ANFREL៖ ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧​នៅ​មាន​ចន្លោះប្រហោង​ត្រូវ​កែលំអ

ដោយ មាន ឫទ្ធិ
2017.07.31
បោះ​ឆ្នោត ១៤៤០ ២០១៧ ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ឬ​ហៅ​កាត់​ថា ANFREL កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា បាន​ចេញ​របាយការណ៍​ស្ថាពរ​ស្ដីពី​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ អង្គការ​នេះ​បាន​វាយ​តម្លៃ​ជា​រួម​ថា នៅ​មាន​ករណី​ចន្លោះ​ប្រហោង​មួយ​ចំនួន​ដែល​ត្រូវ​កែលំអ​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការវិវត្តន៍​ជា​វិជ្ជមាន​តាម​បែប​ប្រជាធិបតេយ្យ។

មន្ត្រី​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​យល់ស្រប​ចំពោះ​ការ​វាយ​តម្លៃ​នេះ ថា​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​សង្គម​ស៊ីវិល​ដែរ។

អង្គការ​អានហ្វ្រែល (ANFREL) រក​ឃើញ​ថា ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឡើង​ក្រោម​របប​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​រឹតត្បិត​គួរ​ឲ្យ​កត់សម្គាល់។ ជាក់ស្ដែង អង្គការ​នេះ​លើក​ឡើង​ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​រឹតត្បិត​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​លើ​សេរីភាព​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល។

​របាយការណ៍​គូស​បញ្ជាក់​ថា ការ​អនុវត្ត​ប្រព័ន្ធ​នីតិកម្ម​យ៉ាង​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត តួយ៉ាង​ដូចជា​ករណី​ចាប់​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​នានា បទ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង និង​ការ​គំរាមកំហែង​អំពី​អំពើ​ហិង្សា និង​សង្គ្រាម​ស៊ីវិល​ពី​សំណាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ដែល​ករណី​ទាំង​អស់​នេះ​បាន​ជះឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​បរិយាកាស​នៃ​ការ​ឃោសនា​បោះ​ឆ្នោត។

អង្គការ​នេះ​ក៏​រក​ឃើញ​ដែរ​ថា បើ​ទោះ​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​ការ​កែទម្រង់​ក្បាល​ម៉ាស៊ីន តាម​រយៈ​ច្បាប់​បោះឆ្នោត​ថ្មី​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​ក៏ដោយ ក៏​សមាសភាព និង​ឯករាជភាព​នៃ​ស្ថាប័ន​នេះ នៅ​តែ​មាន​ភាព​ឆក​ល្វែង​នៅ​ឡើយ។ របាយការណ៍​គូស​បញ្ជាក់​ថា បើ​ទោះ​ជា​លទ្ធផល​បោះឆ្នោត​ជា​ទូទៅ​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​ភាគ​ច្រើន​ទទួល​យក​ក៏ដោយ ក៏​ស្ថានភាព​ក្រោយ​ការ​បោះឆ្នោត​មិន​មែន​មាន​ន័យ​ថា ពុំ​មាន​បញ្ហា​នោះ​ឡើយ ដោយសារ​តែ​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​ពុំ​ទាន់​មាន​លក្ខណៈ​ច្បាស់លាស់។ ជាក់ស្ដែង​ស្ថានភាព​នយោបាយ​ដែល​មាន​ការ​រឹតត្បិត​នេះ បង្ហាញ​ឲ្យ​ឃើញ​ជា​ថ្មី​ម្ដង​ទៀត​តាម​រយៈ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​បន្ទប់​ស្ថានការណ៍ ដែល​ជា​បណ្ដុំ​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត​មក​ពី​ជាង ៤០​ស្ថាប័ន។

​មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា យល់​ឃើញ​ថា ការ​វាយ​តម្លៃ​ខាង​លើ​នេះ គ្រាន់តែ​ជា​ការ​វាយ​តម្លៃ​ដែល​មាន​លក្ខណៈ​តែ​មួយ​ជ្រុង ហើយ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ ឬ​ក៏​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ។ លោក​បន្ត​ថា ទស្សនៈ​ទាំង​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​តថភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​នោះ​ទេ ព្រោះ​មិន​បាន​ពិនិត្យ​មើល​ឲ្យ​បាន​គ្រប់​ជ្រុង​តាម​បែប​វិទ្យាសាស្ត្រ។ ជា​យោបល់ លោក​ស្នើ​ឲ្យ​ភាគី​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ទៅ​មើល​របាយការណ៍​របស់ គ.ជ.ប វិញ ដោយ​ហេតុ​ថា គ.ជ.ប ជា​ស្ថាប័ន​អនុវត្ត​ផ្ទាល់ ហើយ​បាន​ធ្វើ​ការ​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ស្ថានភាព​របស់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​បោះឆ្នោត និង​ការ​បញ្ជ្រាប​ព័ត៌មាន​បែប​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Van Vanndeth
អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ស្ថានភាព​របស់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​បោះឆ្នោត និង​ការ​បញ្ជ្រាប​ព័ត៌មាន​បែប​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth

