​អង្កេត និង​បើក​ស្រោម​សំបុត្រ។ អ៊ីចឹង​ទាំង​នីតិវិធី​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ជា​អ្វី​ដែល​យើង​មិន​អាច​ទទួល​យក​បាន​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ ព្រោះ​វា​ជា​ការ​ប្រកាស​តាម​ស្រោម​សំបុត្រ។ ពលរដ្ឋ​ទំនង​ជា​ចង់​បាន​ឲ្យ​មាន​ការ​ប្រកាស​ជា​សាធារណៈ​ឲ្យ​មហាជន​អាច​ដឹង​បាន​ថា តើ​លោក​នេះ​កាន់​អំណាច​ប៉ុន្មាន​ឆ្នាំ​មាន​លុយ​ប៉ុន្មាន កើត​ជា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន»

សេចក្តី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំណត់​ថា កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៃ​ខេត្ត​បាត់ដំបង ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និង​ខេត្ត​កំពង់ចាម គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ទី​២១ កក្កដា។ ចំណែក​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ កក្កដា គឺ​ជា​កាលបរិច្ឆេទ​ទទួល​សារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៃ​ខេត្ត​ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ រាជធានី​ភ្នំពេញ កំពត និង​ខេត្ត​កំពង់ស្ពឺ។ រីឯ​ខេត្ត​រតនគិរី កំពង់ឆ្នាំង ស្ទឹងត្រែង កែប និង​ខេត្ត​កោះកុង គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ កក្កដា ដល់​ថ្ងៃ​ទី​៤ សីហា។ ហើយ​ចាប់​ពី​ថ្ងៃ​ទី​៥ សីហា ដល់​ថ្ងៃ​ទី​១៥ សីហា គឺ​ខេត្ត​មណ្ឌលគិរី សៀមរាប ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ត្បូងឃ្មុំ និង​ខេត្ត​ប៉ៃលិន។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី និង​សមាជិក​ក្រុម​ប្រឹក្សា​ចប់​អាណត្តិ ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល មាន​ចំនួន​សរុប​ជាង ៨​ពាន់​នាក់។ នេះ​បើ​យោង​តាម​តួលេខ​ក្រៅ​ផ្លូវការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល