សមាជិកសភា​អាមេរិក​ថា​របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​អន្តរជាតិ​ខ្លាំង​ទើប​ចង់​បន្ធូរ​ខ្លះ

ដោយ មួង ណារ៉េត
2018-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
RFA/Chun Chanboth

សមាជិកសភា​អាមេរិក​លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថា របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​អន្តរជាតិ​ខ្លាំង ទើប​ងាក​មក​ចង់​បន្ធូរ​ស្ថានការណ៍​នយោបាយ​ខ្លះ​នៅ​កម្ពុជា​។ តំណាងរាស្ត្រ​ដដែល​បន្ត​ថា សហរដ្ឋអាមេរិក នឹង​បន្ត​ដាក់​សម្ពាធ​លើ​របប​នេះ កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

ការ​ប្តេជ្ញា​បន្ត​ដាក់​សម្ពាធ​ថែមទៀត ទោះជា​របប​លោក ហ៊ុន សែន បន្ទន់​ឥរិយាបទ​ខ្លះ​នេះ សមាជិកសភា​អាមេរិក​លោក អាឡាន់ ឡូវែនថល បញ្ជាក់​ថា នេះ​ជា​សារ​មួយ ទៅកាន់​របប​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា​សហរដ្ឋអាមេរិក មិន​ចេះតែ​ព្រម​ជឿ ទង្វើ​ល្អ​បន្តិចបន្តួច ដែល​ធ្វើ​គ្រាន់តែ​ដើម្បី​បិទបាំង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ដំណំ ដែល​របប​នេះ​បាន​ប្រព្រឹត្ត ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុងក្រោយ​នេះនោះ​ទេ។

អាឡាន់ ឡូវែនថល បញ្ជាក់​បន្ថែម​ថា សហរដ្ឋអាមេរិក​នៅ​មាន​ជម្រើស​ទណ្ឌកម្ម​បន្ថែម​ទៀត ដូចជា​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញពី​កម្ពុជា​មក​ទីផ្សារ​សហរដ្ឋអាមេរិក ដូច​អ្វី​ដែល​សហភាព​អឺរ៉ុប កំពុងតែ​ពិចារណា​នោះ​ដែរ​៖ «រឿងនេះ​សំខាន់​ខ្លាំង​ណាស់​! សហរដ្ឋអាមេរិក ក៏​នឹង​ត្រូវ​យក​គំរូ​តាម​សហភាព​អឺរ៉ុប​ដែរ ដែល​កំពុង​ពិនិត្យមើល​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ពី​កម្ពុជា​នេះ​។ ខ្ញុំ​យល់ថា លោក ហ៊ុន សែន មិន​អាច​ស៊ូទ្រាំ​នឹង​សម្ពាធ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ទេ​។ យើង​គ្រោង​នឹង​ចាត់វិធានការ​បន្ថែម ក្នុង​រឿង​នេះ។ យើង​មិន​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ទេ​។ ប៉ុន្តែ យើង​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ មានការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌ និង មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ ជា​អកុសល ទោះជា​មានការ​បន្ទន់​ឥរិយាបថ​ខ្លះ​របស់​លោក ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ​ក្តី ក៏​ប្រជាធិបតេយ្យ នៅតែ​មិនទាន់​មាននៅ​កម្ពុជា»

សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ជា​បណ្តើរៗ​តាំងពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ចាប់ផ្ដើម​កើតឡើង​ពេញបន្ទុក ក្រោយ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​។ ទណ្ឌកម្ម​កន្លង​មក​រួម​មាន ការ​ផ្តាច់​ជំនួយ​ដែល​ធ្លាប់​ផ្ដល់​ឲ្យ គ..ប ការ​ផ្តាច់​ជំនួយ​ទាំងស្រុង លើកលែងតែ​ជំនួយ​មនុស្សធម៌ ការ​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​ក្នុង​ជួរ និង​នៅ​ក្រៅ​ជួរ​របប​នេះ រួម​ទាំង​សមាជិក​ក្រុម​គ្រួសារ​ពួកគេ​ផង។

ចុងក្រោយ​នេះ សភា​សហរដ្ឋអាមេរិក បាន​អនុម័ត​ជា​ឯក​ឆន្ទ ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​របប​លោក ហ៊ុន សែន បន្ថែម​ដោយ​រួម​ទាំង​ការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​ផង ទៅលើ​មន្ត្រី​របប​នេះ ដែល​បាន​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ច្បាប់​នេះ​ឈ្មោះថា ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៨​។ ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​។ លោក អាឡាន់ ឡូវែនថល បញ្ជាក់​ថា ច្បាប់​នឹង​ត្រូវ​ព្រឹទ្ធសភា យក​មក​ពិភាក្សា យ៉ាង​យូ​ត្រឹម ខែ​មករា ឆ្នាំ ២០១៩ ខាងមុខនេះ។ លោក​បន្ត​ថា ដោយសារតែ​ច្បាប់​នេះ និង​ចំណាត់ការ​របស់​សហ​ភាព​អឺរ៉ុប ទើប​របប​លោក ហ៊ុន សែន ចាប់ផ្ដើម​កែប្រែ​ខ្លះ​បែបនេះ។