លោក ហង្ស ពុទ្ធា៖ «សម្រាប់​ការ​បោះឆ្នោត​គ្មាន​ប្រទេស​ណា​មួយ​ដែល​រៀបចំ​ការ​បោះឆ្នោត​ដោយ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក ឬ​នៅ​បារាំង ក៏ដោយ ហើយ​យើង​ឃើញ​ថា ក្រោយ​ការ​បោះឆ្នោត វា​តែងតែ​មាន​រឿង​ខ្លះ​កើត​ឡើង។ សម្រាប់​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ គ.ជ.ប កន្លង​មក​នេះ គ.ជ.ប បាន​ទទួល​ការ​ស្វាគមន៍ និង​ការ​គាំទ្រ​ដោយ​សហគមន៍​ជាតិ និង​អន្តរជាតិ ភាគ​ច្រើន​លើសលប់»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហង្ស ពុទ្ធា ខាង​លើ​នេះ នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFECT) យល់​ស្រប​ចំពោះ​របកគំហើញ និង​ការ​វាយ​តម្លៃ​របស់​អង្គការ​អានហ្វ្រែល នេះ។ លោក​ថា ការ​វាយ​តម្លៃ​នេះ ដូច​គ្នា​ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​សង្គម​ស៊ីវិល​ដែរ ដែល​បាន​ជួប​ប្រទះ​នូវ​ការ​លំបាក​ដោយសារ​តែ​មាន​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​អង្គការ និង​សមាគម​ដែល​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​កន្លង​មក។

លោក សម គន្ធាមី៖ «ក្នុង​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​យើង​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា មុន គ.ជ.ប. ប្រកាស​លទ្ធផល​ផ្លូវការ​ថ្ងៃ​ទី​២៥ យើង​បាន​និយាយ​ចំណុច​ហ្នឹង​ដែរ ពី​ហិរញ្ញវត្ថុ​គណបក្ស ពី​ការងារ​តម្លាភាព​របស់ គ.ជ.ប ទាំង​អស់​ហ្នឹង។ វា​ហាក់​ដូចជា​ស្រដៀង​គ្នា ដែល​អង្គការ​អានហ្វ្រែល បាន​លើក​ឡើង​ក្នុង​របាយការណ៍​ស្ថាពរ​របស់​គាត់។  ប៉ុន្តែ​ចំណុច​នេះ យើង​ជួប​ការ​លំបាក​ណាស់ ហិរញ្ញវត្ថុ​គណបក្ស​នេះ គ.ជ.ប ហាក់​ដូចជា​ស្ទាក់​ស្ទើរ​នឹង​រៀបចំ កំណត់​ការ​ចំណាយ​ថវិកា​ក្នុង​ពេល​ឃោសនា​របស់​គណបក្ស​មួយៗ... គ.ជ.ប ហាក់​ដូចជា​មិន​ទាន់​បាន​សម្រេច​បែប​ម៉េច​ទេ»

ក្រៅ​ពី​នោះ លោក សម គន្ធាមី ថា ករណី​នៃ​ការ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ក៏​នៅ​តែ​ចោទ​ជា​បញ្ហា​ដដែល ដោយសារ​បច្ចេកទេស​របស់​មន្ត្រី គ.ជ.ប នៅ​មាន​ភាព​ឆក​ល្វែង​នៅ​ឡើយ។ លោក​ថា មន្ត្រី​ទាំង​នោះ​ពុំ​ទាន់​ទទួល​បាន​នូវ​ការ​បណ្ដុះបណ្ដាល​ច្បាស់លាស់ ហើយ​យន្តការ​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ខ្លះ បាន​ដោះស្រាយ​ដោយ​បិទ​ទ្វារ ពុំ​បាន​បើក​សវនាការ​ជា​សាធារណៈ។

​ដោយ​ឡែក​ចំពោះ​បញ្ហា​អនុញ្ញាត​ឲ្យ​ពលករ​ចំណាក​ស្រុក​អាច​ចុះឈ្មោះ​បោះ​ឆ្នោត និង​ចូលរួម​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន លោក សម គន្ធាមី មាន​ប្រសាសន៍​ថា ខាង​សង្គម​ស៊ីវិល​របស់​លោក​បាន​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ​ដាក់​ជូន​ទៅ គ.ជ.ប ដែរ ដោយ​ស្នើ​សុំ​ឲ្យ គ.ជ.ប ធានា​សិទ្ធិ​បោះឆ្នោត​របស់​ពលករ​ចំណាក​ស្រុក​ទាំង​នោះ តាម​រយៈ​ការ​ជួយ​សម្រួល​រៀបចំ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ហង្ស ពុទ្ធា ថ្លែង​ថា ច្បាប់​តម្រូវ​ឲ្យ គ.ជ.ប រៀបចំ​ការិយាល័យ​នៅ​ក្នុង​ប្រទេស ពោល​គឺ​នៅ​គ្រប់​ឃុំ​សង្កាត់​ទាំង​អស់​នៅ​កម្ពុជា។ លោក ហង្ស ពុទ្ធា ថ្លែង​ថា ការ​បើក​ការិយាល័យ​នៅ​តាម​ស្ថានទូត ឬ​ក៏​ស្ថាន​កុងស៊ុល គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​នេះ​ជា​បញ្ញត្តិ​របស់​ច្បាប់។

អង្គការ​អានហ្វ្រែល បាន​ដាក់​អ្នក​សង្កេតការណ៍​ចំនួន ៣៦​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ឃ្លាំមើល​ដំណើរ​ការ​ឃោសនា និង​ការ​បោះឆ្នោត​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ។ បេសកកម្ម​នេះ គ្រប​ដណ្ដប់​នៅ​ខែត្រ​ចំនួន ១៣ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត និង​នៅ​តាម​ស្ថានីយ​បោះ​ឆ្នោត​ចំនួន  ១៥១ ក្នុង​ខែត្រ​ចំនួន ១៨ ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជា​ថ្ងៃ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។