ទោះជា​យ៉ាង​នេះ​ក្តី សមាជិកសភា​អាមេរិក​រូប​នេះ បញ្ជាក់​ថា សហរដ្ឋអាមេរិក​មិន​អាច​បន្ធូរដៃ​ចំពោះ​របប​លោក ហ៊ុន សែន បាន​ឡើយ ព្រោះ​អ្វី​ដែល​ជា​ការ​បន្ទន់​ឥរិយាបថ​ខ្លះ​នេះ នៅ​មាន​ភាព​ស្ដួចស្ដើង​ខ្លាំង​ណាស់៖ «នៅ​មានរឿង​ច្រើន​ណាស់ ដែល​របប​នេះ​ត្រូវ​ធ្វើ។ តែ​សំខាន់​បំផុត គឺ​ត្រូវតែ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ឲ្យ​លោក​មាន​សេរីភាព​ពេញលេញ មិនមែន​ដោះលែង​ពី​គុក យក​មក​ឃុំខ្លួន​ក្នុង​ផ្ទះ​ដូច​សព្វថ្ងៃ​នេះ​ទេ។ សំខាន់​ជាងនេះទៅទៀត ត្រូវ​ផ្ដល់​នីតិសម្បទា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​អាច​បើក​ដំណើរការ​ឡើងវិញ​ពេញលេញ ក្នុងនាម​ជា​គណបក្សប្រឆាំង​ស្របច្បាប់​ដូច​មុន»

សម្ពាធ​អន្តរជាតិ បាន​កើន​ឡើង​កាន់តែ​សន្ធាប់​លើ​របប​លោក ហ៊ុន សែន ក្រោយ​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា​ផ្សេងៗ និង​ការរៀបចំ​ការបោះឆ្នោត ដែល​រង​ការរិះគន់​ជុំ​ទិស​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន បាន​នៅឡើយ​ទេ កាលពី​យប់​ថ្ងៃ ព្រហស្បតិ៍ ទី​៦ ធ្នូ​។ ប៉ុន្តែ កន្លងមក​លោក ហ៊ុន សែន តែងតែ​អះអាង​ថា របប​លោក មិន​ឱន​ក្បាល​ចំពោះ​សម្ពាធ​អន្តរជាតិ​ទេ។ លោក​ថែមទាំង​អះអាង​ថ្មីៗ​នេះ ថាបើ​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន គឺ​មិនមែន​ដោយសារ​ជា​ទណ្ឌកម្ម ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​មកពី​កម្ពុជា​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្ពស់ ដែល​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប ត្រូវ​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ ទៅ​ឲ្យ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។

សារ​របស់​លោក ហ៊ុន សែន បែបនេះ រង​ការ​រិះគន់​ថា ធ្វើឡើង​គ្រាន់តែ​ជា​សារ​នយោបាយ ដើម្បី​រំងាប់​ចិត្ត​កម្មករ កុំ​ឲ្យ​ផ្ទុះ​ការ​តវ៉ា​ប៉ុណ្ណោះ ព្រោះ​ការពិត​ជាក់ស្ដែង កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​រស់​ដោយ​ខ្លួនឯង ដោយ​មិន​ពឹង​ពាក់​អន្តរជាតិ​នៅឡើយ​ទេ។

នៅមុន​ដំណាច់​ឆ្នាំ ២០១៨ នេះ របប​លោក ហ៊ុន សែន បាន​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​ដីធ្លី និង​ពន្លឿន​នីតិវិធី​តុលាការ ដើម្បី​បិទ​បញ្ចប់​រឿង​ក្តី​មេដឹកនាំ​សហជីព​កម្មករ បញ្ចេញ​សារ ដោយ​អះអាង​ថា បន្ទន់​ឥរិយាបថ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​ស៊ីវិល និង ប្រញាប់ប្រញាល់​រៀបចំ ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ ដែល​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ជាដើម។

ទោះជា​យ៉ាង​នេះ​ក្តី លោក អាឡាន់ ឡូវែនថល បញ្ជាក់​ថា សហរដ្ឋអាមេរិក​នឹង​នៅតែ​បន្ត​ឃ្លាំមើល​របប​លោក ហ៊ុន សែន យ៉ាង​យកចិត្តទុកដាក់ និង​បន្ត​ការ​ដាក់​សម្ពាធ​បន្ថែម រហូតដល់​ប្រទេស​កម្ពុជា មានការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល